ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងពីរនាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូលឿនជ្រុលទៅបុកជាមួយរថយន្តហាយឡែនឌ័រ ដែលកំពុងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង ហើយរថយន្តបង្កបានគេចខ្លួនបាត់ស្រមោលភ្លាមដែរ។
ហេតុការណ៍នេះ បានកើតមានឡើងកាលពីរាត្រីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៤០នាទី នៅចំណុចគល់ស្ពានអាកាស៧មករា (ខាងកើត) តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសមូលដ្ឋានខណ្ឌទួលគោកបានអោយដឹងថា ជនរងគ្រោះ ឈ្មោះឈួន វិសាល អាយុ១៨ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិធំ ឃុំកំពែង ស្រុកគីវង់ ខេត្តតាកែវ បានបាក់ក ស្លាប់នៅកន្លែងកើតហេតុ ហើយមិត្តភក្ដិ២នាក់ទៀតរងរបួសធ្ងន់។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Icon ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AW-8036 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ ធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ត្រឡប់ឆ្វេងដៃ បម្រុងបត់ត្រឡប់ក្រោយវិញ ដោយមិនបានប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់។ ភ្លាមៗនោះរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។ ចំណែកអ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាន យកម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំសមត្ថកិច្ចធ្វើការស្រាវជ្រាវ រករថយន្តបង្កឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments