ភ្នំពេញ ៖ នៅថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានចេញ សេចក្តីប្រកាសព័ត៌មាន ពីតម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ នានា ដែលកំណត់ដោយ អន្តរក្រសួងរយៈពេល១០ថ្ងៃម្តង ដោយមិនអនុញាត ឲ្យតាមស្ថានីយ លក់លើសពីតម្លៃដែលក្រសួងបានកំណត់ឡើយ។
ក្រសួង បានឲ្យដឹងថា តម្លៃប្រេង និងម៉ាស៊ូត ដែលក្រសួង កំណត់ឲ្យលក់ គឺ ប្រេង សាំង ធម្មតា មួយលីត្រ តម្លៃ ៤៣០០រៀល និងប្រេងម៉ាស៊ូត ៤១០០ រៀល។ ក្រសួងបានឲ្យដឹងថា ការកំណត់នោះ គឺធ្វើឡើងតាមការឡើងចុះតាមទីផ្សារអន្តរជាតិ មានរយៈពេល ១០ថ្ងៃ ម្តង រាងរាល់ខែ គឺបន្ត ចាប់ ពីថ្ងៃទី ០២ ដល់ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៨ ដោយ តម្រូវឲ្យ ស្ថានីយ ក៏ដូចជាដេប៉ូ លក់ ប្រេង សាំង ធម្មតា លក់ទៅតាមការកំណត់ របស់ ក្រសួង មិនអនុញាតឲ្យ លក់ លើសពី តម្លៃដែលបានកំណត់នោះឡើយ លើក លែងតែ តម្លៃសាំង ស៊ុបព៊ែ គឺ ឡើងចុះតាមទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះនៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី“ការកែសម្រួលតម្លៃសម្រាប់ការលក់ផលិតផលប្រេងឥន្ធនៈនៅកម្ពុជា” ដោយកំណត់ថាការកំណត់តម្លៃសម្រាប់ប្រេងសាំងស៊ុបពែរ (EA95)នឹងពុំមានតទៅទៀតឡើយ គឺមានតែ សាំងធម្មតានិង ប្រេង ម៉ាស៊ូត តែប៉ុណ្ណោះ។
សេចក្តីប្រកាសអន្តរក្រសួងថ្មីនេះ ត្រូវបានចុះហត្ថលេខារួមគ្នាដោយរដ្ឋមន្ត្រី នៃស្ថាប័នសំខាន់ៗចំនួនបីគឺ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ដែលមានខ្លឹមសារផ្តោតសំខាន់លើការកំណត់តម្លៃសម្រាប់ការលក់ផលិតផលប្រេងសាំងស៊ុបពែរ (EA95), ប្រេងសាំងធម្មតា (EA92) និងប្រេងម៉ាស៊ូត ឲ្យមានលក្ខណៈប្រសើរជាងមុន។
សេចក្តីប្រកាសបានសម្រេចថា ចាប់តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ការកំណត់តម្លៃសម្រាប់ប្រេងសាំងស៊ុបពែរ (EA95)នឹងពុំមានតទៅទៀតឡើយ។ ស្របគ្នានេះ តម្លៃសម្រាប់ប្រេងសាំងធម្មតា (EA92) នឹងត្រូវបញ្ចុះពី 0,23 ដុល្លារ/លីត្រ មកនៅត្រឹម0,22 ដុល្លារ/លីត្រ, តម្លៃសម្រាប់ប្រេងម៉ាស៊ូត នឹងត្រូវបញ្ចុះពី 0,27 ដុល្លារ/លីត្រ មកនៅត្រឹម 0,25 ដុល្លារ/លីត្រ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments