កំពង់ឆ្នាំង ៖ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបាននិយាយឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះថា តាមរបាយការណ៍បូកសរុបការងារទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ២០១៥ មានភ្ញៀវទេសចរបរទេសជិះកប៉ាល់មកកម្សាន្តចំនួន១៤.៦០២នាក់ និងមកស្នាក់នៅក្នុងខេត្តចំនួន៣.៣៩៤នាក់ សរុបចំនួន១៧.៩៩៦នាក់ ដោយឡែកភ្ញៀវទេសចរជាតិវិញមកស្នាក់នៅលេងកម្សាន្តមានចំនួន២២.១៥៨នាក់។
លោកបានឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ នៅក្នុងអំឡុងត្រីមាសទី៤ចុងឆ្នាំ ភ្ញៀវទេសចរអន្តជាតិតែងតែជិះកប៉ាល់មកកម្សាន្តលេង នៅក្នុងខេត្តកំពង់ឆ្នាំង តំបន់ទេសចរណ៍ ដែលភ្ញៀវបរទេសនិយមចូលចិត្តមកលេងកម្សាន្តនោះមាន ការជិះកាណូតតូចៗដើរកម្សាន្ត មើលជីវភាពរស់នៅរបស់ប្រជាពល
រដ្ឋតាមផ្ទះបណ្ដែតទឹក ( ថ្លៃសេវាកាណូតទេសចរណ៍ដឹកភ្ញៀវដើរលេង ក្នុង១ម៉ោងពី២០ដុល្លារ ទៅ៣០ដុល្លារ តាមកាណូតធំ ឬតូច ) ដើរកម្សាន្តមានមាត់ទន្លេផ្សារក្រោម មើលអ្នកភូមិអណ្ដូងឫស្សីធ្វើក្អមឆ្នាំង ធ្វើវត្ថុអនុស្សាវរីយ៍អំពីដីឥដ្ឋ និងទៅមើលការឡើងត្នោតរបស់ប្រជាកសិករខ្មែរ។ ដោយឡែកនៅស្រុកកំពង់ត្រឡាចភ្ញៀវបរទេសនិយមជិះរទេះគោទេសចរណ៍ ទៅមើលវត្តកំពង់ត្រឡាចក្រោមដែលមានក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ ដែលនៅសល់ពីបូរាណ។
លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ឲ្យដឹងទៀតថា ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍២១ កន្លែង ក្នុងនោះមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ១០កន្លែង និងតំបន់ទេសចរណ៍ធម្មជាតិ១១កន្លែង សេវាកម្មបម្រើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្ត ដែលមានអាជ្ញាប័ណ្ណរួមមាន សណ្ឋាគារចំនួន៨កន្លែង ក្នុងនោះមានខ្នាតផ្កាយ១ចំនួន២កន្លែង មានបន្ទប់គេងចំនួន២២៤បន្ទប់ , មានផ្ទះសំណាក់ចំនួន២០កន្លែង មានបន្ទប់គេង២៧៤បន្ទប់ , អាហារដ្ឋាន និងភោជនីយដ្ឋានមាន៣៨កន្លែង មានកៅអី ១.៤២២កៅអី , ឌីស្កូតែកមាន២កន្លែង មានកៅអី១៦០កៅអី , បៀរហ្គាឌិនមាន១កន្លែង មានកៅអី៦០កៅអី , ខារ៉ាអូខេមាន៧កន្លែង មាន៤៧បន្ទប់ និងមានកាណូតទេសចរណ៍ចំនួន៦គ្រឿង។
កន្លងមកនៅក្នុងឆ្នាំ២០១៥ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត បានចុះអប់រំណែនាំជាប្រចាំ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ខារ៉ាអូខេ ក្លិបកម្សាន្ត ឲ្យយកចិត្តទុកដាក់ធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវ ដោយស្លៀកពាក់ឲ្យបានសមរម្យ និងធ្វើអនាម័យបានល្អ។ នៅក្នុងឆ្នាំ២០១៥នេះដែរ មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយម្ចាស់ជំនួយប្រទេសអាល្លឺម៉ង់បោះពុម្ពសៀវភៅផ្នត់ទាក់ទងនឹងវិស័យទេសចរណ៍ក្នុងខេត្តបានចំនួន២ពាន់ក្បាល ចែកជូនភ្ញៀវជាតិ ភ្ញៀវអន្តជាតិ ដើម្បីផ្សព្វផ្សាយអំពីព័ត៌មានទេសចរណ៍ នៅក្នុងខេត្តឲ្យបានទូលំទូលាយច្រើនថែមទៀត។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏សូមអំពាវនាវផងដែរដល់ម្ចាស់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ សូមចូលរួមក្នុងចលនាប្រឡងប្រណាំងថ្នាក់ជាតិ នៅក្នុងទិសស្លោក « ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ » ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរអន្តជាតិ ឲ្យមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំងឲ្យបានច្រើន គឺនឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋយើងបានធូរធារ៕
នៅក្នុងឆ្នាំ២០១៥ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរបានមកជិះកប៉ាល់ ទស្សនា និងស្នាក់នៅ មានចំនួន១៧.៩៩៦នាក់
0 Comments