Ad Code

រាជរដ្ឋាភិបាល​កម្ពុជា ​កែសម្រួល​ច្បា​ប់ប​.​ស​.​ស​ ដើម្បី​កំណត់​ឲ្យ​កម្មករនិយោជិត​អាច​ចូលនិវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ



ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កែសម្រួល​ច្បាប់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​ហៅ​កាត់​ថាប​.​ស​. ស​ដើម្បី​កំណត់​ឲ្យ​កម្មករ​អាច​ចូលនិវត្តន៍​បាន​នៅ​អាយុ​៦០​ឆ្នាំ​ដើម្បី​ទ្រទ្រង់​ដល់​ដល់​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​នៅពេល​ដល់​អាយុ​ចូលនិវត្តន៍​។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៨​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជានា​យក​បេ ឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​មានប្រសាសន៍ថា​ សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី ពិ គ្រោះ​យោបល់ និង​ប្រមូល​ធាតុ​ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្នុង​ន័យ​បំពេញបន្ថែម​ចំណុច​ណាមួយ​នៃ​សេចក្តី​ព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ឲ្យ​ស្រប​ទៅតាម​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​ដែល​កំពុង​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ស្វាហាប់​ប្រកបដោយ​ថាមភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



ជា​មួយ​គ្នា​នេះ​ដែរ ​លោក អ៊ុក សមវិទ្យា​បាន​បន្ត​ថា ​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ ដោយ​រួមបញ្ចូល​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​តាម​ផ្ទះ និង​បុគ្គល​ស្វ័យ​និយោជន៍។

​លោក​បាន​បន្ថែម​ថា ​កម្ម​ករ​និយោជិត​ដែល​មាន​លទ្ធភាព​ទទួល​បាន​របប​សោធន៍​និវត្ត​នេះ​បាន​លុះត្រា​តែ​មាន​គ្រប់​លក្ខណៈ​សម្បត្តិ​ដោយ​បាន​ចុះបញ្ជី​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មាន​អតីតភាព​ការងារ​និង​បាន​បង់​វិភាគទាន​ជាដើម​។



លោក​បាន​បញ្ជាក់​ថា ​«​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​យើង​អត់​មានកំណត់​អតីតភាព​ការងារ​ដូរ​ច្បាប់​ចាស់​រហូតដល់​២០​ឆ្នាំ​នោះ​ទេ ​គឺ​កម្មករនិយោជិត​ធ្វើការ​រយៈពេល​១២​ខែ​ហើយ​បាន​បង់​វិភាគទាន​ទៅ​អាច​ទទួលបាន​ប្រាក់​សោធន៍​និវត្តន៍​បាន​ហើយ នៅពេលដែល​ដល់​អាយុ​៦០​ឆ្នាំ​»​។

លោក អ៊ុក សមវិទ្យា​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពេល​បង់​បាន​១២​ខែ​ហើយ​បុគ្គលិក​កម្មករនិយោជិត​អាច​ទៅធ្វើ​ការ​នៅ​កន្លែង​ណាមួយ​ក៏បាន​ដែរ​ គឺ​មាន​ឈ្មោះ​រហូតដល់​ចូលនិវត្តន៍​តែម្តង​គឺថា​អតីតភាព​ការងារ​របស់​គាត់​មិន​មាន​ការបាត់បង់​ទេ​ហើយ​ប្រព័ន្ធ​នេះ​អាច​ផ្ទេរ​ពី​វិស័យ​ឯកជន​ទៅ​វិស័យ​សាធារណៈ​ពី​សាធារណៈ​ទៅ​ឯកជន​បានដែរ​។

លោក​បាន​បន្ត​ទៀត​ថា ​ក្នុងករណី​បង់​បាន​១២​ខែ​ហើយ​អត់​ការងារ​ធ្វើ​យើង​អាច​ឲ្យ​គាត់​បន្ត​បង់​ប្រាក់​វិភាគទាន​បាន​ដោយ​មិន​ប្រកាន់​ថា​គាត់​មានការ​ងារ​ធ្វើ​ឬ​អត់​នោះទេ​។

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង ដើម្បី​ផ្តល់​នូវ​របប​សន្តិសុខ​សង្គម​រួមមាន ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​នី​កម្ម​ភាព​ការងារ​។ ក្នុងនោះ ផ្នែក​នី​កម្ម​ភាព​ការងារ គឺជា​សមិទ្ធផល​ដ៏​ថ្មីស្រឡាង​មួយ ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​បន្ត​ថា សេចក្តី​ព្រាងច្បាប់​នេះ ពិតជា​ឧបករណ៍​គតិយុត្តិ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។​ដូចនេះ​ថ្នាក់ដឹកនាំ នៃ ប​.​ស​.​ស ត្រូវ​ខិតខំ​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ថែមទៀត លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ក៏ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ការអនុវត្ត​ច្បាប់​ថ្មី​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​បំផុត​។

ចំណែក​លោក​កាំ​ង​ម៉ូ​នី​កា អគ្គនាយករង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​មានប្រសាសន៍​ថា ​គាំទ្រ​ព្រោះ​ជា​គោលការណ៍​វា​ជា​គោលនយោបាយ​មួយ​ដែល​ល្អ​បាន​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករនិយោជិត​បានល្អ​ប្រសើរ​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​បាន​ស្នើ​ថា ​«​ការងារ​នេះ​ត្រូវធ្វើ​យ៉ាង​មិច​ត្រួតពិនិត្យ​មើលទៅ​លើ​និរន្តរភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ប្រព័ន្ធ​គ្រប់គ្រង​រួម​ទាំង​ប្រព័ន្ធ​គ្រប់គ្រង​ថវិកា ទឹកប្រាក់​នៅក្នុង​មូលនិធិ​។ អីចឹង​ថ្ងៃនេះ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ ដែល​បាន​ផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន​ផ្តល់​ជា​ធាតុ​ចូល​ដើម្បី​ឲ្យ​ទៅ​ថ្ងៃ​អនាគត​ទៅ​អនុវត្ត​ដោយ​ប្រសិទ្ធភាព​និង​មាន​និរន្តរភាព​ព្រោះថា​ប្រព័ន្ធ​នេះ​ត្រូវការ​អនុវត្ត​ក្នុង​រយៈពេល​វែង​រាប់រយឆ្នាំ​មិនមែន​ធ្វើ​តែ​បួនដប់​ឆ្នាំ​ចប់​នោះទេ​»​។

លោក​អ៊ុក​ សមវិទ្យា ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ច្បាប់​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះហើយ​នឹងដាក់​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ ដើម្បី​ជួយ​លើកកម្ពស់​ដល់​ការរស់នៅ​របស់​កម្មករ​និយោជិត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅពេលដែល​ពួកគាត់​ដល់​អាយុ​៦០​ឆ្នាំ​ដែល​ត្រូវ​ចូលនិវត្តន៍​។

គួរ​បញ្ជាក់​ថា ​សេចក្តីព្រាងច្បាប់​នេះ​ មាន​១១​ជំពូក​ស្មើនឹង​ជាង​១០០​មាត្រា​ដែល​មាន​ចែង​មាន​បួន​ផ្នែក​ធំៗ​រួមមាន​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​នី​កម្ម​ភាព​ការងារ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu