Ad Code

រថយន្ត​ដឹក​កម្មករ​-​ការិនី​២​គ្រឿង​ប៉ះ​គ្នា​ក្រឡាប់​ស្លាប់​​៤​នាក់ ​និង​​របួស​ជាង​៧០​នាក់(Update)

កំពង់ស្ពឺ​ ៖​ កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​៤​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត និង​ជាង​៧០​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ ​​ស្រាល ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ​រថយន្ត​២​គ្រឿង​​ប៉ះ​គ្នា​បណ្ដាល​ឲ្យ​ក្រឡាប់ ធ្លាក់​ផ្លូវជាតិ។


ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៤១ ​ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​រដ្ឋបាល សែន​ដី ក្នុង​ភូមិ​ជ្រៃ​តា​កួន​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី ​ខេត្ត​កំពង់ស្ពឺ។


​ សមត្ថកិច្ច​ប៉ូលិស​បាន​រាយការណ៍​ឲ្យ​ដឹង ​ជាបឋម​មាន​អ្នក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ចំនួន​០៣​នាក់ និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ ជនរងគ្រោះ​ ដែល​បាន​ស្លាប់​ទាំង ០៤​នាក់​ទី​១-​ឈ្មោះ ស៊ីម ខុម ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទី​២-​ឈ្មោះ​ណុប​លីម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ទី​៣-​ឈ្មោះ​ស្រី ម៉ិច ភេទ​ស្រី អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នៅ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី​ និង​ទី​៤-​ឈ្មោះ​អ៊ីវ សុខ​មុំ ​ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មា​ន័យ ស្រុក​បរសេដ្ឋ។


សមត្ថកិច្ច​បាន​បន្ត​ថា ជនរងគ្រោះ​ចំនួន​១៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ក្នុង​គ្លីនិក​ឯកជន​ថ្នល់ទទឹង​ ក្នុង​នោះ​ធ្ងន់​៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត, ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​គងពិសី​ចំនួន​៥០​នាក់,​ បញ្ជូន​ទៅ​កាល់ម៉ែត​១ និង​ត្រៀម​បញ្ជូន​បន្ត​០២​នាក់​ទៀត, មន្ទីរពេទ្យ​បង្អែក ​ខេត្ត​កំពង់ស្ពឺ​១២​នាក់​ របួសធ្ងន់ ​​២​នាក់។ ប្រភព​បន្ត​ថា កម្មករ​-​ការិនី​រងគ្រោះ​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់ ក្នុង​ការ​ព្យាបាល និង​មើលថែ​​យ៉ាង​យកចិត្តទុកដាក់​បំផុត​ ក្នុង​នោះ​លោក​វ៉ី សំណាង​ អភិបាលរង ខេត្ត​កំពង់ស្ពឺ និង​ក្រុមការងារ​​ ​បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់​កន្លែង​កើតហេតុ និង​តាមដាន​ស្ថានភាព​ជំងឺ​អ្នក​រង​របួស​តាម​គ្រប់​មន្ទីរ។


នគរបាល​ចរាចរណ៍​បាន​ប្រាប់​ថា រថយន្ត​ដឹក​កម្មករ​-​ការិនី​រោងចក្រ​ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ AQ.0120 បើកបរ​ដោយ​ឈ្មោះ​ម៉ន ភេទ​ប្រុស អាយុ​ជាង ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មានជ័យ ស្រុក​បរសេដ្ឋ ​ដឹក​កម្មករ​ប្រមាណ​ជាង ​៦០​នាក់ ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង ។ ប្រភព​បន្តថា រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD.6898 អ្នកបើកបរ​ឈ្មោះ​ម៉ុក មួយ​ទី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ដូន​ស ឃុំ​ស្រង់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរ​ស្របគ្នា។


ក្រុម​កម្មករ​-​ការិនី​ ដែល​ជួប​គ្រោះថ្នាក់​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​រថយន្ត​ទាំង​០២​គ្រឿង​បាន​ធ្វើ​ដំណើរ​ដឹក​កម្មករ​ ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការងារ ហើយ​រថយន្ត​មួយ​គ្រឿង​ ដែលពាក់​ស្លាក​លេខ​ភ្នំពេញ 2Q.0120 បើក​ដោយ​ឈ្មោះ​ម៉ន បាន​បើក​វ៉ា​ប្រជែង​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត ក្នុង​ស្ថានភាព​ផ្លូវ​កោង និង​វាក់​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​មួយ​គ្រឿង ក្នុង​ទិសដៅ​បញ្ច្រាស​​គ្នា​ ក៏​អកស៊ើ​ជាន់​ហ្វាំង​រេ​ចង្កូត​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ដឹក​កម្មករ​ដូចគ្នា​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់ចាក់​កម្មករ​-​ការិនី​រង​របួស​រដូករណែល ក្នុង​នោះ​កម្មការិនី​ចំនួន​៣​ ត្រូវ​រថយន្ត​សង្កត់​ស្លាប់​ភ្លាមៗ និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ។ ក្រោយ​ពេល​កើតហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ ក្នុង​នោះ​​អ្នក​ជំងឺ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី​ច្រើន​ជាងគេ។


ក្រុម​គ្រូពេទ្យ​ប្រចាំ​មន្ទីរពេទ្យ​បង្អែក ​ស្រុក​គងពិសី​បាន​ប្រាប់​ថា កម្មករ​-ការិនី ដែល​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​​បង្អែក​ មាន​ចំនួន​៥២​នាក់ ក្នុង​នោះ​ម្នាក់​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត និង​ត្រៀម​បញ្ជូន ០២​នាក់​ទៀត ដោយ​គាត់​មានការ​ឈឺក្បាល និង​វិលមុខ​ខ្លាំង។


លោក​ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​ វិជ្ជាជីវៈ​ ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ថា អ្នក​ ដែល​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ក្រឡាប់​នោះ​ មាន​ចំនួន ​៤ នាក់ ប៉ុន្តែ​អ្នករងរបួស​ធ្ងន់ និង​ស្រាល​កើន​ដល់​ប្រមាណ​ជាង ៨០​នាក់ ហើយ​ក្រុមការងារ​កំពុងតែ​តាមដាន​ស្ថានភាព​របស់​អ្នក​ជំងឺ​ជាប់​ជាប្រចាំ​ផងដែរ។


លោក​ឧត្ដមសេនីយ៍ត្រី​ តាប់ លន ស្នងការ​រង​ទទួលបន្ទុក​សណ្ដាប់ធ្នាប់​ ចរាចរណ៍ ខេត្ត​កំពង់ស្ពឺ, ​អ្នកយកព័ត៌មាន​បាន​ព្យាយាម​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​ ជុំវិញ​ករណី​រថយន្ត​ដឹក ​កម្មករ​-​ការិនី​រោងចក្រ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ប៉ុន្តែ​គ្មាន​អ្នកទទួល​ទូរស័ព្ទ​ឡើយ។


លោក​ទុយ ថេ​ន​ អធិការ​នគរបាល​ ស្រុក​គងពិសី​បាន​បញ្ជាក់​ថា អ្នក​បើក​រថយន្ត​ដឹក​កម្មករ​ ដែល​បង្ក​​គ្រោះថ្នាក់​ទាំង ​២​គ្រឿង​នោះ ​ ​​ធ្លាប់​មាន​ទំនាស់​ជាមួយគ្នា​ញឹកញាប់ ហើយ​នៅ​ពេល​​​ដែល​បើក​ដឹក​កម្មករ​ជួប​គ្នា​តែងតែ បើក​ប្រដេញ​វ៉ា​គ្នា ប៉ុន្តែ​ថ្ងៃនេះ​ជួប​គ្រោះថ្នាក់​បណ្តាល​ឲ្យមាន​ជនរងគ្រោះ​ស្លាប់ និង​រង​របួស​ជាច្រើន​នាក់​តែម្តង៕



M12-01-16-g2


M12-01-16-g3


M12-01-16-g4


M12-01-16-g5


M12-01-16-g6


M12-01-16-g7


M12-01-16-g8


M12-01-16-g9


M12-01-16-g10


M12-01-16-g11


M12-01-16-g12


M12-01-16-g13



រថយន្ត​ដឹក​កម្មករ​-​ការិនី​២​គ្រឿង​ប៉ះ​គ្នា​ក្រឡាប់​ស្លាប់​​៤​នាក់ ​និង​​របួស​ជាង​៧០​នាក់(Update)

Post a Comment

0 Comments

Close Menu