ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលតែងតែដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈជានិច្ច ហើយយើងមានថ្ងៃនេះក៏ដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍។
គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យតែម្តងនាបច្ចុប្បន្ននេះ។ ទាំងនេះគឺជាការលើកឡើងរបស់លោក សុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា បក្សសង្កាត់គោករកាចំនួន ១០៨ នាក់ នៅសហគមន៍ជ្រេសថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បន្តថា យោងទៅលើគុណសម្បត្តិនេះ សូមបងប្អូនបន្ដគាំទ្រដល់គណបក្សប្រជាជនកម្ពុជា កុំជឿតាមការញុះញង់ពីក្រុមអគតិមួយចំនួន ដែលចង់បំផ្លាញសន្ដិភាព ភាពរីកចំរើននៅកម្ពុជា សូមបងប្អូនគិតពិចារណាឲ្យបានល្អិតល្អន់ ព្រោះអ្នកធ្វើតែងមានការខុសឆ្គងខ្លះ តែបើអ្នកមិនបានធ្វើសោះមានកំហុសមកពីណា ហើយដើម្បីការពារសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត យើងទាំងអស់គ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នា។លោកបញ្ជាក់ថា យើងមានអ្វីមកដល់ថ្ងៃនេះក៏ដោយសារប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គស្ថាបនិក នៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ ការស្ដារប្រទេសជាតិឲ្យមានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញលើឆាកអន្តរជាតិ ហើយបាននិងកំពុងកែប្រែមុខមាត់ប្រទេសជាតិឲ្យមានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារជាបន្តបន្ទាប់ បើគ្មានថ្ងៃ៧មករាទេ ក៏យើងគ្មានថ្ងៃនេះដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកាក្កដា ឆ្នាំ២០១៨ ដែលខិតជិតមកដល់ខាងមុខនេះ។ជាចុងក្រោយ លោក សុខ សម្បត្តិ ក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ និងមន្ត្រីបក្ស ត្រូវខិតខំបំពេញការងារទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើសំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នាការពារសមិទ្ធផលទាំងឡាយរបស់គណបក្សប្រជាជនកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្សនៅជាអមតតរៀងទៅ។ ក្នុងឱកាសនោះផងដែរ លោក សុខ សម្បត្តិ ក៏បានចែកថវិការបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកាចំនួន ១០៨ នាក់ ក្នុងម្នាក់ៗទទួលបានចំនួន ២ ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments