កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចោទប្រកាន់ចំពោះក្រុមអ្នករិះគន់ ដែលបានប្រៀបធៀបការ ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមទៅនឹងសង្គ្រាមលោកលើកទីបី។
លោក អូបាម៉ា ដែលនឹងចាកចេញពីតំណែងនៅឆ្នាំក្រោយនេះបានឲ្យដឹងថា វាជាការប្រឌិតចំពោះការប្រកាសថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងការធ្លាក់ចុះសេដ្ឋកិច្ច ឬចុះខ្សោយនៅលើឆាកអន្តរជាតិ បើទោះជាមានវោហារសាស្ត្រពីបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ដើម្បីជំនួសលោក នៅក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកាក៏ដោយ។
លោក អូបាម៉ា បានលើកឡើងថា ក្រុមរដ្ឋឥស្លាមបានបង្កគ្រោះថ្នាក់យ៉ាងច្រើនលើជនស៊ីវិល ហើយត្រូវតែបញ្ឈប់។ ប៉ុន្តែពួកគេមិនបានគំរាមកំហែងជីវិតជាតិរបស់យើងទេ។
ការកត់សម្គាល់នេះគឺជាការច្រានចោលការលើកឡើងរបស់គណបក្សសាធារណរដ្ឋ ដែលបានរិះគន់ពីយុទ្ធសាស្ត្ររបស់លោកប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ខណៈដែលបេក្ខជនឈានមុខតំណែងប្រធានាធិបតី លោក Donald Trump បានអំពាវនាវឲ្យមានការផ្អាកជាបណ្ដោះអាសន្នមិនឲ្យជនមូស្លីមចូលក្នុងសហរដ្ឋអាមេរិក។
ការថ្លែងរបស់ លោក អូបាម៉ា បានធ្វើឡើង នៅពេលដែលនាវិក ១០ នាក់ នៅលើនាវារបស់កងទ័ពជើងទឹកអាមេរិកចំនួនពីរគ្រឿង ត្រូវបាននាំយកទៅកាន់មន្ទីរឃុំឃាំងរបស់អ៊ីរ៉ង់។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ប្រទេសអ៊ីរ៉ង់បានប្រាប់សហរដ្ឋអាមេរិកថា សមាជិកនាវិកនឹងត្រឡប់ទៅវិញ “ភ្លាម” ។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យសមាជិកគណបក្សសាធារណរដ្ឋរិះគន់បន្ថែមទៀត ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ លោក អូបាម៉ា ជាមួយនឹងទីក្រុងតេរ៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ លោក អូបាម៉ា មិនបានដោះស្រាយបញ្ហានេះចំពោះការថ្លែងសុន្ទរកថានៅសភាទេ។
គួរបញ្ជាក់ថា ការថ្លែងសុន្ទរកថានេះ គឺជាឱកាសមួយ ដែល លោក អូបាម៉ា នៅសេសសល់ ដើម្បីទាញយកការយកចិត្តទុកដាក់ពីជនជាតិអាមេរិករាប់លាននាក់ នៅមុនពេលការបោះឆ្នោត ខែវិច្ឆិកាដើម្បីរកប្រធានាធិបតីថ្មី ដែលនឹងត្រូវឡើងកាន់តំណែងនៅខែមករាក្រោយ៕
Reuters
លោក អូបាម៉ា៖ ការប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម មិនមែនសង្គ្រាមលោកលើកទីបីទេ
0 Comments