កំពង់ស្ពឺ ៖ ក្រុមទាំង២៩ បានជួបប្រកួត ដែលមានរយៈពេលជាងមួយឆ្នាំបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ បានរកជើងខ្លាំងប្រចាំពានរង្វាន់រដូវកាលទី១នេះ ដោយគ្មានភាពចម្រូងចម្រាសឡើយ ខណៈកាលពីពាក់កណ្ដាលវគ្គផ្ដាច់ព្រ័ត្រក្រុមនិមួយៗ បានប៉ះពាក្យសម្ដីគ្នាមួយចំនួន។
យោងតាមសម្តីលោក ហ៊ុន ប៊ុន ជាគណៈកម្មការ និងជាអ្នករៀបចំការប្រកួតបានបញ្ជាក់ថា ក្រុមមន្ទីរបរិស្ថានដែលធ្លាប់បានមហាជនរិះគន់ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើបណ្ដាញសង្គម Face book ទាក់ទងនឹងក្រុមខ្លាឃ្មុំទឹកកករបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺនោះ ពេលនេះបានក្លាយជាអ្នកលើពានរង្វាន់លេខ១ ដែលគេគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅក្នុងកីឡាដ្ឋានខេត្ត ក្រោមវត្តមានលោក អ៊ូ សំអួន អភិបាលខេត្ត។
ចំណែកពានរង្វាន់លេខរៀងទី២ បានទៅលើក្រុមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ពានរង្វាន់លេខរៀងទី៣ បានទៅលើ សហគ្រាសសំណង់ ហួ ហេង ចំណែកពានលេខ៤ បានទៅលើក្រុមខ្លាឃ្មុំទឹកកក នគរបាលខេត្ត។
ដោយឡែកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ គូដែលប្រកួតក្រោយគេក្រុមវគ្គផ្ដាច់ព្រ័ត្រ គឺកងរាជអាវុធហត្ថខេត្ត ត្រូវការយ៉ាងធ្ងន់ធ្ងរ ដោយបានប៉ះក្រុមខ្លាំងយុវជន នៃមន្ទីរអប់រំ ដោយត្រូវដណ្តើមយកលេខ៥-៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រដែលមានមហាជនចាំមើលលទ្ធផល៩០នាទីយ៉ាងច្រើនកុះករ។ លទ្ធផល៩០នាទី នាទីទី៣១ កីឡាករកងរាជអាវុធហត្ថពាក់លេខ១០ បានទាត់បញ្ចូលមន្ទីរអប់រំ១ ទល់ និង០ ការប្រកួតបន្តលេងដល់នាទី ទី៥៧ កីឡាករកងរាជអាវុធហត្ថពាក់លេខ១៩ សុខ ចាន់ណា បានទាត់បញ្ចូលទីគ្រាប់ទី២ ធ្វើឲ្យមន្ទីរអប់រំចាញ់បណ្ដោះអាសន្ន២ ទល់និង០។
លុះការប្រកួតដល់នាទីទី៦៩ កីឡាករកងរាជអាវុធហត្ថពាក់ស្លាកលេខ១២ ស៊ុំ សុផា បានបណ្ដើរបាល់ស៊ុតបញ្ចូលទីមន្ទីរអប់រំមួយគ្រាប់បន្ថែម ដែលធ្វើឲ្យកងរាជអាវុធហត្ថនាំមុខ៣ ទល់និង ០។
ក្រោយពីកីឡាករកងរាជអាវុធហត្ថបានគ្រប់គ្រងបាល់ និងស៊ុតចូលនាំមុខ៣ ទល់និង០ លោកគ្រូបង្វឹករបស់មន្ទីរអប់រំបានផ្លាស់ប្ដូរកីឡាករខ្សែប្រយុទ្ធដល់នាទីទី៧៤ កីឡាករពាក់លេខ៨ បានទាត់ចូលទីកងរាជអាវុធហត្ថវិញបាន១គ្រាប់។ លទ្ធផលគូនេះ កងរាជអាវុធហត្ថបានឈ្នះមន្ទីរអប់រំ៣ ទល់និង១ ធ្វើឲ្យកងរាជអាវុធហត្ថបានទទួលជយលាភីលេខរៀងទី៥ ក្នុងពានរង្វាន់ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ រដូវកាលទី១ ឆ្នាំ២០១៥៕
រដូវកាលទី១ ពានរង្វាន់អភិបាលខេត្តកំពង់ស្ពឺបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ
0 Comments