បន្ទាយមានជ័យ ៖ កន្លងផុតបានមួយថ្ងៃក្រុមក្មេងទំនើងមួយក្រុមមានគ្នា២នាក់ជិះម៉ូតូដេញកាប់មួយក្រុមទៀតប្រតាយឲ្យយុវជនពីរនាក់រងរបួសធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ផ្អើលពលរដ្ឋនៅមុខវត្តភ្នំជញ្ជាំង សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យហើយរត់គេចខ្លួននោះ ត្រូវបានលោក សិទ្ធិ ឡោះស្នងការរងដឹកនាំកម្លាំងតាមការបញ្ជាផ្ទាល់ពីលោកស្នងការចាប់បាននៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៥ ខែធ្នូនេះតែម្តងនៅព្រំដែនកម្ពុជាថៃក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
យុវជនទំនើងទាំងពីរ ដែលត្រូវបានឃាត់ខ្លួនកំពុងត្រូវបាននាំខ្លួនទាំងយប់មកកាន់ស្នងការខេត្តដើម្បីសាកសួរ និងព្រឹកឡើងលោក អាត់ ខែម ស្នងការនគរបាលខេត្តនឹងធ្វើការបង្ហាញដល់អ្នកសារព័ត៌មាន។
សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន បានធ្វើសកម្មភាពកាប់ទៅលើឈ្មោះថា លី ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរជាច្រើនកាំបិតចំក្បាល និងឈ្មោះភិន លាន ភេទប្រុសអាយុ១៨ ឆ្នាំរងរបួសបែកភ្នែក ខាងស្តាំ។ អ្នកទាំង២ មានទីលំនៅ ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចអះអាងថា ជារឿងគំនុំស្នេហាត្រីកោណ ក្លាយជាទំនាស់ពាក្យសំដី ក្នុងបរិវេណតាំងពិព័រណ៍កម្ពុជា ថៃនៅវេទិកាខេត្តបន្ទាយមានជ័យ ហើយពេលជនរងគ្រោះវិលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនបង្កជិះម៉ូតូតាមកាប់តែម្តង។
ក្រោយកើតហេតុជនគ្រោះទាំងពីរត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី រីឯក្រុមជនបង្កបាន ផ្តួលម៉ូតូចោលហើយគេចខ្លួនបាត់ស្រមោលទើបត្រូវបានចាប់ខ្លួន៕
យុវជនទំនើងពីរនាក់ ដែលកាប់២នាក់ទៀតរបួសធ្ងន់ផ្អើលក្រុងសិរីសោភ័ណត្រូវបានចាប់ខ្លួន
0 Comments