ភ្នំពេញ៖ មុខសញ្ញាដែលជំនាញខាងវះយកកាបូបលុយពីភ្ញៀវដែលមកចូលទិញអីវ៉ាន់តាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសន្តិសុខផ្សារបន្លែច្បារអំពៅ ចាប់ខ្លួន។
យោងតាមប្រភពពីលោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា នៅវេលាម៉ោង ៦ និង ១០ នាទីព្រឹក ថ្ងៃទី២៦ ខែឧសភានេះ កម្លាំងសន្តិសុខផ្សារច្បារអំពៅ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ លឹម អុល អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលស្ត្រីរូបនេះត្រូវបានជនរងគ្រោះចង្អុលមុខថា ជាអ្នកវះហោប៉ៅខោគាត់យកកាបូបដៃ ខណៈពេលដែលមកទិញអីវ៉ាន់នៅផ្សារបន្លែច្បារអំពៅ មានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកប្រធានផ្សារបានបន្តថា នៅក្នុងកាបូបរបស់ស្ត្រីរងគ្រោះឈ្មោះ ហុង សូដានី អាយុ៣៨ឆ្នាំមាន ទីលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ (ក្បែរផ្សារ) មានលុយ ១០០ ដុល្លារ លុយខ្មែរ ១៥ ម៉ឺនរៀល រួមទាំងអត្តសញ្ញាណប័ណ្ណ និងនាមប័ណ្ណ។
លោក សាន់ ប៊ុនណា បានឲ្យដឹងទៀតថា ខណៈពេលដែលកម្លាំងសន្តិសុខផ្សារបស់លោកចាប់ខ្លួនបញ្ជូនទៅនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ គឺមានប្រជាពលរដ្ឋជាច្រើនចង់ស្ទុះមកវាយតាមកំហឹង ព្រោះស្ត្រីខាងលើតែងតែធ្វើសកម្មភាពវះហោប៉ៅយកកាបូបលុយតាមផ្សារមិនដែលខកខាន តែ ថ្ងៃនេះជាថ្ងៃស៊យក៏ត្រូវជាប់អន្ទាក់សន្តិសុខផ្សារ។ ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់ធ្លាប់រងគ្រោះដោយសារចោរវះយកកាបូបលុយ រហូតដល់បាត់លុយខានទិញម្ហូប ធ្វើឲ្យក្រុមគ្រួសារចោទថាយកលុយទៅធ្វើអ្វីផ្សេង ដោយមិនដឹងថាបាត់លុយព្រោះចោរលួចនេះឯង៕
Source: Kampuchea Thmey Daily
0 Comments