Ad Code

ខ្សែប្រយុទ្ធ សុខ ផេង សំងំ​ធ្វើ​ការងារ​ជា​ចុងភៅ ក្រោយ​សម្រេច​ផ្អាក​អាជីព​បាល់ទាត់​មួយរយៈ



​កីឡាករ សុខ ផេង ដែលជា​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា និង​ជា​ខ្សែប្រយុទ្ធ​នៅ​ក្លិប​បឹងកេត បានសម្រេច​ចិត្ត​បោះបង់​អាជីព​បាល់ទាត់​មួយរយៈ​ពេល ដោយ​កំពុងធ្វើការ​ជា​ចុងភៅ​នៅ​ភោជនីយដ្ឋាន​បែប​អាហ្វ្រិក​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៧ កន្លងទៅ​និង​ជា​ពេលដែល​រូបគេ​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​។

​សុខ ផេង ដែល​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC President's Cup 2011 បាន​ប្រាប់​វិ​ប​សាយ​ផ្លូវការ CNCC ថា «​ក្រោយ​ចប់​លី​គ​២០១៧ ខ្ញុំ​សម្រាក​ពី​បាល់ទាត់​មួយរយៈ ដើម្បី​ទៅ​ជួយ​ប្អូន​ដំណើរការ​ហាង​បាយ​បែប​អាហ្វ្រិក​មួយ ក្នុង​ទីក្រុង​ភ្នំពេញ ហ្នឹង ដោយសារ​គាត់​ទើប​បើក​ដំបូង អញ្ចឹង​គាត់​ត្រូវការ​ជំនួយ​ច្រើន​ពី​ខ្ញុំ​។ ដូច្នេះហើយ​ទើប​នៅ​រដូវ​កាល​នេះ​ខ្ញុំ​អវត្តមាន​លើ​ទីលាន​»​។

ខ្សែប្រយុទ្ធ​ដែល​ធ្លាប់​លើ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ២​សម័យកាល​រូបនេះ​បាន​បង្ហើប​ពី​ការត្រៀម​ត្រឡប់​មកកាន់​សមរភូមិ​វាលស្មៅ​វិញ​ថា «​ខ្ញុំ​មិនបាន​បោះបង់​អាជីព​ហ្នឹង​ទេ ប្រហែល​ជើង​ទី​២​នេះ ឬ ឆ្នាំក្រោយ ខ្ញុំ​នឹង​អាច​ចូលរួម​ជាមួយ​ក្លិប​តូចៗ​ក្នុង​លី​គ​កំពូល ឬ ជា​ក្លិប​លី​គ​លំដាប់​២ ដើម្បី​បន្ត​វា​ឡើងវិញ​។ និយាយ​ទៅ ខ្ញុំ​នឹង​ជ្រើស​ក្លិប​ណាមួយ ដែល​អាច​ឲ្យ​ខ្ញុំ​មាន​ពេល​លេង​បាល់​ផង និង ជួយ​ធ្វើ​ចុងភៅ​នៅ​ហាង​ប្អូន​ផង​»។

ខ្សែប្រយុទ្ធ សុខ ផេង ហៅ នុង រូបគេ​បាន​ចាប់​អាជីព​ដំបូង​ជាមួយ​ក្លិប​ឆ្លាម​សមុទ្រ ក្រសួងការពារជាតិ ខេមរា​កីឡា និង​ភ្នំពេញ​ក្រោ​ន ខណៈ​នៅ​ឆ្នាំ​២០១២ រូបគេ​បានសម្រេច​ផ្ទេរ​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ ហើយ​នៅ​រដូវ​កាល​ឆ្នាំ​២០១៣ ដល់​២០១៦ រូបគេ​បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​បឹងកេត វិញ​ម្តង​។ ដោយសារ​មិនសូវ​ជាប់​ឈ្មោះ​ក្នុង​កៅអី​ជម្រើស​១១​នាក់​ដំបូង នៅ​រដូវ​កាល​ឆ្នាំ​២០១៦ រូបគេ​បាន​ងាក​ទៅ​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ហើយ​នៅ​ឆ្នាំ​២០១៧ រូប​បាន​ត្រឡប់​ទៅកាន់​បឹងកេត វិញ។

ជំនាន់​លោក Lee Tae Hoon នៅ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក​ធ្លាប់​បាន​កោះហៅ​កីឡាករ សុខ ផេង ឲ្យ​ក្នុង​ក្រុម​ជម្រើសជាតិ​ផងដែរ ខណៈ​រូបគេ​ធ្លាប់​បាន​លេង​លើ​ទីលាន​ក្នុងនាម​ជា​កីឡាករ​ជម្រើសជាតិ​ចំនួន​៤​លើក​ផងដែរ​។ រូបគេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ជាមួយ​ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំ​២០១១ និង​ឈ្នះ​១​លើក​ទៀត​ជាមួយ​បឹងកេត នៅ​ឆ្នាំ​២០១៧​។ នៅលើ​ឆាក​អន្តរជាតិ​រូបគេ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ក្នុង​ពាន AFC President's Cup 2011 ជាមួយ​ភ្នំពេញ​ក្រោន​ផងដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu