ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកោះហៅតំណាងគណបក្សនយោបាយទាំង២០ ដើម្បីចូលរួមត្រួតពិនិត្យលើស្លាកសញ្ញាសម្គាល់របស់គណបក្ស ក៏ដូចជាអក្សរកាត់ផ្សេងៗខ្លួន នៅលើទម្រង់សន្លឹកឆ្នោត ដើម្បីយកទៅបោះពុម្ពសម្រាប់ប្រើប្រាស់នៅក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
បន្ទាប់បានត្រួតពិនិត្យលើឈ្មោះគណបក្ស អក្សរកាត់ និងស្លាកសញ្ញាសម្គាល់គណបក្សរៀងៗខ្លួន ដែលមានលើទម្រង់សន្លឹកឆ្នោតរួចហើយនោះ តំណាងគណបក្សនយោបាយទាំង២០ បានចុះហត្ថលេខាឯកភាព លើទម្រង់សន្លឹកឆ្នោតគំរូ ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំងអស់គ្នា ហើយក៏មានសំណូមពរមួយចំនួនផងដែរ។
ក្រឡោនរាងចតុកោណកែងរបស់គណបក្សនីមួយៗ ដែលមាននៅលើសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិថ្មីនេះ ត្រូវបានតម្រៀបចំនួន២ជួរ ដោយមួយជួរៗមាន ១០ គណបក្ស ហើយក្នុងក្រឡោនចតុកោណកែងនីមួយៗ មានចុះលេខរៀងគណបក្ស ស្លាកសញ្ញាសម្គាល់គណបក្ស ប្រអប់រាងការ៉េសម្រាប់គូសសញ្ញាគាំទ្រ ឈ្មោះគណបក្ស និងនៅខាងក្រោមឈ្មោះគណបក្សបន្តិច មានសរសេរជាអក្សរកាត់របស់គណបក្សនីមួយៗ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺប្រអប់រាងការ៉េសម្រាប់គូសសញ្ញាគាំទ្រ ត្រូវបានរំកិលពីខាងចុងនៃក្រឡោនចតុកោណកែង មកកៀកនឹងស្លាកសញ្ញាសម្គាល់គណបក្សវិញ។ ដោយសារ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សនយោបាយ ចូលរួមឈរឈ្មោះបោះឆ្នោតមានតែ៨គណបក្សទេ ប៉ុន្តែអាណត្តិថ្មីឆ្នាំ ២០១៨ នេះ មានរហូតដល់ទៅ ២០ គណបក្ស ប្រសិនបើដាក់ប្រអប់រាងការ៉េសម្រាប់គូសសញ្ញា នៅខាងចុងក្រឡោនចតុកោណកែងដដែល នោះអ្នកបោះឆ្នោតអាចនឹងគូសខុសពីគណបក្សដែលគាត់ចង់បោះឆ្នោតឲ្យ ដូច្នេះដើម្បីជៀសវាងការភ័ន្តច្រឡំ។
ទាក់ទងបញ្ហានេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប លើកឡើងថា ទោះបីអ្នកបោះឆ្នោតមិនគូសលើប្រអប់រាងការ៉េដែលនៅជិតស្លាកសញ្ញាគណបក្សក៏ដោយ ឲ្យតែមានគូសសញ្ញាផ្សេងៗដូចជាសញ្ញាខ្វែង សញ្ញាបូក ឆូត សញ្ញាជាដើមនោះ ក៏ចាត់ទុកជាសន្លឹកឆ្នោតបានការដែរ ឲ្យតែស្ថិតក្នុងក្រឡោនចតុកោណកែងរបស់គណបក្សណាមួយ កុំឲ្យតែសញ្ញាទាំងនោះឆ្លងក្រឡោនទៅគណបក្សដទៃ ហើយធ្វើបែបនេះ គឺដើម្បីកាត់បន្ថយសន្លឹកឆ្នោតអត់បានការ។
សូមបញ្ជាក់ថា នៅពេលពិនិត្យនោះ មានតំណាងគណបក្សមួយចំនួន បានស្នើសុំឲ្យ គ.ជ.ប បោះសន្លឹកឆ្នោតដែលមានរូបសញ្ញាគណបក្សជាពណ៌ធម្មជាតិ ប៉ុន្តែលោក ឌឹម សុវណ្ណារុំ បានឆ្លើយតបទៅវិញថា ការបោះឆ្នោតសន្លឹកឆ្នោតពណ៌ គឺត្រូវចំណាយថវិកាច្រើនណាស់ ដូច្នេះ គ.ជ.ប មិនមានលទ្ធភាពធ្វើកិច្ចការនេះឡើយ។ ថ្វីដ្បិតមានការទាមទារ និងសំណូមពរពីគណបក្សមួយចំនួនក្ដី ក៏លោក ឌឹម សុវណ្ណារុំ នៅតែបញ្ជាក់ថា ការអនុវត្តការងារទាំងអស់របស់ គ.ជ.ប គឺស្របទៅនឹងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនានា ហើយរាល់ការទាមទារណាដែលប្រាសចាកនឹងច្បាប់ គ.ជ.ប មិនអាចអនុវត្តន៍បានឡើយ ប៉ុន្តែចំពោះការទាមទារណាស្របនឹងច្បាប់ គ.ជ.ប មិនរុញរាក្នុងការបំពេញជូនដែរ។
បើតាមលោក ឌឹម សុវណ្ណារុំ សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ព ដើម្បីបម្រើដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ មានចំនួន១០,៥២៥,៦៥០សន្លឹក។ ក្នុងនោះសន្លឹកឆ្នោត៣២៩,២០០សន្លឹក ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះក៏មានសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលមន្ត្រី និងសន្លឹកឆ្នោតត្រៀមបម្រុងនៅតាមការិយាល័យបោះឆ្នោតនីមួយៗផងដែរ។ លោកបញ្ជាក់ទៀតថា ក្នុងសន្លឹកឆ្នោតមួយសន្លឹកចំណាយថវិកា៩៩០រៀល ដូច្នេះសន្លឹកឆ្នោតជាង១០លានសន្លឹកនេះ ត្រូវចំណាយថវិកាសរុប ១០,៤២០,៣៩៣,៥០០រៀល ស្មើនឹងជាង២.៦លានដុល្លារអាមេរិក។
ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងមានចំនួន២០ រួមមាន គណបក្ស “គណបក្សខ្មែររួបរួមជាតិ” លេខរៀងទី១, គណបក្ស “គណបក្សមាតុភូមិយើង” លេខរៀងទី២, គណបក្ស “គណបក្សពន្លឺថ្មី” លេខរៀងទី៣, គណបក្ស “សញ្ជាតិកម្ពុជា” លេខរៀងទី៤, គណបក្ស “ខ្មែរក្រោក” លេខរៀងទី៥, គណបក្ស “សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ” លេខរៀងទី៦, គណបក្ស “ប្រជាធិបតេយ្យមូលដ្ឋាន” លេខរៀងទី៧, គណបក្ស “ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ” លេខរៀងទី៨, គណបក្ស “រស្មីខេមរា” លេខរៀងទី៩, គណបក្ស “សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ” លេខរៀងទី១០, គណបក្ស “ខ្មែរសាធារណរដ្ឋ” លេខរៀងទី១១, គណបក្ស “ខ្មែរឈប់ក្រ” លេខរៀងទី១២, គណបក្ស “ហ្វ៊ុនស៊ិនប៉ិច” លេខរៀងទី១៣, គណបក្ស “ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច” លេខរៀងទី១៤, គណបក្ស “យុវជនកម្ពុជា” លេខរៀងទី១៥, គណបក្ស “ធម្មាធិបតេយ្យ” លេខរៀងទី១៦, គណបក្ស “ឆន្ទះខ្មែរ” លេខរៀងទី១៧, គណបក្ស “ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា” លេខរៀងទី១៨, គណបក្ស “ខ្មែរតែមួយ” លេខរៀងទី១៩ និងគណបក្ស “ប្រជាជនកម្ពុជា” លេខរៀងទី២០៕
Source: Kampuchea Thmey Daily
0 Comments