Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍​នៅ​ខេត្ត បាត់ដំបង



បាត់ដំបង ​៖ នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត (Battambang Conch Cement Company Limited) ដែលមាន​ទីតាំងនៅ​តំបន់ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង។

រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខន​ស៍ ស៊ី​មេន ត្រូវ​បាន​សង់​នៅ​លើ​ទីតាំង ​ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ៣១៦ ហិកតា និង ប្រើ​រយៈពេល​សាងសង់​ចំនួន ១៨ ខែ​គិត​ចាប់តាំងពី​ចុងឆ្នាំ ២០១៦​។ ការបង្កើត​រោងចក្រ​នេះ​ប្រើ​ទុនវិនិយោគ​ប្រមាណ ២៣០ លាន​ដុល្លារ​អាមេរិក ​ដែល​ជា​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Conch International Holding (HK) Limited មកពី​ហុងកុង និង ក្រុមហ៊ុន Battambang KT Cement Co.,Ltd ។

រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខន​ស៍ ស៊ី​មេន លីមីត​ធី​ត គឺជា​រោងចក្រ​ដ៏​ធំ​មួយ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ ៥.០០០ តោន​ក្នុង​មួយថ្ងៃ ឬ ស្មើនឹង​ជិត ២ លាន​តោន​ក្នុង​មួយឆ្នាំ។ ក្រុមហ៊ុន​នេះ​ នឹង​ផលិត​ស៊ីម៉ងត៍​ចំនួន​ពីរ​ប្រភេទ​គឺ​និមិត្ត​សញ្ញា​ខន​ស៍ ពណ៌​ក្រហម និង ខន​ស៍ ពណ៌​ខៀវ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។

បើតាម​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ ២០១៨ ទៅ​កម្ពុជា​ អាច​ផ្គត់ផ្គង់​តម្រូវការ​ស៊ីម៉ងត៍​ក្នុងស្រុក​បាន​ដោយ​ខ្លួនឯង។ កម្ពុ​ជាមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ខ្លួនឯង បាន​ប្រមាណ​៧​លាន​តោន​ក្នុង​មួយឆ្នាំ​ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន។

បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​ស៊ីម៉ងត៍​ចំនួន​៤ រួមមាន​៖
ទី​១-​រោងចក្រ​កំពត ស៊ី​មេន ខូ​អិ​ល​ធី​ឌី (Kampot Cement Co., Ltd) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ​។​

ទី​២- រោងចក្រ​ស៊ីម៉ងត៍​កម្ពុជា ចក្រី​ទីង (Cambodia Cement Chakreyting Co., Ltd) មាន​ទីតាំងនៅ​ស្រុក​កំពត ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១,១​លាន​តោន​ក្នុង​មួយឆ្នាំ​។​

ទី​៣-​រោងចក្រ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​ស៊ិន (Chip Mong Insee Cement Corporation) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ​ហើយ​ដែល​បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨​កន្លងទៅនេះ។

ចំណែក​រោងចក្រ​ទី​៤ គឺរោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត ដែល​នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការផលិត​ស៊ីម៉ងត៍​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃស្អែក​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu