ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៅតាមព្រំដែនទប់ស្កាត់ករណីរត់ពន្ធថ្នាំកសិកម្មខុសច្បាប់ ដើម្បីការពារបរិស្ថានក៏ដូចជាសុខុមាលភាពដល់ប្រជាកសិករ។
ការជំរុញនេះ បានធ្វើឡើង បន្ទាប់ពីមានថ្នាំកសិកម្មខុសច្បាប់ជាច្រើននៅតែបន្តលួចនាំចូលមកលក់នៅតាមទីផ្សារកម្ពុជា។ ជាក់ស្តែងនៅឆ្នាំ២០១៧កន្លងទៅនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ក្រាបថ្នាំកសិកម្មក្លែងក្លាយនេះ បានចំនួន៦៦ករណី និងពិន័យជាប្រាក់ចំនួន១១៣លានរៀលចូលរដ្ឋ។
លោក ចាន់ហេង អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ត្រីពាក់ព័ន្ធត្រូវចុះស្រាវជ្រាវ និងត្រួតពិនិត្យនៅតាមបណ្តាក្រុមហ៊ុននាំចូលនិងដេប៉ូចែកចាយថ្នាំកសិកម្មដើម្បីស្វែងរកថ្នាំកសិកម្មខុសច្បាប់ និងក្លែងក្លាយធ្វើការកម្ទេចចោលនិងដាក់ពិន័យទៅតាមច្បាប់។
ជាមួយគ្នានេះដែរលោកក៏បានណែនាំដល់មន្ទីរកសិកម្មរាជធានី ខេត្តត្រូវយកចិត្តទុកដាក់និងសហការជិតស្និទ្ធជាមួយមន្ត្រីពាក់ព័ន្ធនានាដើម្បីទប់ស្កាត់ និងបង្ក្រាបការនាំចូលថ្នាំកសិកម្មដោយខុសច្បាប់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពព្រោះថាក្រសួងមិនមានភ្នាក់ងារត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនទេ។
លើសពីនេះលោកបានជំរុញឲ្យមន្ទីរកសិកម្មបង្កើនការផ្សព្វផ្សាយស្តីពីការប្រើប្រាស់ថ្នាំកសិកម្មនេះដល់ប្រជាកសិករឲ្យបានទូលំទូលាយផងដែរដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងការពារកុំឲ្យរងគ្រោះដោយសារថ្នាំកសិកម្មក្លែងក្លាយ។
លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ប្រាប់កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនាឲ្យដឹងដែរថា មន្ត្រីជំនាញតែងតែចុះត្រួតពិនិត្យនៅតាមដេប៉ូលក់ថ្នាំកសិកម្មនានាដើម្បីស្វែងរកថ្នាំខុសច្បាប់និងក្លែងក្លាយដែលនាំចូលដោយខុសច្បាប់មកលក់នៅលើទីផ្សារនៅប្រទេសកម្ពុជា ហើយក្នុងករណីរកឃើញថ្នាំក្លែងក្លាយ ក្រសួងនឹងធ្វើការពិន័យទៅតាមផ្លូវច្បាប់ ដោយពិន័យជាប្រាក់ចាប់ពី១លានរៀលដល់៥០លានរៀល។
លោកបានបន្តថា ក្នុងករណីនៅមិនរាងចាលទៀតនោះ ក្រសួងនឹងដាក់ពាក្យប្តឹងទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ ដោយសារថ្នាំកសិកម្មក្លែងក្លាយមានផលប៉ះពាល់ដល់បរិស្ថាន សុខភាពអ្នកប្រើប្រាស់ និងដំណាំពិសេសប៉ះពាល់ដល់ការនាំចេញផងដែរដោយសារតែវាមានផ្ទុកនូវសារធាតុពុលខ្ពស់ដែលប្រ ទេ សអ្នកបញ្ជាទិញហាមឃាត់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុននាំចូលថ្នាំកសិកម្មប្រមាណ១០០ក្រុមហ៊ុនដែលបានចុះបញ្ជិកាត្រឹមត្រូវនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៕
Source: Kampuchea Thmey Daily
0 Comments