ព្រះវិហារ ៖ ប្រជាពលរដ្ឋប្រមាណ១០០គ្រួសាររស់នៅទល់មុខបុរីរដ្ឋបាលក្រុមហ៊ុនដាំកៅស៊ូ ទ្រីភាពជាប់ដងផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ត្អូញត្អែរថា មិនអាចភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃបាន បើទោះជាមានក្រុមហ៊ុនប៊ីវីស៊ីវិនិយោគតភ្ជាប់ជាមួយខេត្តព្រះវិហារពីកំពង់ចាមកាត់តាមកំពង់ធំក៏ដោយ។
លោក វឌ្ឍនះ ជាពលរដ្ឋរស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង នៅទល់មុខរដ្ឋបាលក្រុមហ៊ុនទ្រីភាព បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ថា សព្វថ្ងៃនេះផ្ទះរបស់គាត់មិនមានភ្លើងអគ្គិសនីប្រើប្រាស់នោះទេ ខណៈបណ្ដាញបង្គោលភ្លើងអគ្គិសនីក្រុមហ៊ុនឯកជនមានគ្រប់គ្រាន់អស់ហើយ។ គាត់និយាយថា ខាងក្រុមហ៊ុនទ្រីភាពមិនឲ្យពួកគាត់តភ្ជាប់ចរន្តអគ្គិសនី ដើម្បីបានប្រើប្រាស់អស់រយៈពេល១ខែមកហើយ ដោយនិយាយថា វារញ៉េរញ៉ៃ។
លោក សិលា ប្រធានរដ្ឋបាលក្រុមហ៊ុន ទ្រីភាពទន្លេម្រេច បានឲ្យដឹងថា ខាងក្រុមហ៊ុនមិនពាក់ព័ន្ធនឹងការហាមឃាត់មិនឲ្យប្រជាពលរដ្ឋទាំងនោះតភ្លើងប្រើប្រាស់នោះទេ។ លោកបន្តថា ខាងក្រុមហ៊ុនក៏តភ្លើងប្រើប្រាស់ពីក្រុមហ៊ុនឯកជនប៊ីវីស៊ីដែរ ហើយគាត់លើកទ្បើងថា ប្រជាពលរដ្ឋ ដែលមិនទាន់មានចរន្តអគ្គិសនីប្រើប្រាស់ សូមទៅទាក់ទងស្នាក់ការក្រុមហ៊ុនអគ្គិសនីប៊ីវីស៊ី នៅភូមិភ្នំដែក។
លោក ឯ សារ៉ូ អភិបាលស្រុករវៀងបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅទល់មុខ ក្រុមហ៊ុនទ្រីភាព អាចប្រើប្រាស់ចរន្តអគ្គិសនីក្រុមហ៊ុនឯកជនបានដូចគ្នា។ ពាក់ព័ន្ធថា ក្រុមហ៊ុនទ្រីភាពមិនឲ្យពួកគាត់តភ្ជាប់ចរន្តអគ្គិសនីបានប្រើប្រាស់ចាំគាត់ទាក់ទងទៅកាន់ ក្រុមហ៊ុនទ្រីភាព សិន៕
ពលរដ្ឋត្អូញត្អែរថា លំនៅដ្ឋានពួកគាត់គ្មានចរន្តអគ្គិសនីប្រើប្រាស់ ដោយសង្ស័យក្រុមហ៊ុនទ្រីភាពរារាំង
0 Comments