សៀមរាប ៖ ផ្ដើមចេញពីភ្លើងប្រចណ្ឌ ជនល្មើសបានកាប់យុវជនម្នាក់ ដែលជាគូប្រជែងស្នេហានឹងខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង និងកាប់ក្មេង២នាក់ទៀតស្លាប់ជាបន្តបន្ទាប់ដើម្បីបំបិទភស្ដុតាង ប៉ុន្តែទីបំផុតជនល្មើសរូបនោះគេចមិនរួចពីសំណាញ់ច្បាប់ឡើយ ដោយសមត្ថកិច្ចបានធ្វើការឃាត់រូបគេក្រោយពីកើតហេតុប្រមាណ៧ម៉ោង។
លោកវរសេនីយ៍ត្រីម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំបានឲ្យដឹងថា ហេតុការណ៍នោះ បានកើតឡើងនាវេលាម៉ោងជាង១២ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវលំមួយខ្សែ(ផ្លូវចូលព្រៃចម្ការ)ស្ថិតក្នុងភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកបន្តថា ជនរងគ្រោះ ដែលស្លាប់ទាំងបីនាក់នោះ ទី១.ឈ្មោះ អ៊ាង សួយ ភេទប្រុស អាយុ៨ឆ្នាំ មានទីលំនៅភូមិ គោកដូងថ្មី ឃុំគោកដូង។ ទី២.ឈ្មោះ មាឌ យ៉ា ភេទប្រុសអាយុ១៣ឆ្នាំមានទីលំនៅភូមិគោកត្របែកឃុំគោកដូង និង ទី៣. ឈ្មោះ មិច កញ្ញា ហៅ ក្អាត់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ គោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកជនដៃដល់មានឈ្មោះឈន់ ឆេន ប្រុសអាយុ១៧ឆ្នាំ នៅភូមិគោកដូង ឃុំគោកដូង ស្រុងអង្គរជុំខេត្តសៀមរាប។
លោកបន្តទៀតថា នៅមុនកើតហេតុក្រុមជនរងគ្រោះ ចំនួន៣នាក់ដែលជាអ្នកភូមិជាមួយគ្នា បានជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខប៉ៃលិន 1A-6878 បំណងទៅដកដំឡូងនៅឯចម្ការក្នុងព្រៃ។ ខណៈនោះជនសង្ស័យបានស្ទាក់កាប់ទៅលើជនរងគ្រោះ ទាំង៣នាក់ ដោយកាំបិតខ្វែវជាច្រើនកាំបិត ក្នុងនោះពីរនាក់ធំៗបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ដែលមានអាយុ៨ឆ្នាំ នៅសល់ដង្ហើម ហើយក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពហើយ គេបានយកម៉ូតូជនរងគ្រោះទៅញាត់ចូលក្នុងព្រៃ ដែលមានចម្ងាយ១០០ម៉ែត្រពីចំណុចកើតហេតុ ដើម្បីបំបាត់ភស្តុតាង។
លោកអធិការបន្ថែមថា ក្រោយពេលកើតហេតុ សមត្ថកិច្ចចម្រុះបានសហការគ្នាតាមស្វែងរកចាប់ខ្លួនជនសង្ស័យ ហើយនៅម៉ោង៧យប់ថ្ងៃដដែលសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យតែម្តង។
លោកបន្ថែមទៀតថា ៖ ជនសង្ស័យបានសារភាពថា ការដែលរូបគេកាប់សម្លាប់ទាំងបីនាក់យ៉ាងដូច្នេះ គឺចង់បំបាត់ភស្តុតាង ពីព្រោះជាអ្នកភូមិតែមួយ បើទោះបីជារូបគេមានគំនុំជាមួយមនុស្សតែម្នាក់ក៏ដោយ។ ឈ្មោះក្អាត់ ដែលមានអាយុ១៦ឆ្នាំ បានទៅស្រឡាញ់ស្រី ដែលរូបគេកំពុងស្រឡាញ់។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី រីឯជនជាប់សង្ស័យក្នុងអំពើឃាតកម្មគិតទុកជាមុនបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ត៕
ផ្ដើមចេញពីស្នេហាត្រីកោណ, មានគំនុំជាមួយមនុស្សតែម្នាក់ សម្លាប់ដល់៣នាក់បំបិទភស្តុតាង
0 Comments