ប្រទេសថៃ ៖ ជនជាតិថៃម្នាក់ ដែលមានមុខរបរជាអ្នកបើកបររថយន្ត ដឹកអ្នកដំណើរត្រូវបានកម្លាំងតម្រួតថៃ ធ្វើការឃាត់ខ្លួនដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាពលការិនីខ្មែរ ដោយបានចោទប្រកាន់ទៅលើបុរសម្នាក់ថា បានចាប់រំលោភខ្លួនរហូតបានសម្រេចនៅក្នុងរថយន្ត ខណៈដែលខ្លួនបានធ្វើដំណើរវិលត្រឡប់មកលេងស្រុកកំណើត។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅលើកំណាត់ផ្លូវទៅកាន់សណ្ឋាគារ៩១ កណ្តាលទីរួមស្រុក វុំាងណាំយិន ខេត្តស្រះកែវ ប្រទេសថៃ ដែលជនសង្ស័យរូបនេះមានឈ្មោះ សុង សុមផាត់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ៥ ឃុំ សៃថង ស្រុក ខ្លងហាត ខេត្តស្រះកែវ មានមុខរបរជាអ្នកបើកបររថយន្តតួរីស ដឹកអ្នកដំណើរលេខ ស្រះកែវ ១០.០៧៩៧ រត់លើផ្លូវពីផ្សាររោងក្លឿ ទៅកាន់ ផាតាយ៉ា។
បើតាមការអះអាងពីនារីរងគ្រោះ ដែលជាពលការិនីកម្ពុជា អាយុ៣៣ឆ្នាំ ទៅធ្វើការនៅក្នុងប្រទេសថៃ បាននិយាយថា កាលពីថ្ងៃទី២៤ ខែឧសភា នាងបានធ្វើដំណើរតាមរថយន្តនេះ ក្នុងទិសដៅពី កាប៊ីនបុរី ទៅកាន់ផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត ដើម្បីទៅលេងស្រុកកំណើត នៅឯកម្ពុជា។
គឺនៅពេលនោះគេបានបើករថយន្តទៅបញ្ចូលហ្គាស៍ ប៉ុន្តែលុះដល់កន្លែងស្ងាត់ អ្នកបើកបរក៏បានចាប់ខ្លួនរំលោភនៅលើកៅអីខាងក្នុងរថយន្តនោះរហូតបានសម្រេច។ ក្រោយមកនាងក៏បានទូរស័ព្ទទៅប្រាប់ស្វាមី ( រស់នៅក្នុងប្រទេសថៃដូចគ្នា ) ដើម្បីដាក់ពាក្យប្តឹងទៅសមត្ថកិច្ច។
ក្រោយពេលចាប់ខ្លួនដើម្បីយកមកសាកសួរ នៅក្នុងស្ថានីយតម្រួត វុំាងណាំយិនគឺមានក្រុមគ្រួសារ សាច់ញាតិ របស់ជនសង្ស័យ ពិសេសក៏មានលោក វាសនា ពោធិថងមេឃុំសៃថង ផងដែរ សរុបប្រមាណ ជិត១០នាក់ បានធ្វើដំណើរមកកាន់ស្ថានីយតម្រួត ដើម្បីចរចា និងទាក់ទងសុំធានាខ្លួនជនសង្ស័យរូបនេះអោយមានសេរីភាព លើកលែងពីការឃុំខ្លួន។
អ្វីដែលពិតប្រាកដនោះគឺ នៅម៉ោង១០ ព្រឹកថ្ងៃទី២៦ នេះ ក្រុមតម្រួតបានធ្វើការឃុំខ្លួនបុរសដែលជាអ្នកបើកបររថយន្តជាបណ្តោះអាសន្នសិន ដោយមិនអោយលើសពី២៤ម៉ោងនោះឡើយ ដើម្បីនាំយកនារីរងគ្រោះដែលជាជនជាតិខ្មែរ ទៅកាន់មន្ទីរពេទ្យ វុំាងណាំយិនក្នុងការពិនិត្យទៅតាមបច្ចេកវិទ្យា D N A លើរូបរាងកាយ និងលើអ្វីដែលពាក់ព័ន្ធនឹងករណីរំលោភនេះ។
ជាចុងក្រោយក្រុមតម្រួតថៃ ក៏បានអនុញ្ញាតអោយសាច់ញាតិ និង ក្រុមគ្រួសាររបស់ជនបង្ក អាចមានសិទ្ធិធានាខ្លួនបានដោយកំណត់អោយដំកល់ប្រាក់ចំនួន ២០០ ០០០បាត( ពីរសែនបាត ) ដោយនៅពេលនេះដែរ គឺក្រុមគ្រួសារកំពុងពិភាក្សាគ្នាក្នុងការរកប្រាក់មកតម្កល់៕
Source: Kampuchea Thmey Daily
0 Comments