ភ្នំពេញ ៖ ការផ្តល់ការអនុគ្រោះពន្ធលើការបង់ពន្ធប្រថាប់ត្រាតែ១ដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យច្រើនដង ដែលបានចុះបញ្ជីរួច នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្រោយពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាពជាគោលការណ៍។ នេះបើតាមការបង្ហាញឲ្យដឹងក្នុងពិធីផ្សព្វផ្សាយបន្ត ផ្តល់អនុគ្រោះបង់ពន្ធប្រថាប់ត្រា តែ១ដងចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងដោយមានវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកកែម សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដា និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដោយពិនិត្យឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យចុងក្រោយ ដែលពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រាច្រើនដងគ្រប់ដំណាក់កាលនៃការផ្ទេរអចលនទ្រព្យ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាពជាគោលការណ៍ ដើម្បីបន្តផ្តល់ការអនុគ្រោះបង់ពន្ធប្រថាប់ត្រាតែមួយដង លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅត្រឹមថ្នាក់សង្កាត់ខណ្ឌ។
លោកបញ្ជាក់ថា ចំពោះសុពលភាពនៃការអនុវត្តគឺត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ។ ដូច្នេះ ក្នុងនាមយើងជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់បើកការប្រជុំតាមភូមិ ហើយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើលិខិតជំនួយស្មារតីទៅភូមិ ដើម្បីផ្សព្វផ្សាទៅប្រជាពលរដ្ឋ សំខាន់កុំជះទឹកដាក់គ្នា យើងជ្រកក្នុងតំបូលតែមួយត្រូវតែរួមគ្នាធ្វើការងារនេះឲ្យបានល្អ។ ក្រោយការប្រជុំផ្សព្វផ្សាយឲ្យប្រជាជនបានដឹងឮដល់កម្រិតណាហើយនោះ អាជ្ញាធរខណ្ឌ ត្រូវរាយការណ៍មកក្រុងវិញ ដើម្បីយើងរាយការណ៍ពីការងាររបស់យើងទៅក្រសួងមហាផ្ទៃ។
លោកឃួង ស្រេងបានធ្វើការណែនាំថា កន្លងមកនេះមានមន្ត្រីសុរិយោដីនៅខណ្ឌ វាស់វែងដីជូនប្រជាពលរដ្ឋមានការយឺតយ៉ាវ ហើយមានមន្ត្រីខ្លះមានការទារលុយគេថែមទៀត។
លោកថា បើការទារលុយគេ ចំកន្លែងក្តៅវាក្តៅហើយ សូមឲ្យប្រយ័ត្នប្រយែងខ្លួន ល្មមដល់ពេលត្រូវលាត់ជើងខោ ចុះជួយប្រជាពលរដ្ឋហើយ កុំបង្កការលំបាកឲ្យប្រជាពលរដ្ឋទៀត។
លោកស្នើឲ្យលោកចៅសង្កាត់ចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីចង់ដឹងពីការចង់បានរបស់ប្រជាពលរដ្ឋ យើងជួយប្រជាពលរដ្ឋឲ្យចំគោលដៅដែលពួកគាត់ចង់បាន។ សម្រាប់កម្មវិធីថ្ងៃនេះចៅសង្កាត់ត្រូវធ្វើការផ្សព្វផ្សាយឲ្យពួកគាត់បានយល់ដឹង ដើម្បីឲ្យពួកគាត់ទៅបង់ព័ន្ធចុងក្រោយ។
លោកកែម សម្បត្តិ បានមានប្រសាសន៍លើកឡើងថា អគ្គនាយកដ្ឋានពន្ធដារជាសេនាធិការឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋាភិបាល ក្នុងការប្រមូលពន្ធដើម្បីផលប្រយោជន៍ថ្នាក់ក្រោមជាតិ ដូច្នេះថ្នាក់ក្រោមជាតិត្រូវប្រឹងប្រែង ដើម្បីបានលុយមកអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ ការប្រមូលពន្ធត្រូវបង្កភាពងាយស្រួលឲ្យពួកគាត់ នៅពេលពួកគាត់មកបង់ព័ន្ធនិងធ្វើឲ្យអស់សក្តានុពល និងជំរុញដាក់សេចក្តីប្រកាសទៅដល់អ្នកជាប់ពន្ធ។
លោកបន្តទៀតថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើឲ្យមានភាពងាយស្រួល ឲ្យអ្នកបង់ពន្ធ រួចហើយដែរ ដូចជាការបង់ពន្ធតាមធនាគារជាដើម។ ការងារនេះយើងសម្រេចបានជោគជ័យ៦ឆ្នាំជាប់គ្នា ជាមួយនឹងការប្រមូលព័ន្ធបានកើនឡើងរហូត។ ទាំងនេះបានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋភ្ញាក់រលឹក។ លោកបញ្ជាក់ថា នៅភ្នំពេញចំណូលពន្ធប្រមូលបានច្រើនជាងគេពោលគឺមានរហូតទៅដល់៩៣ទៅ៩៤ភាគរយឯណោះ៕
Source: Kampuchea Thmey Daily
0 Comments