ភ្នំពេញ៖ នេះជាការបញ្ជាក់របស់កញ្ញា ប៊ុត កេរ៉ាឌី អគ្គនាយិកាក្រុមហ៊ុន ចេង ហ្វុង នៅក្នុងពិធីអបអរសាទរការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ចេង ហ្វ៊ុង អ៊ិនវេសម៉ិន កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភោគីត្រា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
តាមកញ្ញា ប៊ុត កេរ៉ាឌី មានមូលហេតុជាច្រើនដែលគួរតែវិនិយោគិនទាំងអស់ កំពុងផ្តោតមកនៅប្រទេសកម្ពុជា ជាពិសេសគឺស្ថិរភាពនយោបាយ និងមានមានវប្បធម៌ដ៏សម្បូរបែប។ ការកើនឡើងគួរឱ្យកត់សម្គាល់ចំពោះវិនិយោគិនបរទេស ដែលកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ដូចជា វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ការទទួលបានភាពជោគជ័យក្នុងកំណើនសេដ្ឋកិច្ចរបស់ខ្លួន បានបង្កើតបរិយាកាសទាក់ទាញសម្រាប់ការវិនិយោគបរទេស ហើយនេះគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់វិនិយោគិនទាំងនោះ ហើយការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នកំពុងបង្ហាញពីសក្តានុពលដ៏អស្ចារ្យ និងក្លាយជាកន្លែងទាក់ទាញសម្រាប់វិនិយោគិនទាំងឡាយ។ រាល់មូលហេតុខាងលើទាំងនេះ គឺជាការលើកទឹកចិត្តបំផុតសម្រាប់ជំរុញវិនិយោគិនក្នុងការសម្រេចចិត្តវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ចំណែកលោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន បានមានប្រសាសន៍ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ជាប់ៗគ្នា ដែលនាំឲ្យចំណូលរបស់ប្រជាជនមានការកើនឡើង និងមានជីវភាពកាន់តែធូរធារផងដែរ។ ដោយឡែកក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងប្រជុំជនកំពុងតែរីកលូតលាស់ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹក ជាក់ស្តែងដូចអ្នកទាំងអស់គ្នាឃើញច្បាស់នឹងភ្នែកស្រាប់ហើយថា មានរមណីយដ្ឋាន, សណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញគ្រប់មុខ, ផ្សារទំនើប, សំណង់ធំៗ ជាពិសេសអគារខ្ពស់ៗ បុរីគេហដ្ឋានថ្មីៗ កំពុងរីកដុះដាលដូចផ្សិត។
លោកស្រីបន្ដថា ការបង្កើតក្រុមហ៊ុន Cheng Fung Invetment នឹងរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ហើយលើសពីនេះទៀត ក្រុមហ៊ុនមិនត្រឹមតែជួយទាក់ទាញទុនវិនិយោគពីបរទេស និងទាក់ទាញទេសចរមកទស្សនាកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជាច្រើន ជាពិសេសប្រទេសចិនឱ្យកាន់តែរឹងមាំថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments