កោះកុង ៖ កាលពីថ្ងៃម្សិលមិញនេះ មន្ទីរអបរំ យុវជន និងកីឡាខេត្តកោះកុង សហការជាមួយមន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ព្រមទាំងទិវាកុមារកម្ពុជាឆ្នាំ ២០១៨ ក្រោមប្រធានបទ «ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះសុខភាពសម្រាប់កម្មករ និយោជិកវ័យក្មេង និងលុបបំបាត់ពលកម្មកុមារ»។
ពិធីនេះបានធ្វើឡើងនៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីលោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី លោកស្រី ឈុន រ៉ាវុធ ជាអភិបាលរងខេត្តកោះកុង។
នាឱកាសនោះ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តបានលើកឡើងថា ឆ្នាំនេះទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១ មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ" និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករ និយោជិកវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ» ដែលនេះគឺដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសការពារកុមារពីការរំលោភបំពានពលកម្មកុមារគ្រប់ទម្រង់ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ព្រមទាំងរស់នៅយ៉ាងសុខដុមរមនាជាមួយគ្រួសារនៅក្នុងសង្គម ដែលពោរពេញទៅដោយសន្តិភាព។
លោកស្រីបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា កំពុងរក្សាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរទូទាំងប្រទេស ដែលកត្តានេះបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីគោលដៅកសាងអនាគតកម្ពុជាមួយដ៏រុងរឿង ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ។
ទិវាដ៏មានសារៈសំខាន់នេះ បានជំរុញឲ្យយើងត្រូវខិតខំឲ្យបានខ្លាំងក្លាថែមទៀត លើការអនុវត្តសិទ្ធិចម្បងទាំងបួនរបស់កុមារឲ្យមានប្រសិទ្ធភាព ក្នុងនោះសិទ្ធទទួលបានការការពារ គឺជាសិទ្ធអាទិភាពចម្បងមួយ ដើម្បីការពារកុមារឲ្យរួចផុតពីហានិភ័យផ្សេងៗ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិតទុកដាក់ចំពោះកុមារដែលគ្មានគ្រួសារសាច់ញាតិ និងកុមារជាជនចំណាកស្រុកជាដើម។ កុមារ គឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments