Ad Code

ពលករ​ខ្មែរ​វាយ​គ្នា​នឹង​ដំបង​ឈើ​ជ្រុង ស្លាប់​ម្នាក់​នៅ​ខេត្ត ឈុន​បុរី



ប្រទេស​ថៃ​ ៖ ​ជនរងគ្រោះ​ម្នាក់ ​ដែល​ជា​កម្មករ​ខ្មែរ​ ​ធ្វើការ​នៅក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​ បាន​ស្លាប់​ភ្លាមៗ​ ក្រោយពី​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​ដែល​ជនរងគ្រោះ​រូបនេះ​ កំពុង​អង្គុយ​ធ្វើការ​សុខៗ ស្រាប់​តែ​មាន​ជនជាតិ​ខ្មែរ​ដូចគ្នា បាន​លប​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ចំក្បាល​ពីក្រោយ ព្រមទាំង​បាន​វាយ​បន្ថែម​ទើប​រត់​គេច​ខ្លួន។

ហេតុការណ៍​ ដែល​យើង​ទទួល​បាន​ពី​សារព័ត៌មាន​ថៃ​នេះ​ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ ថ្ងៃត្រង់ នៅ​ត្រង់​ចំណុច​ទីតាំង​កន្លែង​បាញ់ថ្នាំ​រថយន្ត​មួយ​កន្លែង​ លេខ ១៩/១ ស្ថិត​ក្នុងភូមិ​១​ ឃុំ​ណង​រី ​ស្រុក​មឿង​ ខេត្ត​ឈុន​បុរី ​ ប្រទេស​ថៃ​ ដោយ​ជនរងគ្រោះ​មានឈ្មោះ វ៉ា គឹម​សេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា​ ជនរងគ្រោះ​រស់នៅ​ក្នុង​ខេត្ត​ណា នៃ​ប្រទេស​កម្ពុជា នោះ​ឡើយ។

បើ​តាម​ការ​អះអាង​ពី​សាក្សី​ឈ្មោះ ស៊ុំ សក្តិ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ថៃ​ ធ្វើការ​នៅ​កន្លែង​ជាមួយ​គ្នា ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ជនរងគ្រោះ​កំពុង​អង្គុយ​ធ្វើការ​ជា​ធម្មតា​ ឯ​ខ្លួន​ក៏​នៅ​ធ្វើ​ការ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ដែរ។ ភ្លាម​នោះ​ក៏​ស្រាប់តែ​ឮ​ដូចជា​សំឡេង​គេ​វ៉ៃ​មនុស្ស លុះ​ពេល​ក្រឡេក​មើលទៅ​ម្តងទៀត គឺ​ឃើញ​ជនរងគ្រោះ​ដួល​ដេក​ទៅលើ​ធរណី ពោរពេញ​ដោយ​ឈាម​ទៅហើយ ដោយនៅ​ពីក្រោយ​ខ្នង​ឃើញ​ឈ្មោះ ផេ​ក លៀប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​ក្មួយ កំពុង​ឈរ​កាន់ដំបង​ឈើ​ជ្រុង​វាយ​បន្ថែមទៀត ទើប​ខ្លួន​បាន​លោត​ទៅ​ស្រែ​ឃាត់ ហើយ​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់​តែម្តង។

ដោយឡែក​អ្នកស្រី ថុ​ន​ឌី សកល អាយុ​៣៧​ឆ្នាំ ជា​ថៅកែ​នៅ​កន្លែង​កើតហេតុ​នេះ​ បានលើកឡើង និង​សរសើរ​ថា ជនសង្ស័យ​ខាងលើ គេ​គឺជា​មនុស្ស​រាបសា​ណាស់​ ដោយ​មិនដែល​ចេះ​កោងកាច​ដាក់​អ្នកណាម្នាក់​ឡើយ ដោយ​គ្រាន់តែ​កន្លងមក គេ​ធ្លាប់​មាន​រោគ​សរសៃ​ប្រសាទ ហើយ​សង្ស័យ​ថា អាច​ខាន​លេបថ្នាំ​យូរ​ពេក ​ទើប​រោគសញ្ញា​នេះ​រើ​ឡើងវិញ។

នៅក្នុង​ពេលនោះ ក្រុម​តម្រួត​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ឈុន​បុរី​ ព្រមទាំង​បាន​ជួយ​ធ្វើ​ចលនា​បេះដូង​ផង ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​មិន​ទាន់​បាន​ទៅដល់​មន្ទីរពេទ្យ​ផង។ ឯ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ តាម​ប្រមាញ់​នឹង​ចាប់​ខ្លួន​បាន​នៅ​ត្រង់​ចំណុច​ឃុំ​បាង​ប្ល៉ាសយ ក្នុងស្រុក​មឿង ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu