Ad Code

សម្តេច​តេ​ជោ​៖ គណបក្ស​ប្រជាជន​មិនមែន​ដឹកនាំ​រាជរដ្ឋាភិបាល​ត្រឹមតែ ៣០-៤០​ឆ្នាំ នោះទេ តែ​នឹង​កាន់អំណាច​ជា​រៀងរហូត



​ត្បូងឃ្មុំ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ដឹកនាំ​រាជរដ្ឋាភិបាល​ត្រឹមតែ​រយៈពេល ៣០ ឆ្នាំ ទៅ ៤០ ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​គណបក្ស​ប្រជាជន​កម្ពុជា​មានបំណង​នឹង​កាន់អំណាច​រហូត​ទៅ។



ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​បែបនេះ​ នៅក្នុង​ឱកាស​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស​ស្រុក​ត្បូងឃ្មុំ​ និង ​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក ថ្ងៃទី២ ខែមិថុនា នេះ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​ត្បូងឃ្មុំ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា “...​តាមរយៈ​ស្នាក់​ការ​គណបក្ស​ដ៏​ធំ​មួយ​នេះ​គេ​អាច​យល់ថា នេះ​មិនមែន​ជា​ការ​ឆក់​កណ្តៀត​ម្តងម្កាល​ដូចដែល​គណបក្ស​មួយចំនួន​បាន​ធ្វើ​នោះទេ​។



ក៏ប៉ុន្តែ​មូលដ្ឋាន គណបក្ស​មិនមែន​គ្រាន់តែ​ជា​ការ​កាន់អំណាច​ត្រឹម​រយៈពេល ៣០ ឆ្នាំ ទៅ​៤០ ឆ្នាំ​កន្លង​ទៅ​នេះ​ទេ តែ​យើង​មាន​គម្រោង​នឹង​កាន់អំណាច​រហូត​ទៅ​បាន​ជា​នៅ​គ្រប់​ទីកន្លែង ទាំងអស់​ថ្នាក់ឃុំ ស្រុក ខេត្ត និង នៅក្នុង​ក្របខណ្ឌ​ថ្នាក់​កណ្តាល គឺមាន​មូលដ្ឋាន​គណបក្ស​យ៉ាងរឹងមាំ​”។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ លោក ជា សុផារ៉ា ដែល​បាន​ខិតខំ​កសាង​នូវ​សមិទ្ធផល​ដ៏​ធំ​នេះ​ឡើង ដែល​ជា​គ្រឹះ​ដ៏​រឹងមាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។



លោក ជា សុផារ៉ា អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ​នេះ​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ចំពោះ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ ក៏ដូចជា​ខេត្ត​ត្បូងឃ្មុំ។

អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ​នេះ មាន​បណ្តោយ ៨០​ម៉ែត្រ​គុណ​នឹង ៥៤ ម៉ែត្រ មាន​កម្ពស់ ២​ជាន់​។ សំណង់ ធ្វើ​ពី​បេតុង ដែក ឥដ្ឋ​និង​ដំបូល​ប្រក់​ក្បឿងស្រកាលេញ​និង​ស័ង្កសី​ស្ថិតនៅលើ​ផ្ទៃដី​សរុប ១៥,២០២​ម៉ែត្រការ៉េ។

អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​មួយ​នេះ ជាទី​ស្នាក់​ការ​ធំ​ជាង​គេ​ដែល​មាន​សាលប្រជុំ​អាច​ដាក់​មនុស្ស​បាន​ជាង​២៥០០នាក់​។ មាន​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ​ល្អ​សមស្រប និង​មានការ​តុបតែង​លម្អ​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​ប្រកបដោយ​សោភ័ណភាព​និង គុណ​ភាពល្អ​ប្រណិត ដើម្បី​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​។



គម្រោង​សាងសង់​អគារ​នេះ បាន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​កម្រិត​ខ្ពស់​ទាំង​គុណភាព សុវត្ថិភាព​ដោយ​រៀបចំ​ប្រព័ន្ធ​ពន្លត់អគ្គីភ័យ​។ នៅក្នុង​បរិវេណ​ផ្នែក​ខាងមុខ​អគារ​មាន​សួនច្បារ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​កម្ពុជា​(I lOVE CAMBODIA )​សម្រាប់​លម្អ​អគារ​។ បរិវេណ​ខាងមុខនេះ អាច​ចត​រថយន្ត​បាន​ជាង ១៥០​គ្រឿង​, របង និង ក្លោង​ទ្វារធំ​ទូលាយ សសរ​ក្លោង​ពីរ កម្ពស់​៩​ម៉ែត្រ លម្អ​ដោយ ម្កុដ​ទេវតា និង​មាន​ក្បាច់រចនា​បែប​ស្ថាបត្យកម្ម​ខ្មែរ​ល្អ​ប្រណិត។



លោក ជា សុផារ៉ា បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សមាជិក​គណបក្ស​សរុប ៣០៣.៤៩៥ នាក់ ក្នុង​នោះ​សមាជិក​ចំនួន ២៩៧.៤៧៨ នាក់ ស្មើនឹង ៩៨,០១ ភាគរយ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៧ មាន​អ្នកបោះឆ្នោត​ចំនួន ៤២៧.៤០៨ នាក់ ក្នុង​នោះ​អ្នកបោះឆ្នោត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៦៩,៦០ ភាគរយ ។ គណបក្ស​មាន​ទីស្នាក់ការ គណបក្ស​ខេត្ត ១ កន្លែង ទីស្នាក់ការ​បក្ស​គណបក្ស​ក្រុង ស្រុក ៧ កន្លែង និង ទីស្នាក់ការ​គណបក្ស​មូលដ្ឋាន​ឃុំ សង្កាត់​ចំនួន ៥១ កន្លែង លើ​ឃុំ សង្កាត់​សរុប ៦៤។

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៅ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ គណៈកម្មាធិការ​គណបក្ស​ខេត្ត​ប្តេជ្ញា​យក​ឲ្យ​បាន ៦ លើ ៨ អាសនៈ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu