Ad Code

អ៊ុង វិ​រៈ ​ផ្ដួល ​Yorth Dachha​ ទឹក​១ ខណៈ​ វៀត ប៊ុន​ឌឿ​ន ​ឈ្នះ​ Yorth Sanan ដោយ​ពិន្ទុ​នៅ​SEA-TV

*សង្វៀន​Ganzberg




អ៊ុង វិ​រះ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ប្រើ​ពេល​មិន​ដល់​មួយ​ទឹក​ទេ ផ្ដួល​អ្នក​ប្រដាល់​ថៃ ​Yorth Dachha ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី០៣ ខែមករា នៅ​លើ​សង្វៀន​ SEA-TV ក្នុង​កម្មវិធី​ប្រដាល់ ​Ganzberg។​


Yorth Dachha គេ​ចាញ់​កម្ពស់ ​អ៊ុង វិ​រៈ ដាច់​ពេក ទើប​ផុយ​សន្លប់​បែបនេះ។ វិ​រះ បាន​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ដាល់​ចំ​គល់​ថ្គាម​ខាងស្តាំ​របស់ ​Yorth Dachha បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ រលំ​ដួល​លើ​រេញ​សន្លប់​លែង​ក្រោក​តែម្តង។ Yorth Dachha នេះ ជា​អ្នក​ប្រដាល់​ថៃ​ទី​១៥​ហើយ ដែល​ត្រូវ ​អ៊ុង វិ​រៈ ​ផ្ដួល​យកឈ្នះ​នោះ។​



វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​ក្រសួងការពារជាតិ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ខ្លាំង​ប្រចាំ​ប្រ​ទេស​ថៃ​គឺ ​Yorth Sanan ក្នុង​ទឹក​ទី​៤។


Yorth Sanan ដែល​មាន​ស្ថិតិ​ប្រកួត​៦៣​លើក វាយ​ឈ្នះ​៥៣​លើក និង​ចាញ់​១០​លើក និង​ធ្លាប់​បាន​ផ្ដួល​ជើង​ខ្លាំង​របស់​កម្ពុជា សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៥​កន្លងមក​នោះ ពេលនេះ​ត្រូវ ​វៀត ប៊ុន​ឌឿ​ន ​ផ្ដួល​ឲ្យ​បោះបង់ចោល​ការ​ប្រកួ​ត​ក្នុង​ទឹក​ទី​៤ បន្ទាប់ពី ​ប៊ុន​ឌឿ​ន​ ទាត់​ឲ្យ​ខូច​ជើង​ឆ្វេង​នោះ។



វៀត ប៊ុន​ឌឿ​ន គេ​ព្យាយាម​ទាត់​ជើង​ក្រោម​របស់ Yorth Sanan តាំងពី​ក្នុង​ទឹក​ទី​១​មក​ម្ល៉េះ តែ​អ្នក​ប្រដា​ល់​ថៃ​រូប​នេះ គេ​មិន​ខ្ចី​ឈឺ លុះ​មកដល់​ទឹក​នេះ ​ប៊ុន​ឌឿ​ន ទាត់​ចំ​សន្លាក់​ក្បាលជង្គង់​ខាងឆ្វេង ធ្វើ​ឲ្យ​ Yorth Sanan ដួល​ក្រោក​លែង​រួច​តែម្តង។​



សម្រាប់​ការប្រកួត​ខ្មែរ ​និង​ខ្មែរ​វិញ ហុង ចាយ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ដែល​ឡើង​សងសឹក​ យឹម សារុន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៣១​នោះ គឺ​ត្រូវ​បរាជ័យ​ក្នុង​ទឹក​ទី​២ ដោយ​ត្រូវ​ សារុន​ ទាត់​ឲ្យ​ខូចដៃ​ខាងឆ្វេង។​



អ្នក​ប្រដាល់​ទាំងពីរ​នេះ កាលពី​ជួបគ្នា​លើកទីមួយ​នោះ ​(​ថ្ងៃទី​០៤ តុលា ២០១៥) យឹម សារុន​ បាន​បំ​បាក់ ​ហុង ចាយ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ៤។ ជួបគ្នា​លើក​នេះ ហុង ចាយ​ បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២។​

​ ​

អ្នក​ប្រដាល់​ជា រឿន​ឈី ក្លិប​អមតៈ​គុន​ខ្មែរ​ខេត្តសៀមរាប ប្រកួត​ចាញ់​ សេក មេសា អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​មកពី​ខេត្តសៀមរាប​ជាមួយគ្នា ដោយ​ពិន្ទុ៕


*សង្វៀន Black Cat

​ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ពួកគេ​ទាំងពីរ​នាក់​នេះ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដូចគ្នា ក្នុង​ការ​ជួប​ប្រកួត​នៅ​លើ​សង្វៀន​Black Cat របស់​SEA-TV នា​យប់​ថ្ងៃអាទិត្យ​ ទី​០៣ ខែ​មករា​នេះ។​



ប៊ុន​ហឿន បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ​Kang Prachin ក្នុង​ទឹក​ទី​៣។ ​ក្នុង​ការ​ប្រកួត​គ្នា​ទឹក​ទី​១​នោះ Kang Prachin ​ត្រូវ​ ប៊ុន​ហឿន ដាល់​ត្រូវ​កណ្ដាល​មុខ​ប៊ិះ​តែ​នឹង​សន្លប់ ប៉ុន្តែ​ក្រោយពី​អាជ្ញាកណ្ដាល​រាប់​ដល់​៨ Kang Prachin​ ឡើង​ប្រកួត​បន្ត​ទៀត​។​ មកដល់​ទឹក​ទី​២ Kang Prachin ​ក៏​ត្រូវ ​ប៊ុន​ហឿន ​ដាល់​ដួល​ម្តង​ទៀត​ដែរ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​មួយដង​ទៀត។ ជា​លើក​ទី​៥​របស់ ​ប៊ុន​ហឿន​ ហើយ ដែល​គេ​ឡើង​ប្រកួត​ជាមួយ​ថៃ​នេះ។


Kang Prachin ​នេះ ទៅ​មិន​រួច​ជាមួយ​ ចាន់ ប៊ុន​ហឿន​ នោះ​ឡើយ ដោយ​ក្នុង​ទឹក​ទី​៣​ត្រូវ​ ចាន់ ប៊ុន​ហឿន វាយ​ឲ្យ​ដួល​ជា​លើក​ទី​៣ និង​បាន​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣​នេះ​តែម្តង។​


ចំណែក ​ធី តុង​ហ៊ី គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Play Noy ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ តុង​ហ៊ី អ្នក​ប្រដាល់​របស់​កម្ពុជា​រូប​នេះ បាន​វាយ​កែង​ឲ្យ Play Noy បែក​ឈាម​ថ្ងាស​ក្នុង​ទឹក​ទី​៤ ដល់​ទឹក​ទី​៥ Play Noy ក៏បាន​វាយ​ធី​តុង​ហ៊ី ឲ្យ​បែក​ចុង​ចិញ្ចើម​ឆ្វេង​វិញ​ដែរ។​



ទោះជា​យ៉ាងណា Play Noy​ គេ​ចាញ់​ពិន្ទុ​ ធី តុង​ហ៊ី តាំងពី​ក្នុង​ទឹក​ទី​១​ និង​ទឹក​ទី​២​មក​ម្ល៉េះ​ ហើយ​ទឹក​ទី​៤​ក៏ ​តុង​ហ៊ី ​មានប្រៀប​ឈ្នះ​ដែរ។ ដូច្នេះហើយ​ទើប​គេ​ឈ្នះ Play Noy ​ដោយ​ពិន្ទុ​នេះ។​



ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាប សុភា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ចាញ់ ​ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​រិទ្ធី ដោយ​ពិន្ទុ ឯ សុខុន រី​ហ្គា​វុត្ថា ​អ្នក​ប្រដាល់​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ សែន រ៉ា​ដូ ​អ្នក​ប្រដាល់​ក្លិប​អប្សរា​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែរ៕


*​សង្វៀន​Cambodia



ភុំ ​សា​រ៉ា​យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៣១ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ម៉ូ រដ្ឋា ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ក្នុង​ការ​ជួបគ្នា​នៅ​លើ​សង្វៀន​Cambodia​របស់​SEA-TV កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ទី​០៣​ខែមករា ឆ្នាំ២០១៦ នេះ។​



តាមពិត សា​រ៉ា​យ ត្រូវ​ជួប​ជាមួយ ​លួ​ន សុខ​ខេង ក្លិប​អាស៊ី​កីឡា​នោះ​ទេ តែ​មិនដឹង​យ៉ាងណា ទើប​ប្ដូរ​មក​ជា ​ម៉ូ រដ្ឋា ​វិញ​នោះ។



ម៉ូ រដ្ឋា ប៉ះ​ជាមួយ​ ភុំ​ សា​រ៉ា​យ ទៅ​មិន​រួច​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​នោះ​ទេ ដោយ​ត្រូវ ​សា​រ៉ា​យ ដេ​ញ​វាយ ​និង​មានប្រៀប​ឈ្នះ​សឹងតែ​គ្រប់ទឹក​តែម្តង តែ​យ៉ាងណា ​សា​រ៉ា​យ ​ឈ្នះ ​រដ្ឋា​ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ក្រោយពី​បញ្ចប់​ការប្រកួត​៥​ទឹក​នោះ។​



ធន់ ចាន់​តាក់ អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម បាន​ផ្ដួល​អ្នក​ប្រដាល់ ផន ភឿ​ត ក្លិប​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​។ ​ចំណែក ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​យកឈ្នះ​ ឡុង សម្ផស្ស អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ពិន្ទុ​ដែរ។​



អាន ទាវ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ក៏​ប្រកួត​ឈ្នះ​ កែវ ឌី​ណា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយ​ប៉ា​ក​ដោយ​ពិន្ទុ​ដែរ​៕


*​សង្វៀន​K.Cement​ ​



នៅ​លើ​សង្វៀន​ K.Cement របស់​SEA-TV កាលពី​រសៀល​ថ្ងៃ​សៅ​រិ៍​ ទី​០២ ខែ​មករា ឆ្នាំ​២០១៦​ ឡៅ ផា​នាថ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ដែល​ឡើង​ប្រកួត​ជំនួស​ តក់ សោ​ភ័​ណ្ឌ​ នោះ បាន​វាយ​ចាញ់​ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​ដោយ​ពិន្ទុ។​



​ក្នុង​ការ​ប្រកួត​ប្រាំ​ទឹក​នោះ ឡៅ ផា​នាថ វាយ​ចាញ់​នុ​រាជ​ដាច់​តែម្តង ព្រោះថា ​ផា​នាថ ​មិន​សម​ធ្វើជា​ដៃគូ​ប្រកួត​ជាមួយ​ ធា នុ​រាជ​ នោះ​ឡើយ។​



គុន សំណង អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ចាញ់​ ម៉ន រ៉ៃ​យ៉ា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ ខណៈ​ដែល ​យុគ យក្ស​ខួច អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​និង​កីឡា​ខេត្ត​បាត់​ដំបង ប្រើ​ពេល​តែ​៣​ទឹក​ប៉ុណ្ណោះ ក្នុង​ការ​ផ្ដួល​ សែត ប៊ូ​កើត អ្នក​ប្រដាល់​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ​ឲ្យ​បោះបង់​ការប្រកួត បន្ទាប់ពី ​ប៊ូ​កើត ​បែក​ឈាម​ខ្លាំង​ហូរ​កាត់​ភ្នែក រំខាន​ដល់​ការប្រកួត​នោះ ហើយ​គ្រូពេទ្យ​បាន​បញ្ឈប់​លែង​ឲ្យ​​ប្រកួត​តែម្តង។​

​ ​

សំរាំង ភក្តី អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង បាន​ប្រកួត​ឈ្នះ​ សែម ឆ​វ័​ន្ត អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង​ក្នុង​ទឹក​ទី​៣​ដែរ៕​


4-1-2016j7


4-1-2016j6


4-1-2016j5


4-1-2016j4


4-1-2016j3


4-1-2016j2


4-1-2016j1


4-1-2016j




អ៊ុង វិ​រៈ ​ផ្ដួល ​Yorth Dachha​ ទឹក​១ ខណៈ​ វៀត ប៊ុន​ឌឿ​ន ​ឈ្នះ​ Yorth Sanan ដោយ​ពិន្ទុ​នៅ​SEA-TV

Post a Comment

0 Comments

Close Menu