Ad Code

តំណាង​ប្រទេស​អ៊ីស្លាម​៥៧​ ចាត់ទុក​ការ​ធ្វើ​សមាហរណកម្ម​សន្តិភាព​ សុខដុមបនីយកម្ម​ របស់​កម្ពុជា​ជា​គំរូ​សម្រាប់​សហគមន៍​អន្តរជាតិ



ភ្នំពេញ ​៖​ លោកស្រី មាស ឡា​ត​លិ​ប​ណា តំណាង លោក​បណ្ឌិត យូ​សូ​ហ្វ អាល់​អូ​សៃ​មិន អគ្គលេខាធិការ នៃ​អង្គការ​សហប្រតិបត្តិការ​ឥស្លាម (OIC) ដែល​តំណាង​ឲ្យ​រដ្ឋ​ឥស្លាម ជា​សមាជិក​ចំនួន ៥៧​ប្រទេស បាន​លើក​ឡើង​ថា​ សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​សមាហរណកម្ម​សន្តិភាព សុខដុម​ប​នីយកម្ម និង​ការ​រួម​រស់​ជាមួយគ្នា និង​ការស្វែងរក​ភាពសុខដុមរមនា រវាង​ប្រជាជន និង​វប្បធម៌ គឺជា​ការសម្រេចចិត្ត​ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​ដ៏​ល្អ​បំផុត ជា​គំរូ​ល្អ​សម្រាប់​ប្រទេស​ដទៃ​នៅក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។



មានប្រសាសន៍​បែបនេះ នៅក្នុង​ឱកាស​នៃ​ពិធី​ទទួលទាន​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន របស់​សាសនិក​អ៊ីស្លាម​កម្ពុជា កាលពី​រាត្រី​ថ្ងៃ​ពុធ ១៥​កើត ខែជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៩ ឧសភា ២០១៨ ដែល​រៀបចំ​និង​អញ្ជើញ​ចូលរួម ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។



ថ្លែង​នៅក្នុង​ពិធី​ដែល​មាន​វត្តមាន​ប្រមុខ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កម្ពុជា និង តំណាង​អង្គទូត មេដឹកនាំ​អ៊ីស្លាម ស្ថាប័ន​អង្គការ អន្តរជាតិ អញ្ជើញ​ចូលរួម​ចំនួន​៣៣ ប្រទេស និង តំណាង​សហគមន៍​ខ្មែរឥស្លាម ជិត​៥០០០​នាក់ លោកស្រី​តំណាង​អគ្គលេខាធិការ​អង្គការ OIC បាន​បន្ត​ថា ការ​លើក កម្ពស់​ការ​អត់ឱន​ផ្នែក​សាសនា របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញ​យ៉ាងច្បាស់ នូវ​ផល​វិជ្ជមាន និង​ជា​កត្ដា​មួយ​ដែលនាំ​ឲ្យ​កម្ពុ​ជា​មាន​លក្ខណៈ​ខុសពី​បណ្តា​ប្រទេស​មួយចំនួន​។ ក្នុងនាម ជា​អង្គការ​អន្តររដ្ឋាភិបាល​ធំ​បំផុត​ទី​ពីរ​របស់​ពិភពលោក OIC បាន​ប្តេជ្ញាចិត្ត​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​លើកកម្ពស់ ការគោរព​គ្នា​ទៅវិញទៅមក និង​ភាពសុខដុមរមនា រវាង​ប្រជាជន សង្គម និង​វប្បធម៌​ខុសៗ​គ្នា ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ជា​សកល​។



អង្គការ​សហប្រតិបត្តិការ​ឥស្លាម នឹង​បន្ត​ជំរុញ​និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចូល​កម្ពុជា ជា​សមាជិក​អង្កេត​ការណ៍​នៅ​អង្គការ​នេះ​នា​ពេល​ខាង​មុខ​។ ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខដុមរមនា ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ ក្នុងការ​គោរ​ព​ប្រតិបត្តិ តាម​ជំនឿ​សាសនា​របស់ខ្លួន​។ ការរីកចម្រើន​របស់​កម្ពុជា​សព្វថ្ងៃ បាន​បង្ក​ភាពងាយស្រួល​គ្រប់បែបយ៉ាង​នៅ​កម្ពុជា ស្រប​នឹង​ប្រទេស​មាន​សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ កាន់តែខ្លាំង​ឡើង មធ្យោបាយ​ធ្វើ ដំណើរ​លើ​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន និង​កំពុង​រៀបចំ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ហើយ​មិនតែប៉ុណ្ណោះ ការ​ទំនាក់​ទំនង ជាមួយ​បណ្ដា​សហគមន៍​អន្ដរជាតិ ក៏​ត្រូវ​បាន​រីក​សុះសាយ​ដោយ​បាន​ការ​ចាប់​អារម្មណ៍ យ៉ាងច្រើន​ពី​បណ្ដា​ប្រទេស​នានា នៅ​លើ​សកលលោក ដូច្នេះ ហើយ លំហូរ​កំណើនសេដ្ឋកិច្ច កម្ពុជា ចេះតែ​កើនឡើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តែម្ដង​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu