Ad Code

៥​ខែ​ដើម​ឆ្នាំ​នេះ​ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទទួល​បាន​អំណោយ​ឈាម​ជាង​៣​ម៉ឺន​៥​ពាន់​ប្លោក



ភ្នំពេញ​ ៖​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​បាន​មានប្រសាសន៍​ថា ​នៅក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០១៨​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ទទួល​បាន​អំណោយ​ឈាម ប្រមាណ​ជាង ៣៥០០០​ប្លោក នៅ​ទូទាំង​ប្រទេស។

លោក ហុក គឹម​ចេង បាន​ថ្លែង​នៅក្នុង​ឱកាស​ចូលរួម​កម្មវិធី​ទឹកចិត្ត​មនុស្សធម៌ រៀបចំ​ដោយ​មន្ទីរពេទ្យ​ជោ​រៃ ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា​ឲ្យ​ដឹងថា ឆ្នាំ​២០១៨​នេះ សេចក្ដីត្រូវការ​ឈាមមាន សន្ទុះ​កើនឡើង​ជាង​ឆ្នាំ​២០១៧ ក្នុង​អា ត្រា ពី​១៥ ទៅ​២០​ភាគរយ។

ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​ការប្រើប្រាស់​ឈាមមាន​ការកើនឡើង​លោក​វេជ្ជបណ្ឌិត​ហុក​គឹម​ចេង​ បាន​បញ្ជាក់ថា​ ដោយសារតែ​តំរូវការ​ឈាមមាន​ចំនួន​កាន់តែច្រើន​ពិសេស​ជំងឺ​មួយចំនួន​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ដូចជា​ទាក់ទិន​នឹង​ជំងឺ​ ការ​ហូរឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ករណី​នៃ​ការ​ហូរ ឈាម​មិន​ប្រក្រតី​នៅមុន​និង​ក្រោយពេល​សម្រាលកូន ករណី​ជំងឺ​ខ្សោយ​តម្រង​នោម​ និង​ករណី នៃ​ការ​ព្យាបាល​ថែទាំ ជំងឺមហារីក​។​ល​។​ ​

បច្ចុប្បន្ន​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មិន​គិត​កម្រៃ​មាន​ចំនួន​ត្រឹម​៣៥​ភាគរយ​ប៉ុណ្ណោះ​ ចំណែក​៦៥​ភាគរយ​ទៀត​ជា​ការ​ដោះដូរ​អំណោយ ឈាម តាមរយៈ​សាច់ញាតិ​អ្នកជំងឺ​បរិច្ចាគ​ជំនួស​។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រូប​នោះបាន​មានប្រសាសន៍ថា​ «​ខ្ញុំ​ចង់បាន​បងប្អូន​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​មិន​ចង់បាន​ពេលដែល​ក្រុមគ្រួសារ​មានការ​ខ្វះ​ឈាម​ទើប​មក​បរិច្ចាគ​នោះទេ​ បើ​ក្នុង​១​គ្រួសារ​មាន​ម្នាក់​មក​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នោះ​ជឿជាក់ថា​ ឈាម​មិនមាន​ការខ្វះខាត​ហើយក៏​មិនចាំបាច់​ឲ្យ​សាច់ញាតិ​ផ្តល់​ឈាម​ដែរ​»​។​ ​

លោក​បាន​បន្ថែមថា ​នៅ​ឆ្នាំ​ខាងមុខ​មជ្ឈមណ្ឌល​នេះ​នឹង​ខិត​ជំរុញ​អ្នក​មក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​១០០​ភាគរយ​ឲ្យ​បាន​រហូតដល់​៥០​ភាគរយ​ហើយ ឈានទៅដល់​១០០​ភាគ រយ​នៅមុន​ឆ្នាំ​២០២០ ស្របតាម អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​តម្រូវ​ឲ្យ​ប្រទេស ដែល​កំពុង​អភិវឌ្ឍន៍​ធានា​នៃ ការផ្គត់ផ្គង់​ឈាម និង​ផលិតផល​ឈាម​ពី​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​មិន​គិត​កម្រៃ​១០០​ភាគរយ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​អះអាង​ថា ​រាល់​ការ​បរិច្ចាគ​ឈាម​របស់​អ្នក​ស្ម័គ្រចិត្ត គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ឡើយ ដោយ​គ្រាប់​ឈាម​បន្ទាប់ពី​បរិច្ចាគ​វា​នឹង កកើតឡើង​វិញ​ហើយ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ​ ធានា​បាន​ឈាម​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​សម្រាប់​ជួយសង្គ្រោះ អាយុជីវិត​អ្នកជំងឺ​ព្រោះ​ឈាម​ដែល​បាន មក​ទាំងអស់នោះ ​ត្រូវ​យកទៅ វិភាគ​ស្វែងរក​មេរោគ​យ៉ាង​ត្រឹមត្រូវ​មុននឹង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

សូម​រំលឹក​ថា ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ទទួល ​និង​ផ្គត់ផ្គង់ ឈាម​ប្រមាណ ៧៥០ ០០​ប្លោក ​ខណៈ ឆ្នាំ​២០១៨​នេះ​ បើតាម​ការប៉ាន់ស្មាន មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ត្រូវការ ឈាម​ប្រមាណ ៨៥០០០​ប្លោក សម្រាប់​ជួយ​ដល់​អ្នកជំងឺ ក៏ដូចជា​ប្រជាពលរដ្ឋ ត្រូវការ ឈាម ដែល​សម្រាក​ព្យាបាល នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu