Ad Code

ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អន្លង់វែង កំពុង​ព្រួយបារម្ភ​ពី​សុខភាព សុវត្ថិភាព ដែល​ក្រុមហ៊ុន​មួយ​​បើក​ទីតាំង​ភ្នាល់​កាំជ្រួច

ឧត្តរមានជ័យ ​៖ ​ប្រជាពលរដ្ឋ​ដែល​មាន​ភូមិ​នៅ​ជាប់​ជើងភ្នំ​ដងរែក នៅក្នុង​ភូមិសាស្ត្រ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ស្រុក​អន្លង់វែងកំពុង​ជួប​នូវ​បញ្ហា​សុខភាព ដែល​ជា​ទុក្ខ​ព្រួយ​ប្រចាំជីវិត​របស់​ពួកគាត់ ដោយ​សា​ ក្រុម​ផល​សាម៉ន​ខេមរៈ​អភិវឌ្ឍន៍​ បាន​យក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រទេសជាតិ ! មក​បើក​ល្បែង ​(​បាញ់​កាំជ្រួច ប្រភេទ​ចម្ងាយ ! ភ្នាល់​ចាក់​លុយ ) នៅ​លើ​ខ្នងភ្នំ​ចំណុច​ជាំ​សា​ង៉ាំ ជ្រកកោន​ក្រោម​អាជ្ញាប័ណ្ណ​ក្រសួង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ធ្លាក់​ទៅលើ​លំនៅ​ដ្ឋាន​របស់​ពួកគាត់​ទៀត​ផង។​


ប្រជាពលរដ្ឋ​បាន​និយាយ​ថា រៀងរាល់ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ពួកគាត់​មិន​ហ៊ាន​ចេញពីផ្ទះ ទៅ​ចម្ការ ដើម្បី​ដក​ដំឡូង​មី ឬ​ទៅណា​បាន​នោះ​ទេ ព្រោះតែ​ខ្លាច​សំបក​កាំជ្រួច ដែល​បាញ់​ភ្នាល់​គ្នា​នៅ​លើ​ភ្នំ​ធ្លាក់​ចំ អាច​បណ្ដាល​ឲ្យ​ពួកគាត់ គ្រោះថ្នាក់​ដល់​អាយុជីវិត ព្រោះ​កន្លងមក​សំបក​កាំជ្រួច​ទាំ​ង​នោះ បាន​ធ្លាក់​ទៅលើ​លំនៅ​ដ្ឋាន ដីចម្ការ​ពួក គាត់​ញឹកញាប់​ណាស់ សំបក​កាំជ្រួច​ទាំងនោះ​វា​ជា​ប្រភេទ​បំពង់​ទីប​ជ័រ និង​ដើម​ឫស្សី ដែល​មាន​ប្រវែង​ពី ៥ ទៅ ៦​ម៉ែត្រ អាច​ឆក់​យក​ជីវិត​មនុស្ស​បាន​យ៉ាង​ងាយ។


ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា កន្លងមក​ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ជា​ញឹកញយ​ផង​ដែរ ក៏ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​និយាយ​ថា បើ​មាន​ប៉ះពាល់​អ្វី​ខាង​ក្រុមហ៊ុន​ធានា​សង​ទាំងអស់។​



ប្រជាពលរដ្ឋ​បន្ថែម​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​មួយ​នេះ​​បើក​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​គ្នា នៅ​លើ​ខ្នងភ្នំ​ដង​រែក រហូត​មក​ដល់ពេល​នេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ កន្លងមក​ពួកគាត់​ស្រូប​យក​ខ្យល់អាកាស​ផ្សែង​ធម្មជាតិ​កាំជ្រួច​របស់​ក្រុម​ហ៊ុន​មួយ​នេះ រហូត​មាន​ជំងឺ​ផ្សេងៗ​ទៀត​ផង ជាពិសេស​ក្មេង​តូចៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​នោះ។​


លោក ហោ ជិន​វីរៈ​យុទ្ធ អភិបាលស្រុក​អន្លង់វែង​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​បើក​ល្បែង​បាញ់ កាំជ្រួច​ភ្នាល់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ លោក​បាន​ជ្រាប​ជា​តំណឹង​ហើយ ព្រោះ​កន្លង​មក​នេះ​មាន​ប្រជា​ពលរដ្ឋ​មក​ធ្វើការ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​សង​ថ្លៃ​ខូចខាត ដែល​កាំជ្រួច​បាន​ធ្លាក់​ទៅលើ​លំនៅ​ដ្ឋាន និង​ផល​ស្រែ​ចម្ការ​របស់​ពួក​គាត់។ លោក​អភិបាលស្រុក​បញ្ជាក់​ថា ចំពោះ​ក្រុមហ៊ុន​ខាងលើ​បើក​ទីតាំ​ង​បាញ់​កាំជ្រួច​ភ្នាល់​មួយ​នេះ​គឺ​មាន អាជ្ញាប័ណ្ណ​គ្រប់គ្រាន់​ចេញ​ដោយ​ក្រសួង ម្យ៉ាងទៀត​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​អគ្គស្នងការ។​



តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ទីតាំង​បាញ់​កាំជ្រួច​ភ្នាល់ ភ្នាល់​ចាក់​លុយ​ខាងលើ បាន​លក់​សំបុត្រ​ឲ្យ​អតិថិជន​ជា​អ្នក​ភ្នាល់​ល្បែង​ក្នុង​ម្នាក់ៗ ៥០០ ប្រាំ​រយ​បាត (​ថៃ​) ស្មើ​នឹង​ប្រាក់​ជាង ៥ ម៉ឺន​រៀល​ អតិថិជន​ទាំង​នោះ​មាន​កម្ពុជា និង​ជនជាតិ​ថៃ​រាប់​រយ​នាក់ ព្រមទាំង​ព្រះសង្ឃ​ថៃ​ទៀត​ផង។ ប្រភព​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​បើក​ឲ្យ​លេងល្បែង​បាញ់​កាំជ្រួច​ភ្នាល់​ខាងលើ នៅក្នុង​ប្រទេស​ថៃ គេ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​លេង​នោះ​ទេ ព្រោះ​គេ​ចាត់ទុកថា ជា​ល្បែង​គ្រោះថ្នាក់ ដល់​អាយុជីវិត​មនុស្ស​ និង​ផ្សែង​កាំជ្រួច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ៕


14-1-2016f


14-1-2016f1



ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អន្លង់វែង កំពុង​ព្រួយបារម្ភ​ពី​សុខភាព សុវត្ថិភាព ដែល​ក្រុមហ៊ុន​មួយ​​បើក​ទីតាំង​ភ្នាល់​កាំជ្រួច

Post a Comment

0 Comments

Close Menu