ភ្នំពេញ ៖ ដើម្បីបញ្ចៀសនូវការជន់លិចលើដងផ្លូវនានា ក្នុងពេលដែលមេឃធ្លាក់ភ្លៀងនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់កម្លាំងឲ្យចុះកាយអាចម៍ដី ឬកាកសំណល់ផ្សេងៗ ដែលបាំងមាត់លូធ្វើឲ្យស្ទះទឹកនោះ។
ជាក់ស្តែង នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និងលោក សាន ណារិទ្ធ ប្រធានប្រជាការពារស្តីទីខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវសំខាន់ៗ ១១ ខ្សែទៀត ដែលលោកអភិបាលរាជធានីភ្នំពេញ បានអោយរដ្ឋបាលខណ្ឌចុះរៀបចំក្នុង នោះមាន រួមមហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរវិថីព្រះស៊ីសុវត្ថិ ផ្លូវស៊ូស្រ៊ុន មហាវិថីសម្តេចសុធារស មហាវិថីព្រះសុរាម្រិតលេខ៤៧ ផ្លូវលេខ១០៦-១០៨-៩០-៨៨-៩២-៩៦ -ល-។
ក្នុងនោះរដ្ឋបាលខណ្ឌ បានបន្តធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសម្រាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌបានកំណត់ជូន និងរក្សាអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌបាញ់លាងសម្អាតនៅសួនច្បារ និងច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង និងបាញ់លាងសម្អាតនៅទីតាំងមួយចំនួនទៀតរួមមានដូចជា សួនច្បារមុខសណ្ឋាគារណាហ្គាវើល សួនច្បារព្រះបរមរតនៈរូប និងសួនច្បារមុខវិទ្យាស្ថានជាតិអប់រំ៕
Source: Kampuchea Thmey Daily
0 Comments