Ad Code

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ ជំរុញ​ឲ្យ​យុវជន​កម្ពុជា​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ទំនើបៗ​បន្ថែម​ទៀត



ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ទាំងអស់​ត្រូវ​បង្កើន​ និង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាព​រីកចម្រើន សេដ្ឋកិច្ចជាតិ​ក៏ដូចជា​ពិភពលោក។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​លើក​ទី​១ ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​នៅ​ព្រឹក​ថ្ងៃទី​៤​មិថុនា លោក ពេ​ជ សោភ័ន​បាន​ជំរុញ​ឲ្យ​យុវជន​គួរតែ​សិក្សា​ទៅលើ​ជំនាញ​វិជ្ជាជីវៈ​មួយចំនួន​ដែល​ស្របទៅតាម​តម្រូវការ​របស់​ទីផ្សារ​បច្ចុប្បន្ន​ដូចជា​ជំនាញ​គ្រឿងយន្ត អគ្គិសនី អេឡិចត្រូនិក ជំនាញ​សំណង់​និង​វិស្វករ​ជាដើម​។​

លោក​បណ្ឌិត​ពេ​ជ សោភ័ន​បាន​ណែនាំ​ដល់​សិស្ស​និស្សិត​ និង​យុវជន​កម្ពុជា​ទាំងអស់​ទាំង​អ្នកមាន​ការងារ​ធ្វើ ​និង​អ្នក​ដែល​មិនទាន់មាន​ការងារ​ធ្វើ​ ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​ថ្មីៗ​និង​មាន​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

លោក​រដ្ឋលេខាធិការ​បា​ន​បន្ថែមថា ​«​ខ្ញុំ​គិតថា​ប្អូនៗ​ដែល​មិនទាន់មាន​ជំនាញ​ឬ​បោះបង់​សិក្សា​គួរតែ​ប្រញាប់ប្រញាល់​ទៅ​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រោះថា​នៅពេល​បាន​សិក្សា​ពេល​ចេញ​មកវិញ​ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ និង​មានការ​ងារ​ធ្វើ​។​ ចំពោះ​អ្នកមាន​ការងារ​ធ្វើ​ហើយ​ដូចជា​កម្មករ​សំណង់​គួរតែ​ឆ្លៀត​ពេលវេលា​រៀន​ជំនាញ​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​»​។​

ជាមួយគ្នានេះដែរ​លោ​ក​ប​ណ្ឌិ​ត​ពេ​ជ​ សោភ័ន​ បាន​ជំរុញ​ឲ្យ​មន្ត្រីរាជការ​បន្ត​ខិតខំ​បង្កើន​និង​អភិវឌ្ឍ​ជំនាញ​បន្ថែម​ដើម្បី​ដើរ​ឲ្យ​ទាន់​ភាព​រីកចម្រើន​​របស់​ប្រទេសជាតិ​ និង​ពិភពលោក​។​

លោក​បណ្ឌិត​បាន​បន្ថែម​ទៀតថា ​ដើម្បី​បំផុស​ឲ្យ​សិស្ស​និស្សិត​និង​យុវជន​ចាប់អារម្មណ៍​សិក្សា​លើ​ជំនាញ​វិជ្ជាជីវៈ​ទំនើបៗ​ទាំងនេះ​ក្រសួង​បានរៀបចំ​ធ្វើការ​ផ្លាស់ប្តូរ​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ផលិត​សិស្ស​និស្សិត​ឲ្យ​មានគុណភាព​ និង​សមត្ថភាព រៀបចំ​ពិព័រណ៍​ការងារ​ និង​វេទិកា​ការងារ​ផ្សេងៗ ​ដោយមាន​វាគ្មិន​ជំនាញ​ល្បីៗ​មក​ធ្វើ​បទ​បង្ហាញ​ដល់​យុវជន​សិស្ស​និស្សិត​បាន​យល់ដឹង​ក៏ដូចជា​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ ឬ​ឯកទេស​បន្ត​ការសិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​បន្ទាប់ពី​បញ្ចប់​ថ្នាក់​សាលា​ចំណេះ​ទូទៅ។
លោក​បណ្ឌិត​បានបញ្ជាក់​ថា ​ជាក់ស្តែង​គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០១៨ នេះ​ក្រសួង​បានធ្វើ​ការចុះ​ផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស​សាលា​ចំណេះ​ទូទៅ និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មួយចំនួនទៀត​បាន​ចំនួន​សរុប​ជិត​៥៨០០​នាក់​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន ៣៣​ ខណៈ​ឆ្នាំ​២០១៧​កន្លងទៅ​ផ្សព្វ​ផ្សាយបាន​ចំនួន​សរុប ៤៨ ៦៩៣​នាក់។

លោក​បណ្ឌិត ពេ​ជ សោភ័ន​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​យុវជន​យុវនារី​ចូលរួម​នៅក្នុង​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​ និង​បទពិសោធន៍​ថ្មីៗ​ស្ដីពី​គន្លឹះ​នៃ​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ឈាន​ទៅ​ចាប់​យក​អាជីព​នា​ពេល​អនាគត។

លោក​បណ្ឌិត​បាន​បន្តថា​ «​នៅ​ថ្ងៃ​១៦​ខែមិថុនា​ក្រោយនេះ ​យើង​នឹង​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​សូម​ឲ្យ​ក្មួយៗ​ទៅ​ចូលរួម​នៅ​កោះ​ពេជ្រ​ទាំងអស់គ្នា​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​ឈានទៅ​សម្រេច​បាន​ទិសដៅ​ប្រទេស​កម្ពុជា​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាងមុខ​»​។​

លោក​បណ្ឌិត​សង្ឃឹមថា​ក្មួយៗ​នឹងចូលរួម​ឲ្យ​បាន​ច្រើន​ទាំងអស់គ្នា​ព្រោះថា​អនាគត​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្មួយៗ​ទាំងអស់គ្នា​ហើយ​។ ​ដូចនេះ​ត្រូវ​ប្រឹងប្រែង​ទាំងអស់គ្នា។

ចំណែក​លោក ជាង សុខា នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន​ បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​គួរតែ​រៀបចំ​ជា​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ពិព័រណ៍​ និង វេទិកា​ការងារ​ឲ្យ​​ បាន​ច្រើន​ថែមទៀត​ដើម្បី​ឲ្យ​យុវជន​ទទួល​បាន​នូវ​ព័ត៌មាន​ស្តីពី​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ មុននឹង​សម្រេចចិត្ត​ចាប់​យក​ជំនាញ​អ្វីមួយ ​មុន​បន្ត​ទៅ​សិក្សា​នៅ​តាម​មហា​វិទ្យា​នានា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu