ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកធ្វើការឃាត់ខ្លួនបានជាក់ស្តែង ខណៈជិះម៉ូតូមកឆក់ទូរស័ព្ទដៃពីបុរសម្នាក់នៅពេលដែលបុរសរូបនោះបើកបរបណ្តើរនិយាយទូរស័ព្ទបណ្តើរ ហើយដោយសារតែខឹងពេកក៏បានបើករថយន្តដេញបុកជនសង្ស័យបណ្តាលអោយបាក់ភ្លៅ ទើបប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចចាប់បានទាំង២នាក់តែម្តង។
ជនសង្ស័យទាំង២នាក់នេះ ត្រូវបានប៉ូលិសឃាត់ខ្លួនបានកាលពីរាត្រី ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១និង៣០នាទី នៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវ លេខ៦០៦ កែងផ្លូវលេខ៣១៣ ក្រុម ទី៣៨ ភូមិ៨ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ១-ឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ រថភ្លើង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ រងរបួសបាក់ភ្លៅខាងឆ្វេងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ។ ២-ឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ។
វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045 ដែលមានលេខតួនិងលេខម៉ាស៊ីន: 400495។ សោទីបលេខ៨ សំប៉ែតកែច្នៃសម្រាប់កាច់កម៉ូតូចំនួន០១ (ចាប់យកពីឈ្មោះ ឡែតពន្លក ហៅ ខ្មៅ)។
ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ (ក្រោយកើតហេតុពុំបាន ដាក់ពាក្យបណ្ដឹងទេ បើកឡានចេញទៅបាត់)។
បើតាមមន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទបាន បើករថយន្តមួយគ្រឿងម៉ាក COROLA ពណ៌ទឹកមាស ពុំច្បាស់ស្លាកលេខ តាមបណ្ដោយផ្លូវ៦០៦ លុះពេលមកដល់ចំណុចផ្លូវ កែង៣១៣ ក្រុម ទី៣៨ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជនរងគ្រោះក៏បានលើកទូរស័ព្ទ ដៃមកនិយាយលើឡាន បណ្ដើរ បើកឡានបណ្ដើរ ខណៈនោះក៏ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045មកអែបក្បែរ ហើយជនសង្ស័យឈ្មោះ ឡែត ពន្លក បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីដៃរបស់ជនរងគ្រោះ បានសម្រេចតែម្តង។ ក្នុងស្ថានភាពបែបនេះ ជនរងគ្រោះក៏បានបើកឡានដេញបំបុកម៉ូតូរបស់ជនសង្ស័យទាំងពីរនាក់រហូតដួលម៉ូតូ និងធ្វើអោយបាក់ជើងខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ភ្លាមនោះជនរងគ្រោះពុំស្គាល់អត្តសញ្ញាណក៏ បានមកយកទូរស័ព្ទពីដៃជនសង្ស័យទាំងពីរនាក់មកទៅវិញ ហើយបានបើករថយន្តចាកចេញទៅបាត់ ដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ។ ចំណែកជនសង្ស័យទាំងពីរក៏ត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ជួយឃាត់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ចាត់ការតាមផ្លូវច្បាប់តែម្ដង។ ដោយឡែកជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ដោយសារភ្លៅខាងឆ្វេងបាក់ ក៏ត្រូវបានសមត្ថកិច្ចយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកជនសង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ បានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរខាងលើជនសង្ស័យឈ្មោះ វ៉ែន ប៉ាលី ហៅ ទូ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនសង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments