ភ្នំពេញ ៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់ទី១ ធ្វើការឃាត់ខ្លួន ក្នុងខណៈពេលដែលពួកគេធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច ហើយក្នុងករណីនេះជនរងគ្រោះបានគេចខ្លួនបាត់ ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ។
យុវជនទាំង២នាក់នេះត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌទួលគោកធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២១និង១០នាទី នៅចំណុចមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្លូវលេខ២៨៩ ក្រុមទី៣១ ភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យ ទី១-ឈ្មោះ ម៉េង សុខកុសល ហៅ សាមឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលេខ៥១៤ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទី២-ឈ្មោះ ទាវ បញ្ញា ហៅអាច្រមុះ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ផ្ទះពុំចាំលេខ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភេទស្រី អាយុប្រហែល ៣២ឆ្នាំ ជិះម៉ូតម៉ាកSuzuki Smash ពណ៌ខ្មៅ (ក្រោយពេលកើតហេតុ ពុំបានដាក់ ពាក្យបណ្តឹងទេ)។
ក្នុងការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ប៉ូលិសដកហូតបាន ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2012 ពាក់ស្លាកលេខភ្នំពេញ 1BM-5728 មានលេខតួ និងលេខម៉ាស៊ីន8737082 ( ជាម៉ូតូ ដែលជនសង្ស័យជិះធ្វើសកម្មភាព )។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល ៣២ឆ្នាំ បានជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ មានស្ពាយកាបូបមួយ ធ្វើដំណើរតាមដង ផ្លូវលេខ២៨៩ ពីត្បូងមកជើង មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ០២នាក់ ជិះម៉ូតូតាមមកពីក្រោយស្របទិសគ្នា ហើយបានមកទន្ទឹមអែប ខាងឆ្វេងរួចក៏ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ តែពុំបានសម្រេចព្យាយាមជិះម៉ូតូគេចខ្លួន។ ភ្លាមនោះ ជនរងគ្រោះបានស្រែកចោរៗ ជនសង្ស័យបានជិះ ម៉ូតូដួល ក៏ត្រូវកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ បឹងកក់ទី១ អន្តរាគមន៍ឃាត់ខ្លួនជាក់ស្តែងតែម្តង។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបន្តឲ្យដឹងទៀតថា ជាលទ្ធផលក្រោយធ្វើតេស្តទឹកនោមជនសង្ស័យដែលឃាត់ខ្លួនពីបទល្មើសឆក់ ខាងលើនេះ គឺជាមានការប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
ប៉ូលិសចាប់បានចោរឆក់កាបូប២នាក់ តែជនរងគ្រោះ បែរជាគេចបាត់

0 Comments