Ad Code

រថយន្ត​ជាង​១០​គ្រឿង ​សម្រុក​ដឹកឈើ​ប្រណីត​ទៅ​វៀតណាម សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​​ធ្វើ​ព្រងើយ



រតនគិរី​ ៖ ​រថយន្ត​បា​ឡែ​ន ជាង​១០​គ្រឿង ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មិន​ត្រូវ​បាន​សមត្ថកិច្ច​​​ឈរជើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ចាប់ពី​ស្រុក​បរកែវ​រហូតដល់​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ធ្វើ​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ឡើយ។

ជាក់ស្តែង​នា​ព្រឹក​ព្រលឹម ថ្ងៃ​ពុធ ២​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ គេ​បានឃើញ​រថយន្ត​លុចស៊ីស​ វី​ហ្គោ​​ និង​បា​ឡែ​ន ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​គគ្រឹកគគ្រេង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ហើយ​សមត្ថកិច្ច​ដែល​យាម​តាម​ដងផ្លូវ​ជាតិ​ទាំងនោះ រួមមាន នគរបាល​ក្រសួងមហាផ្ទៃ យោធា​ស្រុក យោធា​ខេត្ត យោធា​វរ​ការពារ​ព្រំដែន​គោក​លេខ​១០២ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ ដែល​ឈរជើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ មិនបាន​ទប់ស្កាត់​នោះ​ទេ។

បើ​រថយន្ត​ដឹកឈើ​មួយ​ណា​មិនបាន​ប្រាប់​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨ នៅ​ស្រុក​អូ​រយ៉ា​ដាវ​នោះ គេ​នឹង​បង្ក្រាប​ភ្លាមៗ​តែម្តង​។​

រថយន្ត​ដែល​ដឹកឈើ​ប្រណីត​ទាំងនេះ គឺ​សុទ្ធ​តែមាន​ពាក់​ស្លាក​លេខ​សម្គាល់​ឲ្យ​សមត្ថកិច្ច​បានដឹង ដោយ​ទី​១-​រថយន្ត បា​ឡែ​ន (​ពណ៌​ស​) ពាក់​ស្លា្ល​ក​លេខ 4384 ទី​២-​រថយន្ត បា​ឡែ​ន (​ពណ៌​ត្រេ​អ៊ី​) ពាក់​ស្លាក​លេខ 6381 ទី​៣-​រថយន្ត បា​ឡែ​ន (​ពណ៌​ស​) ពាក់​ស្លាក​លេខ 9636 ទី​៤-​រថយន្ត បា​ឡែ​ន (​ពណ៌​ប្រផេះ​) ពាក់​ស្លាក​លេខ 8531 ទី​៥-​រថយន្ត​បា​ឡែ​ន (​ពណ៌​ខ្មៅ​អត់​ស្លាក​លេខ​មុខក្រោយ​) ទី​៦-​រថយន្ត បា​ឡែ​ន (​ពណ៌​ស​) ពាក់​ស្លាក​លេខ 8335 ទី​៧-​រថយន្ត បា​ឡែ​ន (​ពណ៌​ស​) ពាក់​ស្លាក​លេខ 8355 ទី​៨-​រថយន្ត ឡិច​ស៊ី​ស​470 (​ពណ៌​ខ្មៅ​) ពាក់​ស្លាក​លេខ ភ្នំពេញ 2N-0340 ទី​៩-​រថយន្ត បា​ឡែ​ន (​ពណ៌​ស​) ពាក់​ស្លាក​លេខ 1620 ទី​១០-​រថយន្ត បា​ឡែ​ន (​ពណ៌​ស អត់​ស្លាក​លេខ​មុខក្រោយ​) និង​ទី​១១-​រថយន្ត វី​ហ្គោ​​ (​ពណ៌​ខ្មៅ​) ពាក់​ស្លាក​លេខ ភ្នំពេញ 2D-8641។

ជុំវិញ​ករណី​ខាងលើនេះ លោក ធឿន ប្រធាន​ក្រុម​គោលដៅ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា​នេះ ថា ដោយសារ​លោក​ពុំមាន​កម្លាំង​គ្រប់គ្រាន់​ទៅ​ទប់ស្កាត់​រថយន្ត​ដឹកឈើ​ទាំង​នោះទេ គឺមាន​កម្លាំង​ពីរ​បីនាក់​ប៉ុណ្ណោះ ហើយ​ថ្នាក់លើ​មិនបាន​ឲ្យ​កម្លាំង​របស់លោក​ធ្វើ​សកម្មភាព​ដេញ​ឡាន​ណាមួយ​ទេ។

លោក សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​សារព័ត៌មាន មិនអាច​សុំ​ការ​បំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​តែ​មិន​មាន​អ្នកទទួល។

ចំណែក លោក អ៊ី ចំរើន ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា​នេះ ថា លោក​កំពុង​ជាប់​មក​បេសកកម្ម​នៅ​ភ្នំពេញ ឲ្យ​ទៅ​សួរ​លោក​ប្រធាន​ស្នាក់ការ​នៅ​ច្រកទ្វារ​ទៅ លោក​មាន​តួនាទី​ជា​អនុប្រធាន​ទេ​។​

ដោយឡែក លោក កង សារឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថ្ងៃ​ដដែល​នេះ ថា លោក​មិនបាន​នៅ​ច្រកទ្វារ​នោះទេ ឲ្យ​ទៅ​សួរ​នគរបាល​អន្តោប្រវេសន៍​ជា​អ្នក​កាន់​បា​រ៉ា​ស​នោះ​ទៅ គាត់​ជាប់រវល់​នៅ​ឆ្ងាយ​។​

រូបភាព​នេះ គឺ​សបញ្ជាក់​ឲ្យ​ឃើញថា សមត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរ​អូរ​យ៉ា​ដាវ​មួយ​នេះ មិន​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​បាន​ហូរ​ចូល​យ៉ាង​គគ្រឹកគគ្រេង​នេះ​ទេ ហើយ​នៅពេល​អ្នកសារព័ត៌មាន​សួរនាំ គឺ​សមត្ថកិច្ច​ទាំងនេះ​ឆ្លើយ​រុញ​ដាក់គ្នា​ទៅវិញទៅមក៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu