ភ្នំពេញ ៖ អ្នកជំងឺជនជាតិខ្មែរម្នាក់ បានឆ្លងកាត់គ្រោះថ្នាក់ដល់ជីវិត ហើយរស់រានមានជីវិតវិញហើយដោយសារក្រុមគ្រូពេទ្យជំនាញវះកាត់របស់មន្ទីរពេទ្យជោរៃភ្នំពេញជួយសង្គ្រោះទាន់ពេលវេលាក្នុងពេលដែលក្រុមគ្រួសារអស់សង្ឃឹមទៅហើយនោះ។
បើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ង្វៀន ទ្រីធឹក ប្រធានមន្ទីរពេទ្យជោរៃភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ថា នេះគឺជាករណីជំងឺធ្ងន់ធ្ងរប្រឈមនឹងសេចក្ដីស្លាប់ខ្ពស់នៅក្នុងអំឡុងពេលវះកាត់ និងក្រោយវះកាត់ ដោយសារអ្នកជំងឺមានជំងឺរ៉ាំរ៉ៃជាច្រើនរួមផ្សំដូចជា អ្នកជំងឺដាក់ប្រឹសបេះដូងសិប្បនិម្មិត បាននិងកំពុងប្រើថ្នាំប្រឆាំងការកកឈាម មានជំងឺខ្សោយបេះដូងកម្រិត៣ មានជំងឺទឹកនោមផ្អែមប្រភេទ២ មានជំងឺរលាកសួត មានជំងឺលើសសម្ពាធឈាម មានជំងឺលើសសម្ពាធឈាមអាទែរសួតធ្ងន់ធ្ងរ PAPs 120 mmHg។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អ្នកជំងឺដែលឆ្លងផុតគ្រោះថ្នាក់នោះមានឈ្មោះ ហ.ក ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅទីក្រុងភ្នំពេញ ត្រូវបានបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យជោរៃភ្នំពេញ ជាមួយនឹងរោគសញ្ញាឈឺចាប់នៅតំបន់ក្រោមឆ្អឹងជំនីរខាងស្តាំ ហើមពោះ ក្អួត និងពិបាកដក
ដង្ហើមកាលពី៣សប្ដាហ៍ថ្មីៗនេះ។
ក្រោយពេលពិនិត្យ និងធ្វើតេស្តពិសោធន៍ឈាម ថតអេកូ និងថតស្កានែរពោះ…ក្រុមវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថា “រលាកថង់ប្រមាត់ស្រួច ដោយសារគ្រួសបង្កឡើង និងមានសញ្ញាជ្រាបទឹកប្រមាត់ស្រោមពោះ” ជាងនេះទៅទៀត អ្នកជំងឺមានជំងឺរ៉ាំរ៉ៃជាច្រើនរួមផ្សំដូចជា អ្នកជំងឺមានដាក់ប្រឹសបេះដូងសិប្បនិម្មិត និងមានប្រើថ្នាំប្រឆាំងការកកឈាម ខ្សោយបេះដូងកម្រិត៣ ជំងឺទឹកនោមផ្អែមប្រភេទ២ រលាកសួត ជំងឺលើសសម្ពាធឈាម ជំងឺលើសសម្ពាធឈាមអាទែរសួត PAPs 120 mmHg ដែលប្រឈមមុខនឹងការស្លាប់ខ្ពស់។
នៅក្នុងករណីបែបនេះ ក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើនរបស់មន្ទីរពេទ្យជោរៃបានប្រជុំពិគ្រោះយោបល់អន្តរជំនាញជាមួយវេជ្ជបណ្ឌិតឯកទេសវៀតណាមមកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ មានជាអាទិ៍ វេជ្ជបណ្ឌិតឯកទេសវះកាត់ វេជ្ជបណ្ឌិតឯកទេសបេះដូង វេជ្ជបណ្ឌិតឯកទេសផ្លូវដង្ហើម វេជ្ជបណ្ឌិតឯកទេសដាក់ថ្នាំសណ្ដំ វេជ្ជបណ្ឌិតឯកទេសសង្គ្រោះជំងឺធ្ងន់(ICU) វេជ្ជបណ្ឌិតឯកទេសជំងឺក្រពេញ-ទឹកនោមផ្អែម វេជ្ជបណ្ឌិតឯកទេសលោហិតសាស្ត្រ…..បានសម្រេចចិត្តធ្វើការវះកាត់បន្ទាន់ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។
លោកវេជ្ជបណ្ឌិតបញ្ជាក់បន្តថា ការវះកាត់បានប្រព្រឹត្តទៅអស់រយៈពេល២ម៉ោង ជាមួយនឹងលទ្ធផលគួរជាទីពេញចិត្ត ក្រោយពេលវះកាត់អ្នកជំងឺមានសភាពល្អប្រសើរ។
ក្រុមវេជ្ជបណ្ឌិតគ្រប់ឯកទេសពាក់ព័ន្ធបានសហការតាមដានអ្នកជំងឺនេះដោយយកចិត្តទុកដាក់រាល់ថ្ងៃហើយ ក្រោយសម្រាកនៅមន្ទីរពេទ្យជោរៃភ្នំពេញ២សប្ដាហ៍ អ្នកជំងឺបានធូរស្បើយ និងចេញពីមន្ទីរពេទ្យជាមួយទឹកចិត្តរីករាយ ជាមួយក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងក្រុមវេជ្ជបណ្ឌិតថែទាំព្យាបាលដោយផ្ទាល់។
ក្រុមគ្រូពេទ្យជំនាញមានជំនឿជឿជាក់យ៉ាងមុតមាំថានេះ គឺជាជោគជ័យមួយយ៉ាងធំធេង ដោយសារមានការសហការអន្តរឯកទេសកម្រិតខ្ពស់ចូលរួមពិនិត្យ និងព្យាបាលជូនអ្នកជំងឺ និងក៏ជាការស្តែងឡើងនូវសក្ដានុពលនៃមន្ទីរពេទ្យជោរៃភ្នំពេញ ជានិច្ចកាលមានការគាំទ្រទាំងស្មារតី និងបច្ចេកទេសពីវេជ្ជបណ្ឌិតគ្រប់ឯកទេសនៃមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញផងដែរក្នុងការជួយការពារព្យាបាល និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ៕
គ្រូពេទ្យជំនាញវះកាត់ បានសង្គ្រោះជីវិតអ្នកជំងឺម្នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងពេលក្រុមគ្រួសារអស់សង្ឃឹម

0 Comments