Ad Code

តុលាការ ​ចេញ​ដីកា​កោះហៅ​មនុស្ស​៨​នាក់​ទៀត ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា នៅ​ខែក្រោយ



ភ្នំពេញ ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីការ​ផ្សេងៗ​គ្នា កោះហៅ​សាក្សី​ចំនួន​៨​នាក់​ទៀត ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ពាក់ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៤២ ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ របស់​ជន​ត្រូវ​ចោទ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ចោទ​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ចាប់ពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ។

តាម​ដីកា​ចេញ​ដោយ​របស់លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ការិយាល័យ​យើង​ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ បាន​កោះហៅ​សាក្សី​ចំនួន​៨​នាក់ ឲ្យ​ចូល​តាម​ពេលវេលា​ផ្សេងៗ​គ្នា រួមមាន ទី​១, អ្នកស្រី ចក់ សុភាព ចូលខ្លួន​នៅ​ថ្ងៃទី​៧ ខែមិថុនា ទី​២, លោក ប៉ា ងួនទៀង ចូលខ្លួន​នៅ​ថ្ងៃទី​៩ ខែមិថុនា ទី​៣, លោក គ្រី សុង ចូលខ្លួន​នៅ​ថ្ងៃទី​៥ ខែមិថុនា ទី​៤, លោក សៀ ភារ​ម្យ ចូលខ្លួន​នៅ​ថ្ងៃទី​១២ ខែមិថុនា ទី​៥, លោក កែវ រតនា ចូលខ្លួន​នៅ​ថ្ងៃទី​១៥ ខែមិថុនា ទី​៦, លោក ខឿន វី​រ៉ាត់ ចូលខ្លួន​នៅ​ថ្ងៃទី​១៣ ខែមិថុនា​ ទី​៧, លោក មាស គឹម​សេង ចូលខ្លួន​នៅ​ថ្ងៃទី​៧ ខែមិថុនា ទី​៨, លោក ហេង ពិសិដ្ឋ ចូលខ្លួន​នៅ​ថ្ងៃទី​១៣ ខែមិថុនា។



បើ​តាម​ដីកា​បាន​បញ្ជាក់​ទៀត​ថា សាមី​ខ្លួន​ត្រូវ​អញ្ជើញ តាម​ដីកាកោះ​នេះ​ឲ្យ​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទិន​នឹង​រឿង​ខាងលើ​ទៅជា​មួយ​ប្រសិន​មាន​។ ជាមួយ​គ្នា​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះ​អនុវត្តន៍​ប្រគល់​ដីកា​​កោះហៅ ដល់​សាក្សី​ទាំង​៨​នាក់ រួច​ហើយ។

លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ទិដ្ឋភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ទិដ្ឋភាព​​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូសរ៉ាយ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។ លោក​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧។

ទាក់ទង​ករណី​នេះដែរ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង ដែល​មេធាវី​លោក កឹម សុខា ប្តឹង​ប្រឆាំងនឹង​ការសម្រេច​ពន្យារពេល​ឃុំខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រោយពី​បញ្ចប់​សវនាការ លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​តម្កល់​សាលដីកា របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ពោលគឺ​បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រយៈពេល​៦​ខែ​បន្តទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu