Ad Code

ជិះ​ម៉ូតូ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ, ​ចោរ​ធាក់​ផ្ដួល​​​ប្លន់​យក​ម៉ូតូ​​​​​បាន​សម្រេច



ភ្នំពេញ ​៖​ ម៉ូតូ​ម៉ាក​និច​មួយ​គ្រឿង ត្រូវ​បាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ជិត​១០​នាក់​ ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ខណៈ​ម្ចាស់​ម៉ូតូ​ជិះ​ម៉ូតូ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ ហើយ​គាប់​ជួន ក្រុម​ជនសង្ស័យ​មកដល់​ក៏បាន​ធាក់​ផ្តួល​គំរាម​ប្លន់​យក​ម៉ូតូ​តែម្តង​។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្នុង​អំពើ​ប្លន់​នេះ​ មិនមាន​គ្រោះថ្នាក់​នោះទេ​។​

អំពើ​វាយ​ប្លន់​យក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​យប់ ថ្ងៃអាទិត្យ ៥​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី​នៅ​តាម​បណ្តោយ​ផ្លូវ​៣១៣ ក្បែរ​ហាង Street Food ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ក្រុម​ចោរ​៨​នាក់ ប្រើប្រាស់​ដាវ​ដេញ​កាប់​ជនរងគ្រោះ​ឲ្យ​ភ័យ​រត់ចោល​ម៉ូតូ ហើយ​ឆ្លៀតឱកាស​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន។

បើតាម​ជនរងគ្រោះ​បញ្ជាក់ថា គាត់​មានឈ្មោះ យ៉េន មុំ អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន ស្ទូច​បង្កង ស្នាក់នៅ​កន្លែងធ្វើការ​។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ក្រុមចោរប្លន់​យកទៅ​នោះ ម៉ាក Suzuki Nex ពណ៌​ស​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1GX-3357​។

ជនរងគ្រោះ​បន្ត​អោយដឹងទៀតថា នៅ​មុនពេល​កើតហេតុ បន្ទាប់ពី​បិទ​ហាង​ហើយ​នោះ គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​នំប៉័ង​នៅ​ម្ដុំ​ផ្សារ​មាន់​អាំង​។ លុះ​ពេល​ជិះ​ត្រឡប់មកវិញ ពោលគឺ​ខណៈ​ជិះ​ម៉ូតូ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ​មក​ជិត​ដល់​កន្លែងធ្វើការ​ទៅហើយនោះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៨​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង មាន​ម៉ាក និ​ច និង​ម៉ាក ហុងដា​ឌ្រី​ម​សង់ សេ​១២៥ បាន​ជិះ​មកពី​ក្រោយ​ទន្ទឹមនឹង​ម៉ូតូ​គាត់ រួច​ពួកគេ​ធ្វើ​សកម្មភាព​ធាក់​ឲ្យ​ខ្លួន​ដួល​ម៉ូតូ​។ បន្ទាប់មក ក្រុម​ជនសង្ស័យ បាន​ដក​ដាវ​បម្រុង​ដេញ​កាប់​ប្រហារ​មកលើ​ខ្លួន ធ្វើ​ឲ្យ​ភ័យ​រត់ចោល​ម៉ូតូ ទើប​ពួកគេ​ឆ្លៀតឱកាស​លើក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​ដោយ​សុ​វត្ថិ​ភាព​។​

ជនរងគ្រោះ បញ្ជាក់​ថា ភ្លាមៗ​នោះ គាត់​បាន​ទូរស័ព្ទ​ហៅ​មិត្តភ័ក្ដិ​នៅ​ហាង ព្រោះ​ហាង និង​កន្លែង​កើតហេតុ​នៅ​ជិត​គ្នា ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ឲ្យ​គេ​យក​ម៉ូតូ​ជិះ​ដេញ​តាម​ក្រុម​ជនសង្ស័យ រហូតដល់​រង្វង់​មូល​កួច​កាណុង​-​ជ្រោយចង្វារ ទើប​បាត់ដាន​ជនសង្ស័យ ហើយក៏​នាំគ្នា​ត្រឡប់​ក្រោយ​ជិះ​ឌុប​គ្នា ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​បឹងកក់​ទី​២ ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា តាម​ចាប់​មក​ដាក់ទោស​ទៅតាម​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu