Ad Code

គ្រួសារ​អតីត​យុទ្ធជន​ដែល​បាន​ពលី​និង​មរណៈ​ដើម្បី​បុព្វហេតុ​ជាតិ​បាន​ទទួល​អត្ថប្រយោជន៍ ចំនួន​២ បន្ថែមទៀត ពី​រាជរដ្ឋាភិបាល



ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ចំនួន ២​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​គ្រួសារ​អតីត​យុទ្ធជន​ដែល​បាន​ពលី និង​មរណៈ ដើម្បី​បុព្វហេតុ​ជាតិ ដោយ​សម្តេច​បាន​បញ្ជាក់​ថា អត្ថប្រយោជន៍​ទាំងពីរ​នេះ រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២.៥៨០ លាន​រៀល ក្នុង​មួយឆ្នាំ​។



សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ដល់​គ្រួសារ​អតីតយុទ្ធជន​ដែល​បាន​ពលី​និង​មរណៈ​ដើម្បី​បុព្វហេតុ​ជាតិ នេះ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ឳ​កាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១​ឆ្នាំ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា។



សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​មុខ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំណត់​រួចហើយ​ក្នុង​គោលនយោបាយ​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​កសាង​និង​ការពារ​មាតុភូមិ​កម្ពុជា​ឆ្នាំ​២០១៨-២០២៣ ដោយ​រួមទាំង​អភិវឌ្ឍ​និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព និង ចីរភាព​ដែល​ជួយ​គាំពារ​ប្រជាជន​គ្រប់រូប​ពី​ហា​នី​ភ័យ​នានា ដោយ​មិន​ទុក​ឲ្យ​ប្រជា​ជនណា​ម្នាក់​ស្ថិតនៅ​ក្រៅ​ប្រព័ន្ធ​គាំពារ​សង្គម​ឡើយ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​រក្សា​ជំហរ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​។



​បចុប្បន្ន​នេះ អតីតយុទ្ធជន​សរុប​ចំនួន ៨៦.៩០៥ នាក់ ព្រមទាំង​អ្នក​នៅក្នុង​បន្ទុក​ចំនួន ១២៩.៧១៦ នាក់ កំពុង​ទទួល​ប្រាក់​របប​គោលនយោបាយ​ពីរ​ដ្ឋ ដែល​ប្រាក់​របប​នេះ​ត្រូវបាន​កែសម្រួល​ជា​បន្តបន្ទាប់​ស្របតាម​កំណើន​សេដ្ឋកិច្ចជាតិ និង​ការដំឡើង​ប្រាក់បៀវត្ស​មន្ត្រី​រាជការ​និង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ។ ចំពោះមុខ​នេះ រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ថា ក្រុម​គ្រួសារ​របស់​អតីតយុទ្ធជន​ដែលជា​ជន​ពលី​និង​មរណៈ​ទទួលរង​ការលំបាក​និង​បញ្ហា​ប្រឈម​ហិរញ្ញវត្ថុ​ដោយសារ​ពួកគាត់​បាត់បង់​ចំណូល​ដែលជា​ប្រាក់ឧបត្ថម្ភ​យោធិន​ទាំងស្រុង នៅពេល​អតីតយុទ្ធជន​ដែលជា​ជន​បង្គោល​ទទួលមរណភាព។



ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​គ្រួសារ​អតីតយុទ្ធជន​ដែល​បាន​ពលី និង​មរណៈ ដើម្បី​បុព្វហេតុ​ជាតិ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​លទ្ធភាព​ដោះស្រាយ​បញ្ហាលំបាក​នេះ ហើយ​ជា​លទ្ធផល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រេច​ផ្តល់ជូន​អត្ថប្រយោជន៍​បន្ថែមចំនួន ២ ប្រភេទ​គឺ ៖ ទី​១-​ក្នុង​ការបង់​វិភាគទាន ៧.០០០ រៀល​ក្នុង ១​ខែ ដែល​គ្រួសារ​អតីតយុទ្ធជន​ពលី​និង​មរណៈ ចំនួន ២៣.៣២២ នាក់​កំពុង​បង់​ជាប្រចាំ​ដល់​សមាគម​អតីត​យុទ្ធជន រាជរដ្ឋាភិបាល​នឹងចូលរួម​ជួយ​បង់ ៥០​ភាគរយ​ដែល​ស្មើនឹង ៣.៥០០ រៀល​។ ការ​បង់​វិភាគទាន​នេះ​គឺ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នានា​ពី​សមាគម​ដែល​រួមមាន ការ​ទទួល​បាន​ថវិកា​ចំនួន ៤​លាន​រៀល​សម្រាប់​រៀបចំ​បុណ្យសព​និង​សេវា​គាំទ្រ។ ជា​រួម រាជរដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ចំនួន​ប្រមាណ​៩៨០លាន​រៀល ក្នុង​១ ឆ្នាំ បន្ថែម​ទៀត​ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​រស់នៅ​របស់​គ្រួសារ​ជន​ពលី​និង​មរណៈ​នេះ។

ទី​២-​រាជរដ្ឋាភិបាល សម្រេច​ចំណាយ​ថវិកា​ប្រមាណ ១.៦០០ លាន​រៀល ក្នុង ១​ឆ្នាំ បន្ថែម​ទៀត ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ជូន​គ្រួសារ​ជន​ពលី​និង​មរណៈ​ទាំង​អស់ទាំង​ក្រុម​គ្រួសារ​ឥតគិតថ្លៃ​ជូន​គ្រួសារ​ជន​ពលី​និង​មរណៈ​ទាំងអស់​ទាំង​ក្រុមគ្រួសារ​ដែល​ជា​សមាជិក​និង​មិនមែន​សមាជិក​របស់​ស​មា​គម​អតីតយុទ្ធជន​ដែលមាន​ចំន​នួន​សរុប​ប្រមាណ ៥៦.៧០០​នាក់ តាមរយៈ​មូលនិធិ​សមធម៌។

​គួរ​រំលឹក​ថា កន្លងមក​រាជរដ្ឋាភិបាល​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​អតីត​យុទ្ធជន ជា​នីតិជន ជា​ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជន​ពិការ​តាមរយៈ ៖ ទី​១-​ការ​ទទួលប្រាក់​វិភាជន៍​គ្រួសារ ប្រាក់​បំណាច់​ឧបត្ថម្ភ​គ្រួសារ និង​កូន​ប្រចាំខែ​ដូច​ប្រាក់​វិភាជន៍​គ្រួសារ​ប្រចាំខែ​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ មក​។ ទី​២-​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ចំនួន ៥​ម៉ឺន​រៀល ។ ទី​៣-​ការ​កែប្រែ​ដំឡើង​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​ដល់​អតីតយុទ្ធជន​ជា​បន្តបន្ទាប់ ជាក់ស្តែង ប្រាក់​របប​សន្តិសុខ​សង្គម ប្រចាំខែ​ទាប​បំផុត​ត្រូវបាន​ដំឡើង​ពី ៤២ ម៉ឺន​រៀល​ក្នុង​ឆ្នាំ​២០១៧ ដល់ ៤៨ ម៉ឺន​រៀល​ចាប់ពី​ខែមេសា ឆ្នាំ​២០១៨។ ទី​៤-​ការដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​សេវា​កាត​អេ​ធី​អឹម តាម​ប្រព័ន្ធ​ធនាគារ​ទូទាំង ២៥ រាជធានី ខេត្ត ចាប់ពី​ឆ្នាំ​២០១៧ មក​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​បើកប្រាក់​របប​សន្តិ​សុខ​សង្គម​ប្រចាំខែ។ ទី​៥-​ការផ្ដល់សេវា​ថែទាំ​សុខភាព​សម្រាប់​អតីត​យុទ្ធជន​ក្នុង​ការ​ពិនិត្យ​និង ព្យាបាល​ជំងឺ​ដោយ​មិន​បង់ប្រាក់​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​និង​មន្ទីរពេទ្យ​ឯកជន​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៨ មក។ ទី​៦-​ដាក់ចេញ​និង​អនុវត្ត​គោលនយោបាយ​ស្ដីពី​ការផ្ដល់​សម្បទាន​ដី​សង្គមកិច្ច ដល់​អតីត​យុទ្ធជន​និង​គ្រួសារ​អតីតយុទ្ធជន ដោយ​បាន​កសាង​ភូមិ​អភិវឌ្ឍ​យោធិន​ពិកា ៣១៧ នៅ​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្តកំពត ,​មណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ ៣១៧ គូលែន​ខេត្តសៀមរាប​និង​មណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ ៣១៧ ភ្នំ​ឆ័​ត្រ នៅ​ខេត្តបន្ទាយមានជ័យ​។

នៅក្នុង​ឱកាស​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​បង្វែរ​ថវិកា​ចំនួន​១ លាន​ដុល្លារ ពី​ថវិកា​សម្រាប់​កសាង​បន្ទាយ​កងពល​លេខ​១២៨ ជូន​ដល់​សមាគម​អតីត​យុទ្ធជន សម្រាប់​កសាង​ផ្ទះ​ជូន​គ្រួសារ​អតីត​យុទ្ធជន បូក​ជាមួយ​ថវិកាជាតិ​ប្រមាណ ២០០០ លាន​រៀល​ទៀត​នោះ សមាគម​មាន​លុយ​នៅក្នុង​ដៃ​ប្រមាណ ៦០០០ លាន​រៀល ដើម្បី​កសាង​ផ្ទះ​ជូន​អតីត​គ្រួសារ​អតីតយុទ្ធជន។

ជា​មួយ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​បន្ត​ជួយ​ដល់​សមាគម​តាមរយៈ​ការផ្តល់​ថវិកា​ឬក៏​ការផ្តល់​ជាការ​សាងសង់​លំនៅដ្ឋាន​ជូន​ក៏បាន។

នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៨ នេះ សមាគម​អតីត​យុទ្ធជន​មាន​សមាជិក​សរុប​ចំនួន ៧៣.៩០៦ នាក់ ក្នុង​នោះ និវត្តន៍​ជន​ចំនួន ២៣.១៧៦​នាក់ ជន​បាត់បង់​សមត្ថភាព​ការងារ​ចំនួន​១.៤៩៧​នាក់ ជន​ពិការ​ចំនួន ២៥.៩១១​នាក់ គ្រួសារ ជន​ពលី​ចំនួន ២០.១៤៣​នាក់ ,​គ្រួសារ​ជន​មរណៈ​ចំនួន​៣.១៧៩​នាក់​ដែលមាន​អ្នក​នៅក្នុង​បន្ទុក​ប្រមាណ ១០៨.៨៧១​នាក់ ។



ក្នុង​នោះ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​ពង្រឹង​និង​ពង្រីក​ការងារ​ចាត់តាំង​តាម​រាជធានី ខេត្ត ទាំង ២៥ យ៉ាងរឹងមាំ ក្នុង​នោះ​មាន​គណៈកម្មាធិការ ស​.​អ​.​ក​. ក្រុង ស្រុក ខណ្ឌ​ចំនួន ១៨៩ សាខា ស​.​អ​.​ក​. ឃុំ សង្កាត់ ចំនួន ១.៥៥៣ និង​មាន​មន្ត្រី​ប្រតិបត្តិ​សរុប​ចំនួន ១៨.៨៨៨ នាក់។



សម្រាប់​ការ​បើក​ផ្តល់​ប្រាក់​បេឡា​មរណ​សង្គ្រោះ​វិញ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​ឲ្យ​ដឹងថា បាន​ដំណើរ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់ ពិសេស​ការចុះ​ប្រគល់​ប្រាក់​ដល់ដៃ​គ្រួសារ​សព​បាន​ទាន់​ថ្ងៃបុណ្យ​តែម្តង។ លើ​ការ​ជាក់ស្តែង​ឃើញថា នៅ​ក្នុង​ខែ​នីមួយៗ​មាន​សមាជិកសមាគម​ទទួលមរណភាព​គឺ​ប្រមាណ​ពី​១២០ សព ទៅ ១៦០​សព ដោយ​មូលហេតុ​រើ​មុខរបួស មាន​ជំងឺ​ប្រចាំកាយ ចាស់ជរា មាន​សុខភាព​ចាស់​ទ្រុឌទ្រោម និង គ្រោះថ្នាក់​ជាយ​ថ​ហេតុ​ផ្សេងៗ ដែលជា​មូលហេតុ​នៃ​ការកើនឡើង​ជា​បន្តបន្ទាប់​។

លោក​អគ្គលេខាធិការ​សមាគម​បាន​ឲ្យ​ដឹង​ថា រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ នេះ សមាជិក​ទទួលមរណភាព​មាន​ចំនួន​៥៧២​សព បើ​ប្រៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ កន្លងទៅ​កើនឡើង​៨១​សព។ ក្នុង​ចន្លោះ​ខួប​ទី​១០ មក​ខួប​ទី​១១ នេះ សមាគម​អតីត​យុទ្ធជន​កម្ពុជា​តា​ម​រាជធានី​ខេត្ត បាន​បើក​ផ្តល់​ប្រាក់​បេឡា​មរណ​សង្គ្រោះ​ជូន​ដល់​គ្រួសារ​សព​សមាជិក​សរុប​បាន​ចំនួន ១.៥៣២ សព ក្នុងនោះ ថវិកា​របស់​សម្តេច​តេ​ជោ​ប្រធាន​មាន​ចំនួន ២៩៧ សព​។

បើ​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម តាមរយៈ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​កន្លង​ទៅ​បាន​រក​ឃើញ​អតីតយុទ្ធជន​ជា​សមាជិកសមាគម​ដែល​បានទទួល​របប​ឧបត្ថម្ភ​គោលនយោបាយ​ពីរ​ដ្ឋ​មាន​ចំនួន​សរុប ៧៣.៩០៦ នាក់ និង​មាន​សាច់ញាតិ​នៃ​ក្រុមគ្រួសារ​គាត់​សរុប​មាន​ចំនួន ២៣១.៩៣៨ នាក់ ក្នុងនោះ​កូន​ដែលមាន​អាយុ ១៨ ឆ្នាំ​ឡើង​ចំនួន ២. ២៤០​នាក់ ។ សមាគម​បាន​រកឃើញ​ដែរ​ថា អតីតយុទ្ធជន ដែលមាន​ដី​អត់​ផ្ទះ ឬ មានផ្ទះ​មិន​សមរម្យ​ចំនួន ៣.០៥៧ គ្រួសារ​, អតីតយុទ្ធជន​ដែល​លំបាក​ខ្លាំងជាងគេ កំពុង​រស់នៅ​ជាមួយ​សាច់ញាតិ​បងប្អូន​គ្មាន​ទាំង​ដី គ្មាន​ទាំង​ផ្ទះ មាន​ចំនួន ៤.២៦១ គ្រួសារ​, អតីតយុទ្ធជន​រស់នៅ​លើដី​សាធារណៈ​មាន​ចំនួន ៦០៣ គ្រួសារ។

ឆ្លើយតប​ទៅនឹង​គុណបំណាច់​ដ៏​ធំធេង​របស់​វីរ​អតីតយុទ្ធជន សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​គិតគូរ​យកចិត្តទុកដាក់​ជាប្រចាំ​ដល់​សុខទុក្ខ និង ការ​លំបាក​របស់​បង​ប្អូន​។ ជាក់ស្តែង​ជា​រៀងរាល់​ឆ្នាំ សម្តេច​តេ​ជោ តែង​បាន​អញ្ជើញ​ដោយ​ផ្ទាល់ ឬ ចាត់​តំណាង​ចុះ​ជួប​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ នៅ​ភូមិ​អភិវឌ្ឍន៍​ទាំង ៣ កន្លែង (​កោះស្លា គូលែន និង​ភ្នំ​ឆ័​ត្រ​)​។ ក្នុង​ឆ្នាំ​២០១៧-២០១៨ នេះ សម្តេច​តេ​ជោ​ប្រធាន បាន​សាង​សង់ផ្ទះ​ជូន​អតីតយុទ្ធជន​ក្រីក្រ​និង​គ្រួសារ បាន​សរុប​ចំនួន ៦៩៩​ខ្នង​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu