Ad Code

អ្វីទៅ​ ជាអាទិទេពត្រីមូរតិហិណ្ឌូសម័យអង្គរ?

សិល្បៈ​បដិមា​តំណាង​អោយ​សម្ព័ន្ធ​ភាពជាទីសក្ការ​បូជា របស់ដូនតា​សម័យ​អង្គរ គឺការ​ផ្គុំ​ ឬជាការ​បំព្រួញ​នៃរូប​ចម្លាក់​អាទិទេព​ទាំងបី​អង្គ អោយ​ឋិត​នៅជាមួយគ្នា ឬនៅកៀកគ្នា ហៅថា ត្រីមូរតិហិណ្ឌូ។ តើត្រី​មូរតិហិណ្ឌូមានអាទិទេព​អង្គណាខ្លះ?


គ្រាន់តែ​ឃើញ​ចម្លាក់​បដិមា​ដែល​សិល្បករខ្មែរ​បាន​កសាងឡើង​រួមគ្នានៃ​អាទិទេព​សំខាន់ៗទាំងបី​អង្គនោះ​គឺ គេយល់ថា ជាសិល្ប៍វិធីដ៏សំខាន់​មួយនៃឧត្តម​គតិបុព្វបុរសខ្មែរក្នុង​ការបង្រួបបង្រួម​ជំនឿ​នៃសាសនា​ហិណ្ឌូអោយ​មូលត្រកូល​ជាមួយ​គ្នា ឬហៅថា ជាការ​បង្កើតនូវ​សាមគ្គីភាព​នៃហិណ្ឌូ​បរិស័ទពិតប្រាកដ។ មុននឹង​បង្ហាញ​អាទិទេព​នៃត្រីមូរតិ ហិណ្ឌូនេះ យើង​គប្បី​ុយល់ឃើញ​កាលពីគ្រា​បុរេអង្គរ​នោះមាន​បដិមា​មួយដ៏ល្បីល្បាញ​គឺការ​ផ្តុំអាទិទេព​២អង្គ​បង្កើតបាន​ជាអាទិទេព​តែមួយ​ហៅថា ព្រះហរិហរៈ។ បដិមា​នេះតំណាងអោយ​ព្រះភក្ត្រព្រះ​ឥសូរនៅខាងស្តាំ និង​ព្រះភក្ត្រព្រះនារាយណ៍នៅខាង​ឆ្វេង​។ នេះជា​បដិមា​តំណាងអោយ​ការរួបរួមរវាងព្រាហ្មណ៍បរិស័ទ​អោយមាន​ភាព​ជឿជាក់លើ​បដិមា​នៃព្រះ​អាទិទេពតែ​មួយជាមួយគ្នា។


ចំពោះ​សំណង់​ប្រាង្គ​ប្រាសាទវិញដែលមាន​ភាព​លេចធ្លោប្រកបដោយ​ភាពល្បីល្បាញ​ក្នុងការ​បង្រួប​បង្រួមជំនឿ​នោះគឺ ប្រាសាទបន្ទាយស្រីតែម្តង។ បាន​សេចក្តីប្រាង្គប្រាសាទ​ក្នុង​បរិវេណ​ប្រាសាទបន្ទាយ​ស្រីដែល​កសាងក្នុង​សតវត្សរ៍ទី១០ នោះមានប្រាង្គ​៣​សំខាន់គឺ ប្រាង្គខាង​ជើង​ជាមណ្ឌល​នៃការ​ធ្វើសក្ការ​បូជា​ដល់ព្រះនារាយណ៍,ប្រាង្គកណ្តាល​គឺជា មណ្ឌលនៃការ​ធ្វើ​សក្ការបូជាព្រះឥសូរ និងប្រាង្គ​ខាងត្បូង​ជាមណ្ឌល​នៃការធ្វើ​សក្ការបូជា​ព្រះព្រហ្ម។ ដូចនេះ​គឺបូជនីយដ្ឋាននៃ​ប្រាសាទបន្ទាយស្រីជាទី​ប្រជុំ​នៃនិកាយ​ទាំង​៣នៃ​សាសនាព្រាហ្មណ៍ ឬសាសនា​ហិណ្ឌូ។ ជាពិសេស​សាសនាព្រាហ្មណ៍ និងសាសនា​ហិណ្ឌូ គឺតែងមានអាទិទេពសំខាន់ៗទាំង​អង្គ​ដូចរៀប​រាប់​ខាងលើនេះដូចគ្នា។


ដូចនេះ​ចំពោះ​បដិមា​តំណាង​តាមបែប​បំព្រួញហៅ​ថា ត្រីមូរតិ ហិណ្ឌូដូចបានភ្ជាប់​រូបថត​មកជាមួយនឹង​អត្ថបទនេះ​ បាន​ដកស្រង់ចេញពី​ឯកសារ​ឈ្មោះថា “យើង​ទៅទស្សនា​សារមន្ទីរជាតិ” ទំព័រ២៣ បានអោយ​ដឹងថា មាន​ប្រភព​ពីខេត្ត​បាត់ដំបង កសាងឡើងចុង​សតវត្សរ៍ទី១០ ដែល​មានកម្ពស់​១០៦ស.ម មានន័យ​ថា ជាការ​ឆ្លាក់​ ឬសូន្យ​រូប៣នៅជាមួយគ្នា​ក្នុង​ផែននៃ​បល្ល័ង្ក​តែមួយ​។ ក្នុង​នោះ​គេបាន​ដឹងថា នៅកណ្តាល​មានមុខ​មនុស្ស​៥គឺ ជាតំណាងព្រះ​ភក្ត្រ​ព្រះឥសូរ ព្រោះ​គេឃើញ​ភ្នែក៣គឺភ្នែក​មួយនៅលើថ្ងាស និងមាន​ចំណិតព្រះច័ន្ទ​នៅលើ​ផ្នួងសក់។ ចំណែក​ឯចម្លាក់​នៅជាប់​ចំហៀង​ខាងស្តាំ​គឺតំណាង​ព្រះព្រហ្ម ព្រោះ​គេឃើញ​មនុស្ស​ម្នាក់មាន​មុខ៤។ រីឯចំហៀង​ខាង​ឆ្វេង​ជាប់​នឹងព្រះ​ឥសូរ​គឺព្រះ​នារាយណ៍តែបច្ចុប្ប​ន្ន​នេះបាត់​ព្រះកេស​ទៅហើយ​ដោយ​នៅ​សល់តែ​ដៃ៣​ប៉ុណ្ណោះ។


ចម្លាក់​អាទិទេព​ទាំង៣អង្គ​ឋិតនៅ​លើបល្ល័ង្ក​តែ​មួយនេះ​គេហៅថា ត្រីមូរតិ ហិណ្ឌូ​ដែល​សិល្បករ​ខ្មែរ​បានកសាងឡើង​ក្នុងវត្ថុបំណងនៃ​ការគោរព​ឬធ្វើ​សក្ការ​បូជា​ក្នុងទីតែមួយ​ ឬក្នុង​ពេលតែមួយ​និងជា​អាទិទេព​រួមគ្នា។ ការរួបរួមនៃ​បដិមាតំណាង​អាទិទេព​ទាំង​៣ក៏មាន​ន័យថា ជា​សម្ព័ន្ធ​ ភាពនៃជំនឿ​ដ៏ពិសិដ្ឋបំផុតក្នុង​សង្គមខ្មែរ​ក្នុងចុងសតវត្សរ៍ទី១០ នៃ​គ្រិស្តសករាជ។ ចំពោះ​ឧត្តម​គតិដូនតាក្នុង​ការសាង​សង់ប្រាសាទ​បន្ទាយស្រី​ និងចម្លាក់​តំណាង​ត្រីមូរតិ ហិណ្ឌូនេះ​សុទ្ធតែ​ឋិត​នៅ​ពេលខាងចុង​សតវត្សរ៍ទី១០​ដូចគ្នា។


សុរប​សេចក្តី​មកទាំង​មរតកនៃ​ប្រាសាទ​បន្ទាយស្រី​និង​បដិមា​ត្រីមូរតិនេះ​តែង​មានអត្ថន័យ​ដូចគ្នា​គឺជាការ​សង្ខេប​ដោយ​បំព្រួញ​ខ្លីនៃ​អាទិទេព​ដ៏ស័ក្តិសិទ្ធិ​ក្នុង​សាសនា​ព្រាហ្មណ៍​និង​ហិណ្ឌូសាសនាក្នុងការ​ជួយ​ថែរក្សា​ទឹកដី​ និងមនុស្ស​ជាតិ​នៃសង្គមខ្មែរ​អោយ​ជួប​តែ​សេចក្តី​សុខ​ចម្រើន​មាន​វឌ្ឍនភាព​ព្រមទាំង​សិរី​មង្គល​តរៀងទៅ៕


 



អ្វីទៅ​ ជាអាទិទេពត្រីមូរតិហិណ្ឌូសម័យអង្គរ?

Post a Comment

0 Comments

Close Menu