ភ្នំពេញ ៖ ជនដៃដល់ដែលបានបាញ់រះក្នុងក្លិបក្សាន្ត មេន ហាតធេន HOLIDAY បណ្ដាលឲ្យរងរបួសសន្តិសុខ២នាក់កាលពីយប់ទាបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ដែលផ្តើមចេញពីការឈ្លោះទាស់ទែងគ្នាក្នុងពេលរាំរែកនោះ ត្រូវបានអាវុធហត្ថរាជធានីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១២ ខែមករានេះ។
បើតាមមន្ត្រីអាវុធហត្ថរាជធានី បានឲ្យដឹង នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១២ ខែមករាថាហេតុការណ៍ដដែលៗក្នុងអំពើបាញ់ប្រហារ ក្នុងទីក្រុងដែលជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពី ម៉ោង៣:២០នាទីទៀបភ្លឺ ថ្ងៃទី១១ខែមករា ឆ្នាំ២០១៦ នៅចំណុចខ្លោងទ្វារចូលក្លឹបកម្សាន្ត មេនហាតធេន(HOLIDAY)ផ្លូវ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីបុរសម្នាក់នេះ បានបាញ់ជាច្រើនគ្រាប់ក្នុងក្លឹប បណ្តាលឱ្យរងរបួសសន្តិសុខយាមកាមទីនោះ២នាក់។
ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ក៍បានចេញអន្តរាគមន៍ បន្ទាប់មកក៏ឈានដល់ការចាប់ខ្លួនបុរសម្នាក់ ឈ្មោះ ចៅ រង្សី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌដូនពេញហើយបញ្ជូនមកទីបញ្ជាការអាវុធហត្ថរាជធានីដើម្បីចាត់ការតាមច្បាប់បន្ត។
ដោយសារមានចម្លើយសារភាព និងវត្ថុតាងគ្រប់គ្រាន់នោះ កម្លាំងអាវុធហត្ថរាជធានីបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃនេះបន្តទៀត។
បើតាមសមត្ថកិច្ចចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសួរទៅលើសាក្សីថា ករណីនេះដំបូងឡើយ ជនសង្ស័យបានដឹកប្រពន្ធទៅរាំលេងនៅក្លឹបហូលីដេ ដោយមានគ្នា៧នាក់ ក្នុងនោះមានបងថ្លៃនិងមិត្តភក្ត្រ ពេលកំពុងរាំលេង ក៏មានក្រុមផ្សេងមកប៉ះចង្កេះប្រពន្ធ ហើយជនសង្ស័យជាប្តីបានខឹង ក៏បានឈ្លោះគ្នាក្នុងក្លឹបហើយសន្តិសុខក៏បានដេញចេញមកក្រៅ រំពេចនោះប្រពន្ធក៏បានទៅជាមួយបងថ្លៃ រីឯសង្ស័យក៏បានជិះម៉ូតូ ទៅយកកាំភ្លើងនៅផ្ទះ ក្រោយមកក៍ជិះត្រលប់មកវិញនិងឈប់នៅមុខក្លឹប ហើយបានដកកាំភ្លើងចេញពីកែបម៉ូតូ រួចស្រែករកឈ្មោះ៧៩ជាប្រធានសន្តិសុខ អោយហៅក្រុមដែលប៉ះចង្កេះប្រពន្ធរបស់គេនោះ ចេញមកក្រៅដើម្បីដោះស្រាយគ្នា ប៉ុន្តែសន្តិសុខបាននិយាយស្រួលចរចា មិនឲ្យចូលក្នុងក្លឹបខ្លាចមានរឿងធំ ព្រោះជនសង្ស័យមានកាន់អាវុធហើយស្ថិតក្នុងស្ថានភាពស្រវឹងទៀតផងភ្លាមនោះ ឈ្មោះ ដុំ ធី ហៅ២៩ បានព្យាយាមសំរួលអោយជនសង្ស័យត្រឡប់ទៅវិញ ប៉ុន្តែជនសង្ស័យមិនព្រមក៏បានដកកាំភ្លើងបាញ់រះមកលើក្រុមសន្តិ សុខហូលីដេតែម្តង។
ក្រៅពីនោះសមត្ថកិច្ចបានដកហូតវត្ថុតាងជាក់ស្តែង គឺអាវុធវែង០១ដើមម៉ាក AR15 លេខ5677 គ្រាប់ក្នុងបង់០៦គ្រាប់ និងសំបកគ្រាប់បាញ់ហើយចំនួន០៦គ្រាប់-ម៉ូតូ០១គ្រឿងម៉ាកPCXពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 1FB:9233។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា កាំភ្លើងនោះរូបគេបានទិញពីទាហានម្នាក់នៅខេត្តប៉ៃលិន(ព្រំដែន)។
បើតាមសមត្ថកិច្ចនិយាយទៀតថា ករណីនេះ ជនសង្ស័យបានបាញ់អស់ជាង១០គ្រាប់ បណ្តាលឲ្យរបួសធ្ងន់ចំនួន០២នាក់ រងគ្រោះទី១ឈ្មោះ កង ចិត្រា អាយុ៤៦ឆ្នាំ ជាប្រធានសន្តិសុខ និង រងគ្រោះទី២ ឈ្មោះ ដុំ ធី អាយុ៤២ឆ្នាំ ជាសន្តិសុខ ហើយពេលនេះជនរងគ្រោះកំពុងត្រូវសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីម្នាក់ត្រូវចំពោះ និងម្នាក់ទៀតត្រូវចំដៃ ខាងស្តាំ។
សូមបញ្ជាក់ថា ក្លឹបកម្សាន្ត មេនហាត ធេន HOLIDAY ដែលមានទីតាំងនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ នៅប៉ែកខាងជើងវត្តភ្នំ ធ្លាប់មានរឿងជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានទាំងការបាញ់មនុស្សឱ្យរបួស បាញ់មនុស្សសម្លាប់ បង្ក ហិង្សាច្រើនដងទៀតផង ប៉ុន្តែចំណាត់ការបិទអាជីវកម្មឬព្រមានដូចក្លឹបឯទៀត ដូចជាមិនដែលមានឡើយ ហើយក្លឹបមួយនេះ ត្រូវបានគេសង្ស័យការមានមនុស្សប្រើប្រាស់គ្រឿងញៀនក្នុងក្លឹប៕
បញ្ជូនជនដៃដល់បាញ់រះក្នុងក្លិបកម្សាន្ត មេនហាតធេន HOLIDAY របួសសន្តិសុខ២នាក់ទៅតុលាការ
0 Comments