ភ្នំពេញ ៖ នេះជាលើកដំបូងហើយដែលតារាសំដែង ចម្រៀង និងជាពិធីករលោកអ៊ឹម ជីវ៉ាបានធ្វើពិធីខួបកំណើតរបស់ខ្លួនក្រោយពេលចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ គេសង្កេតឃើញថា ក្នុងថ្ងៃខួបកំណើតរបស់តារាសិល្បៈអ៊ឹម ជីវ៉ាដែលបានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន Vfrieds ម្តុំក្បែរផ្សារដេប៉ូនារាត្រីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៥នេះដែររួមមានវត្តមានលោកជំទាវទេព រង្សីកាញារីទ្ធ ឧកញ៉ាអ៊ូ ឆាយ ឧកញ៉ាទុំ សារុតហៅឃ្លោក លោកតូច សារ៉េតមន្ត្រីក្រសួងព័ត៌មានព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសិល្បៈប្រុសស្រីល្បីៗជាច្រើនដួងចូលរួមយ៉ាងច្រើនកុះករលើសពីការគ្រោងទុក។
តារាសំដែង ចម្រៀងនិងពិធីករលោកអ៊ឹម ជីវ៉ាបាននិយាយថា តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈអស់ រយៈពេលជាច្រើនឆ្នាំមកនេះលោកមិនដែលប្រារព្ធ ធ្វើពិធីខួបកំណើតក្នុងលក្ខណៈធំដុំដូចថ្ងៃនេះទេ ពោលគឺលោកធ្លាប់តែធ្វើជាលក្ខណៈតូចតាមក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ។ លោកមានអារម្មណ៍ថា ដូចជារំភើបនិងសប្បាយរីករាយខ្លាំងណាស់ នៅពេលឃើញភ្ញៀវកិត្តិយសនិងអ្នកសិល្បៈអញ្ជើញចូលរួមច្រើន បើទោះបីជាមិត្តភក្តិសិល្បៈនិងភ្ញៀវកិត្តិយសមួយចំនួនតូចត្រូវបានលោកគោរពអញ្ជើញតាមទូរស័ព្ទក្តី។ អ៊ឹម ជីវ៉ានិយាយបន្តថា តាមគម្រោងគឺលោករៀបចំឡើងតែ១៥តុនោះទេ តែដោយសារភ្ញៀវមកចូលរួមច្រើនលោកក៏បានត្រៀមភោជនាហារ១០តុបន្ថែមទៀតសម្រាប់ទទួលពួកគាត់ឲ្យបានសមរម្យ។
លោកអ៊ឹម ជីវ៉ាដែលមហាជនទូទៅស្គាល់ថា ជាតារាសិល្បៈមួយរូបមានសកម្មភាពផុលផុសខាងការងារមនុស្សធម៌សង្គមនោះបាននិយាយបញ្ជាក់ថា លោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជជាទីបំផុតចំពោះលោកជំទាវទេព រង្សីកាញារីទ្ធ ដែលលោកជំទាវបានចំណាយពេលវេលាដ៏មមាញឹកនិងមានតម្លៃអញ្ជើញមកចូលរួមក្នុងកម្មវិធីខួបកំណើតរបស់លោក ព្រមទាំងលោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងមិត្តភក្តិរួមអាជីពក្នុងវិស័យសិល្បៈទាំងអស់ផងដែរ៕
ពិធីខួបកំណើត អ៊ឹម ជីវ៉ា មានអ្នកចូលរួមលើសចំនួនគ្រោងទុក




0 Comments