ក្រុម Roma បានជ្រុះចេញពីការប្រកួត Italian Cup កាលពីថ្ងៃពុធ ខណៈដែលក្រុម Spezia ដែលលេងនៅក្របខណ្ឌបាល់ទាត់ទី ២ ធ្វើបានយ៉ាងអស្ចារ្យបំផុត ដើម្បីរកបានកៅអីលេងរបស់ខ្លួន នៅវគ្គ ១ ភាគ ៤ ផ្តាច់ព្រ័ត្រជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។
ដោយឡែក ក្រុម Fiorentina ដែលបច្ចុប្បន្នកំពុងឈរនៅលេខ ២ នៅលើតារាង Serie A នោះ បានយកឈ្នះក្រុម Carpi ១-០ ដោយសារគ្រាប់បាល់របស់កីឡាករ Antonio Di Gaudio នៅនាទី៧៦។
អំឡុងការប្រកួតរបស់ក្រុម Roma វិញ ក្រោយម៉ោងបន្ថែម ២ លើក នៅមិនអាចរកគ្រាប់បាល់ណាមួយនោះ ខ្សែ Miralem Pjanic និងខ្សែប្រយុទ្ធ Edin Dzeko ស៊ុតបាល់បានត្រឹមប៉ផិតរបារទីប៉ុណ្ណោះ ខណៈដែលក្រុមភ្ញៀវ ដែលលេងនៅក្របខណ្ឌ Serie B បានធ្វើការនាំមុខមុនពីការស៊ុតបាល់កាត់សេចក្តីនេះ។
បន្ទាប់ខ្សែបម្រើសញ្ជាតិអ៊ីតាលី Daniele De Rossi និងខ្សែការពារស្លាបឆ្វេងបារាំង Lucas Digne ធ្វើបានសម្រេចវិញជាមួយនឹងការស៊ុតផុតដៃអ្នកចាំទី Leandro Chichizola របស់ក្រុម Spezia។
តែយ៉ាងណាក៏ដោយ វាហាក់ដូចជាយឺតពេលបន្តិចទៅហើយ នៅពេលដែលក្រុមភ្ញៀវ បានធ្វើការនាំមុខមុន ៤-២ រួចទៅហើយ ដើម្បីរកបានឱកាសលេងជាមួយក្រុម Alessandria នៅវគ្គ ១ ភាគ ៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ។
រយៈពេល ២ សប្តាហ៍ ក្រោយពេលបញ្ចប់ជោគវាសនារបស់ក្រុម Palermo ជាមួយនឹងជ័យជម្នះ ៣-២ នៅក្នុងទីក្រុង Sicily ក្រុម Alessandria បានបង្អាក់ដំណើររបស់ក្រុម Genoa នៃការឈានមកដល់ការប្រកួតមួយនេះ កាលពីថ្ងៃអង្គារ ដោយសារគ្រាប់បាល់នៅនាទី ១១៣ ធ្វើឲ្យក្រុមលេងនៅក្របខណ្ឌទី ៣ របស់អ៊ីតាលីមួយនេះ រកបានជ័យជម្នះរបស់ខ្លួន ២-១។
ខណៈនោះដែរ ក្រុម Inter Milan ក៏មានឱកាសឆ្លងផុតផងដែរ កាលពីថ្ងៃអង្គារ ជាមួយនឹងជ័យជម្នះ ៣-០ លើក្រុម Cagliari ហើយក្រុមមួយនេះ នឹងត្រូវប៉ះជាមួយក្រុម ដែលឈ្នះការប្រកួតរវាងក្រុម Napoli និងក្រុម Verona៕
ក្រុម Spezia បានទម្លាក់ក្រុមជើងខ្លាំង Roma ចេញពីការប្រកួត Italian Cup
0 Comments