នៅឆ្នាំ២០១៨ (IFAD)បានឯកភាពសម្រេចបង្កើតគំរោងថ្មីមួយឈ្មោះថា (សម្បត្តិ )ជាមួយក្រសួងអភិវឌ្ឍន៍ជនបទដើម្បីផ្សារភ្ជាប់រវាងប្រជាពលរដ្ឋរស់នៅទីប្រជុំជន និងប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាល។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង លោក Nigel Brett នាយក និងប្រធានក្រុមបេសកកម្មនៃមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា (IFAD) បានសម្រេចឯកភាពបង្កើតគម្រោងថ្មីមួយឈ្មោះថា (សម្បត្តិ ) ជាមួយក្រសួងអភិវឌ្ឍន៍ជនបទដោយផ្ដោតការយកចិត្តទុកដាក់ទៅលើទីផ្សារកសិកម្ម និងផលិតផលជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ឲ្យដូចប្រជាពលរដ្ឋរស់នៅទីប្រជុំជននៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថា នៅចុងឆ្នាំ២០១៨ គម្រោងនឹងចាប់ផ្ដើមសិក្សា ហើយនិងដាក់បញ្ជូនទៅក្រុមប្រឹក្សាភិបាលនៃមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មពិនិត្យ និងសម្រេច។ គម្រោងនេះបានយកចិត្តទុកដាក់ទៅលើការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសគឺផ្លូវជនបទធ្វើអំពីបេតុង ដើម្បីបង្កលក្ខណងាយស្រួលដល់ការដឹកជញ្ជូនផលិតផលរបស់ប្រជាពលរដ្ឋនៅជនបទពីតំបន់ដាច់ស្រយាលទៅទីផ្សារ និងទីប្រជុំជនបានទាន់ពេលវេលា។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍ និងបានជម្រាបជូនភ្ញៀវអំពីវិស័យសំខាន់ៗដែលក្រសួងអភិវឌ្ឍន៍ជនបទបាននឹងកំពុងអនុវត្តគឺ ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងនោះមានការកែលម្អផ្លូវជនបទពីផ្លូវក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ដែលមានភាពធនទៅនិងការបម្រែបម្រួលអាកាសធាតុ។
ជាមួយនេះក្រសួងបានយកចិត្តទុកដាក់ទៅលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមគោលដៅអភិវឌ្ឍសហស្សវត្ស គឺនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យគ្រប់គ្រាន់ប្រកបដោយនិរន្ដរភាព ដែលទាំងនេះស្របពេលដែលក្រសួងសម្រេចអនុវត្តបានកម្មវិធី ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលបាននៅតាមបណ្ដាលស្រុកមួយចំនួនរួចហើយ។
ជាមួយនេះ ក្រសួងបានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស បណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការបង្កើតមជ្ឈមណ្ឌលផ្សេងៗ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្រេចឯកភាពគ្នាថា នឹងខិតខំបន្តកិច្ចសហប្រតិបត្តិការនេះតទៅទៀតក្នុងនាមជាដៃគូដើម្បីឲ្យគម្រោងថ្មីនេះទទួលបានជោគជ័យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
Source: Kampuchea Thmey Daily
0 Comments