Ad Code

ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ ១.៥៥០ ​ម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​បើកការដ្ឋាន​ស្ថាបនា​នៅ​ព្រឹក​នេះ



កែប ​៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ភូមិសាស្ត្រ​ឃុំ​អង្កោល​ ឆ្ពោះទៅកាន់​ផ្លូវ​លេខ​ ១៣៣២ នៃ​ស្រុក​ដំណាក់​ចង្អើរ​ មាន​ប្រវែង​ ១.៥៥០ ​ម៉ែត្រ​ ដែលជា​គម្រោង​រប​ស់ម​ន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត​កែប ត្រូវបានធ្វើ​ពិធីបើកការដ្ឋាន​ស្ថាបនា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៨ ក្រោម​អធិបតីភាព លោក កែន ស​ត្ថា អភិបាលនៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរដោយ​សហការី​ជាច្រើនរូប រួម​និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរជំនាញ​នានា កងកម្លាំងប្រដាប់អាវុធគ្រប់​អង្គភាព​។ ពិធី​នេះ​ក៏មាន​ការចូល​ពី​សំណាក់លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើយ៉ាងច្រើន​កុះករ​ផងដែរ​។
លោក ហង្ស សាវ៉ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កែប បានឱ្យដឹងថា ផ្លូវលំ​មួយខ្សែ​ដែលកំពុងបើក​ការដ្ឋាន​ស្ថាបនា​ក្រាល​ក្រួស​ក្រហម​នា​ព្រឹក​នេះ គឺមាន​ប្រវែង​ ១.៥៥០​ ម៉ែត្រ និង​មានទទឹងផ្លូវ​ប្រវែង ​៤ ​ម៉ែត្រ ដែលជា​គម្រោង​របស់​ម​ន្ទីរ​អភិវឌ្ឍន៍ជនបទ ប្រើ​កញ្ចប់​ថវិកា​របស់​រាជរដ្ឋាភិបាល​។​ ដោយឡែក ចំពោះ​ប្រឡាយ​ជាប់​ប្រប​គ្នា​ជាមួយ​តួ​ផ្លូវ​ដែលមាន​ប្រវែង​ដូចគ្នា (១.៥៥០​ម៉ែត្រ​) ក៏ត្រូវ​បាន​ស្តារ​ និង​ជួសជុល​ឡើងវិញ ​ដោយ​ការផ្តួចផ្តើមថវិការបស់​ឯកឧត្តម កែន ស​ត្ថា អភិបាលនៃ​គណៈ​អភិបាលខេត្ត​កែប​។មានប្រសាសន៍​សំណេះសំណាល លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើងថា បច្ចុប្បន្ន​ដោយសារ​ប្រទេស​យើង​មាន​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ការស្ថាបនា​ផ្លូវថ្នល់ ត្រូវបាន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​គិតគូរ​យកចិត្តទុកដាក់​បំផុត ដើម្បី​សម្រាលការលំបាក​របស់​ប្រជាពលរដ្ឋ​។​លោក​អភិបាលខេត្ត​បានបញ្ជាក់​ផងដែរ​ថា ការស្ថាបនា​ផ្លូវ​នៅ​ចំណុច​ភូមិ​អំពែង ឃុំ​អង្កោល​នេះ នឹងផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ មានលទ្ធភាព​ក្នុងការ​ប្រកបការងារ​ ឬ​ធ្វើអាជីវកម្ម​ផ្សេងៗ ដូចជា​ការធ្វើ​ចរាចរ​បាន​លឿន​រហ័ស ពិសេស​ក្មួយៗ ចៅៗ​ ជា​សិស្សានុសិស្សទៅ​រៀន​​នៅសាលា​បាន​ទៀងទាត់ ​ដោយ​គ្មាន​ឧបសគ្គ​ទៀតផង​។ លោកអភិបាលខេត្ត​បន្តទៀតថា បើ​យើង​មាន​ផ្លូវ​ត្រូវតែ​មានសង្ឃឹម ថែមទាំង​ធ្វើឱ្យ​ជីវភាពរបស់ប្រជាពលរដ្ឋ​ក្នុង​តំបន់​កាន់តែ​ធូរធារ និង​រីកចម្រើន​ជា​លំដាប់ ព្រោះ​បើ​មាន​ផ្លូវ​ស្អាតតំបន់​នេះ​នឹងមាន​កំណើនសេដ្ឋកិច្ច​យ៉ាងពិត​ប្រាកដ គឺ​ដី​ពិតជា​មានតម្លៃ​ខ្ពស់​មិន​ខាន​។

ជាមួយនេះ លោក កែន ស​ត្ថា អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រខាងលើ ត្រូវ​ជួយ​ថែរក្សា​ផ្លូវលំ​មួយ​ខ្សែ​នេះ​ឱ្យបាន​គង់វង្សយូរអង្វែង​ សម្រាប់​បន្តទៅ​កូនចៅគ្រប់​ជំនាន់ ពិសេស​ជាង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំភ្លេច​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​២៩ ​ខែកក្កដា ឆ្នាំ​ ២០១៨ ខាងមុខនេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើ​សរើស​អ្នកដឹកនាំ​ប្រទេស​ប្រកបដោយ​ការរីកចម្រើន មានសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu