ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ(យករថយន្ត)កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌសែនសុខ ភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ៖១ឈ្មោះ ឈឹម ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ(ឃាត់ខ្លួន)។ ២.ឈ្មោះ ឈុំ រ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ(គេចខ្លួន)។
ជនរងគ្រោះមានឈ្មោះ ទូច ស័ក្កិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ។ សម្ភារៈបាត់បង់ ៖ ១.រថយន្តម៉ាកតូយ៉ូតាកាមរី(ឆ្លាម) ពណ៌ស ស៊េរី១៩៩៧ ពាក់ស្លាកលេខ ក្រចេះ២A.៨០១០ ចំនួន០១គ្រឿង(របស់ជនរងគ្រោះ)។
សម្ភារៈចាប់យក ៖ ១.រថយន្តម៉ាក់តូយ៉ូតាកាមរី(ឆ្លាម) ពណ៌ស ស៊េរី១៩៩៧ ពាក់ស្លាកលេខក្រចេះ២A.៨០១០ ចំនួន០១គ្រឿង(របស់ជនរងគ្រោះ)។ ២.ម៉ូតូម៉ាក់ហុងដាអាយខន ពណ៌ស បិទស្កុតពណ៌ត្រួយចេក ពាក់ស្លាកលេខឧត្តរមានជ័យ ១A.១២៦៣ ចំនួន០១គ្រឿង។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទូក ស័ក្កិ បានជិះរថយន្តម៉ាកដូចខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អេតវិនអ៊ិនធើប្រាយខូអិលធីឌី យកទុកនៅចំណុចកើតហេតុខាងលើ ដែលស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ លុះព្រឹកឡើងជនរងគ្រោះត្រឡប់មកធ្វើការវិញ ស្រាប់តែមិនឃើញរថយន្ត ក៏ស្រែកផ្អើលឆោឡោថា រថយន្តត្រូវចោលលួចបាត់។ លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ម៉ោងប្រហែល១៧និង៣០នាទី ជនរងគ្រោះ បានទទួលដំណឹងថា កម្លាំងប៉ុស្តិ៍ពន្សាំង បានធ្វើការឃាត់ជនសង្ស័យចំនួន០១នាក់ឈ្មោះ ឈឹម ចាន់រ៉ា ភេទប្រុស និងឃើញរថយន្តរបស់ខ្លួន ក៏បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ពីបទដូចខាងលើ ចាត់ការតាមច្បាប់។ បន្ទាប់ក៏មានចម្លើយសារភាពពីឈ្មោះ ឈឹម ចាន់រ៉ា ថា ខ្លួននឹងបងថ្លៃឈ្មោះ ឈុំ រ៉ា ភេទប្រុស ពិតជាបានប្រព្រឹត្តអំពើលួចដូចខាងលើ ពិតប្រាកដមែន ដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ខាងលើ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុក្នុងទឹកប្រភេទDaingnostic test ជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀន) ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឈុំ រ៉ា ភេទប្រុស អាយុ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ៖ ជនសង្ស័យចំនួន០១នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments