តាមការសិក្សាស្រាវជ្រាវមួយ នៅសហរដ្ឋអាមេរិកបានផ្ដល់ជាយោបល់ថា បន្ទាប់ពីពេលទើបនឹងរលូតកូនក្នុងផ្ទៃភ្លាមៗនោះ គូស្វាមីភរិយា ដែលព្យាយាមចង់ឲ្យមានការតាំងគភ៌ជាថ្មីឡើងវិញ ក្នុងរយៈពេល៣ ខែ ពិតជាទទួលជោគជ័យ លើសពីអ្នក ដែលត្រូវបង្អង់រង់ចាំរយៈពេលយូរជាងនេះ។
ក្រុមអ្នកស្រាវជ្រាវបានតាមដានគូស្រករប្ដីប្រពន្ធដល់ទៅជិត ១,០០០គូ បន្ទាប់ពីពួកគាត់ទើបរលូតកូនភ្លាមៗ និងបានឃើញថា ស្ដ្រីទាំងឡាយ ដែលបានចាប់ផ្ដើមព្យាយាមតាំងគភ៌ជាថ្មីក្នុងរយៈពេល ៣ខែ នឹងទទួលបានជោគជ័យ ក្នុងការមានបុត្រធីតារហូតដល់ទៅ ៧១ ភាគរយ បើប្រៀបធៀបទៅនឹងគូស្វាមីភរិយា ដែលចេះតែពន្យារពេលយ៉ាងយូរដើម្បីព្យាយាមធ្វើឲ្យមានបុត្រតទៅទៀតនោះ។
បណ្ដាគូស្រករដល់ទៅ ៧៦៥ គូ ដែលបានចាប់ផ្ដើមព្យាយាមឲ្យមានការតាំងគភ៌ជាថ្មីក្នុងរយៈពេលត្រឹម ៣ ខែ មានដល់ទៅ ៧៧ ភាគរយ ដែលទទួលបានជោគជ័យក្នុងការមានបុត្រធីតា។ ចំនួននេះគឺមានកម្រិតខ្ពស់ បើប្រៀបទៅនឹងប្ដីប្រពន្ធ ២៣៣ គូផ្សេងទៀត ដែលមានអត្រាត្រឹមតែ ២៣ ភាគរយតែប៉ុណ្ណោះក្នុងការមានបុត្រនោះ ព្រោះពួកគេរង់ចាំពេលវេលាយូរពេក។
ការពិសោធស្រាវជ្រាវដោយលោកស្រី Schisterman ដែលជាគ្រូពេទ្យផ្នែករោគរាតត្បាត នៅឯវិទ្យាស្ថានជាតិអភិវឌ្ឍមនុស្ស និងសុខភាពកុមារ Eunice Kennedy Shriver នៅក្រុង Rockville នៃរដ្ឋ Maryland បានលើកឡើងថា ចំពោះក្រុមស្ដ្រីទាំងឡាយណា ដែលមានបញ្ហារលូតកូនក្នុងផ្ទៃ ប៉ុន្ដែមិនមានករណីស្មុគស្មាញខ្លាំងក្លាយ៉ាងណានោះ តាមទិន្នន័យរបស់យើងខ្ញុំបានបង្ហាញថា មិនមានមូលដ្ឋានដើម្បីពន្យារពេល ក្នុងការព្យាយាមតាំងគភ៌ជាថ្មីឡើងវិញនោះឡើយ។
ចំនួនស្ទើរតែពាក់កណ្ដាល (បើគិតជាមធ្យម) នៃស្ដ្រី ដែលមានបញ្ហារលូតកូន នៅសហរដ្ឋអាមេរិក មានអាយុប្រមាណ ២៩ ឆ្នាំ និងស្វាមីអាយុ ៣០ ឆ្នាំ ហើយភាគច្រើនគឺជាជនស្បែកសរៀបការរួច ដែលមានការសិក្សាយ៉ាងហោចត្រឹមមធ្យមសិក្សា។ ស្ដ្រីទាំងនោះបានជួបនឹងគ្រោះថ្នាក់រលូតកូនក្នុងផ្ទៃដែលមានអាយុឈានដល់សប្ដាហ៍ទី ៨ ទៅសប្ដាហ៍ទី ១៣ ហើយមានដល់ទៅ ៤៤ ភាគរយធ្លាប់ទទួលរងបទពិសោធន៍រលូតកូនមុនអាយុបាន ៨ សប្ដាហ៍។ ការបាត់បង់គភ៌នោះតែងតែកើតមានក្នុងអំឡុងពេលត្រីមាសទីមួយនៃការតាំងគភ៌។ នៅក្នុងចន្លោះពេល ដែលមានវដ្ដរដូវដល់ទៅ ៦ លើក បន្ទាប់ពីរលូតកូនក្នុងផ្ទៃនោះ គូស្វាមីភរិយាចំនួន ៦៤៤ គូ ទទួលជោគជ័យក្នុងការតាំងគភ៌ជាថ្មីឡើងវិញ។ ក្នុងនោះមាន ៤៩១ គូមានបុត្រធីតា ដែលភាគច្រើនប្រសូតមកគ្រប់ខែ ពោលគឺមានតែ ២២ករណីប៉ុណ្ណោះ ដែលប្រសូតមកមុនកាលកំណត់(មិនគ្រប់ខែ)៕
Reuters
បន្ទាប់ពីរលូតកូនក្នុងផ្ទៃ តើរយៈពេលយូរប៉ុនណា ដែលគូស្វាមីភរិយាត្រូវរង់ចាំ ដើម្បីព្យាយាមតាំងគភ៌ម្ដងទៀត?
0 Comments