កំពង់ឆ្នាំង ៖ នៅវេលាម៉ោង២១យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ឧបករណ៍នេសាទប្រភេទជនរុញដោយប្រើប្រាស់កម្លាំងម៉ាស៊ីនចំនួន០១គ្រឿង រួមនឹងបុរសជនជាតិវៀតណាមចំនួន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ មានសង្កាត់រដ្ឋបាលជលផលរលាប្អៀរ សង្កាត់រដ្ឋបាលជលផលជលគិរី សហការកម្លាំងយោធា និងសហគមន៍នេសាទដឹកនាំដោយលោក យីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានធ្វើការឃាត់ និងចាប់ខ្លួន នៅចំណុចក្នុងដែនអភិរក្សជលផលព្រែកស្តីដកគង ស្ថិតក្នុងកន្លែងអភិរក្សជលផលទី៧ អតីតឡូត៍លេខ១០ ភូមិជើងគ្រួស ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បុរសជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ៣១ឆ្នាំ។ ទី២-ឈ្មោះ ប៊ូ យ៉ាំងតេវ ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់ជាជនជាតិវៀតណាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។ និងទី៣-ឈ្មោះ សេង ហុង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នរស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។
នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា បានឲ្យដឹងថា អ្នកទាំងបីនាក់បានប្រព្រឹត្តបទល្មើសជលផលនៅក្នុងដែនអភិរក្សផ្អែកលើបទដ្ឋានច្បាប់ មាត្រា១០១ ចំណុច៩ នៃច្បាប់ស្ដីពីជលផលបានចោទប្រកាន់ឈ្មោះទាំងបីខាងលើទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែមករានេះ ដាក់ពន្ធធនាគាររយៈពេល១ឆ្នាំ រឹបអូសជាសម្បត្តិរដ្ឋនូវវត្ថុតាងទាំងអស់ដែលមានចែងក្នុងកំណត់ហេតុបទល្មើសជាក់ស្ដែង៕
ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ រួមនឹងវត្ថុតាង
0 Comments