Ad Code

ការ​ហៅ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ជា​ព្រះរាជសារ​ក្លែងក្លាយ ​តាមច្បាប់​មាន​ទោស​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​១០​លាន​រៀល



ភ្នំពេញ ​៖​ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​លើក​ឡើង​ថា សម្រាប់​ទណ្ឌិត​សម រង្សី ដែល​បាន​ហៅ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ថា ជា​ព្រះរាជសារ​ក្លែងក្លាយ​នោះ បើ​តាម​ច្បាប់​ត្រូវ​មានទោស​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​១០​លាន​រៀល។

មាន​ប្រសាសន៍​លើកឡើង​បែបនេះ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ ខណៈ​សម្តេច​ បាន​អញ្ជើញ​ជា​អធិបតីភាព​សម្ពោធ​ឧបដ្ឋាន​សាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ចំការ​ខ្សាច់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ដែល​មាន​តម្លៃ​ជាង​៦០​ម៉ឺន​ដុល្លារ ដើម្បី​បម្រើ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា។



សម្ដេច​វិបុល​សេនា​ភក្តី បាន​មានប្រសាសន៍​បន្ត​ថា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជសារ​មួយ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សូម​អោយ​ទៅ​បោះឆ្នោត​អោយបាន​គ្រប់គ្នា ហើយ​ព្រះរាជសារ​មួយ​នេះ​ត្រូវ​ទណ្ឌិត​សម រង្សី បាន​ហៅ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​នេះ​ថា ជា​ព្រះរាជសារ​ក្លែងក្លាយ និង​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ ប្រទេស កុំអោយ​ទៅ​បោះឆ្នោត​ថែម​ទៀតផង​។ សម្តេច​បាន​បញ្ជាក់ថា ទង្វើ​​របស់​ទណ្ឌិត​សម រង្សី បែបនេះ បើតាម​ច្បាប់រដ្ឋធម្មនុញ្ញ ជា​ទង្វើ​បំពាន​ឬ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ដែល​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​បើ​យោង​តាម​មាត្រា​៤៣៧​នៃ​ក្រមព្រហ្មទណ្ឌ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​១០​លាន​រៀល។ ជាមួយ​នេះ​ដែរ ​ក្រុម​ដែល​ដាក់​ឈ្មោះ​ខ្លួនឯង​ថា ជា​គណៈកម្មាធិការ​ចំពោះ​កិច្ច របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ គេ​បាន​ប្រជុំ និង​បាន​ដាក់ចេញ​ជា​យុទ្ធសាស្ត្រ ដោយ​អោយ​ប្រជាជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​កុំ​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​។

សម្តេច​បាន​ហៅ​ទង្វើ​​បែបនេះ ជា​ទង្វើ​ ​ដែល​ផ្ទុយ​ពី​ធម្មនុញ្ញ ហើយ​បើតាម​ការ​គិត​ពិចារណា​និង​ការ​វាយ​តម្លៃ​របស់​សម្តេច​សាយ ឈុំ នេះ​វា​គ្រាន់តែ​ជា​ល្បិចកល ដើម្បី​លួង​ចិត្ត​ខ្លួនឯង មិនអាច​បោកប្រាស់​ប្រជាពលរដ្ឋ​យើង​នៅក្នុង​និង​ក្រៅប្រទេស​បានឡើយ​។​



សម្តេច​វិបុល​សេនា​ភក្តី បាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​អោយ​ទៅ​បោះឆ្នោតអោយ​បាន​គ្រប់គ្នា ដើម្បី​ទទួលបាន​ជោគវាសនា​យើង​ម្នាក់ៗ​និង​ជោគវាសនា​របស់​ប្រទេសជាតិ​របស់​យើង ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង​។ ពិសេស​ជ្រើសជ្រើស​បក្ស​ដែល​យើង​ស្រលាញ់​ពេញចិត្ត ជា​បក្ស​ដែល​មាន​បទពិសោធន៍​ដឹកនាំ​ប្រទេស មាន​សមត្ថភាព​ក្នុង​ការ​ការ​ពារ ឯកភាព​ជាតិ ការពារ​បូរណភាព​ទឹកដី ជា​បក្ស​ដែល​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅរក​ភាព​រីកចម្រើន ជឿនលឿន។

ពាក់ព័ន្ធ​នឹង​កម្មវិធី​សម្ពោធ​ខាងលើនេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អោយដឹងថា​ សមិទ្ធផល​នានា​ដែល​បាន​​សាង​សង់ និង​ជួសជុល​ជា​បន្តបន្ទាប់ ហើយ​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នេះ រួមមាន រោង​ភត្ត បូជនីយដ្ឋាន ព្រះពុទ្ធ​បដិមា​ស្ពាន់ ឆព្វណ្ណរង្សី រូបសំណាក​ព្រះបាទ​ជយ​វរ្ម័នទី​៧ កសាង​កុដិ​ថ្មី​១​ខ្នង ចាក់ដី​បំពេញ​ទីធ្លា​វត្ត ចាក់សាប បន្ទប់ទឹក រៀបចំ​សួនច្បារ បង្គោល​ភ្លើង ជីក​អណ្តូងទឹក​៣​កន្លែង ប្រព័ន្ធ​ទឹក​ប្រើប្រាស់​ក្នុង​វត្ត និង​កសាង​ឧបដ្ឋានសាលា សាលា​ពុទ្ធិកបឋមសិក្សា ដែលមាន​ទំហំ​បណ្តោយ ប្រវែង​៣០​ម៉ែត្រ ទទឹង​ប្រវែង​២២​ម៉ែត្រ កម្ពស់​២៤​ម៉ែត្រ ចាប់ផ្តើម​កសាង​ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ​២០១៤ និង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៣០​ខែឧសភា ឆ្នាំ​២០១៨​។​



សមិទ្ធផល​ទាំងអស់នេះ គឺ​បានកើត​ចេញពី​មនុញ្ញផល នៃ​ការអភិវឌ្ឍ​ជាតិ​មាតុភូមិ ដើម្បី​ទ្រទ្រង់​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា និង​ផ្តើមចេញពី​កម្លាំង​មហា​សាមគ្គី​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​៦០៣.១៩០​ដុល្លារ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu