ព្រៃវែង ៖ បុរសវ័យ៣៦ឆ្នាំម្នាក់ ផឹកស្រាស្រវឹង ហើយចុះងូតទឹក បណ្ដាលលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ភ្ញាក់ផ្អើល កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចភូមិ និងឃុំអង្គរ ស្រុកពាមជរ៍ ខេត្តព្រៃវែងវេលាម៉ោង៨និង០០នាទី។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពាមជរ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨សមត្ថកិច្ច បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះឃុត ខនថា មានប្រជាពលរដ្ឋដែលជាជនរងគ្រោះឈ្មោះយ៉ា ហា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ស្រវឹងស្រា ហើយចុះងូតទឹកទន្លេ ក៏លង់បាត់ក្នុងទឹក។
ក្រោយមក សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុដើម្បីសួរនាំពីដំណើររឿង ហើយប្រជាពលរដ្ឋ និងក្រុមគ្រួសារនិយាយថា ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយចុះទៅងូតទឹកទន្លេ ក៏លង់បាត់តែម្តង។
លុះដល់ ព្រលប់ថ្ងៃដដែលវេលាម៉ោង១៩និង៥នាទី ទើបសាច់ញាតិប្រទះឃើញសព អណ្ដែត ហើយក៏បានស្រង់យកមកលើ។ ពេលនោះ សមត្ថកិច្ចបានចុះដល់ផ្ទះជនរងគ្រោះធ្វើការពិនិត្យលើសពជនរងគ្រោះឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ដោយមូលហេតុគឺជនរងគ្រោះផឹកស្រាស្រវឹង ហើយចុះងូតទឹកទំនងជាខ្យល់គរ ទើបលង់ស្លាប់បែបនេះ។ ក្រោយពីពិនិត្យ សពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments