មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតនៅថ្ងៃពុធលើការថ្កោលទោសអ៊ីស្រាអែលចំពោះការស្លាប់របស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ នេះគឺជាការបោះឆ្នោតនៅក្នុងសេចក្តីសម្រេចមួយដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយសហរដ្ឋអាមេរិកដែលចង់ឲ្យក្រុមហាម៉ាស់ត្រូវប្រឈមមុខនឹងការថ្កោលទោស។
ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Nikki Haley បានរិះគន់វិធានការដែលគាំទ្រដោយអារ៉ាប់មួយនេះថា “មិនមានតុល្យភាពជាមូលដ្ឋាន” សម្រាប់បរាជ័យរបស់ខ្លួនក្នុងការនិយាយអំពីក្រុមហាម៉ាស់ហើយបានស្នើឲ្យមានការកែប្រែមួយដែលថ្កោលទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
លោកស្រី Haley បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតជាមិត្តមុនថ្ងៃបោះឆ្នោតថា “សេចក្តីសម្រេចណាមួយដែលផ្តោតទៅលើការការពារជនស៊ីវិលនៅតំបន់ហ្គាហ្សាគឺត្រូវតែទទួលស្គាល់អំពីសកម្មភាពអស្ថិរភាពនិងភាពមិនប្រុងប្រយ័ត្នរបស់ក្រុមហាម៉ាស់ដែលបង្កគ្រោះថ្នាក់ដល់ជីវិតនិងជីវភាពរបស់ជនស៊ីវិលដែលគ្មានកំហុស”។
ជនជាតិប៉ាឡេស្ទីនយ៉ាងតិច១២៩នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលក្នុងអំឡុងបាតុកម្មនៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សាដែលបានចាប់ផ្តើមកាលពីចុងខែមីនា។
អត្ថបទដែលព្រាងដោយអារ៉ាប់មួយនេះគឺបានថ្កោលទោសការប្រើប្រាស់ “កម្លាំងហួសប្រមាណ មិនសមាមាត្រនិងមិនរើសមុខ” របស់អ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីនហើយបានអំពាវនាវឲ្យមានវិធានការការពារសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅហ្គាហ្សានិង West Bank ។
មហាសន្និបាតដែលមានប្រទេសចំនួន១៩៣នឹងបោះឆ្នោតជាលើកដំបូងលើវិសោធនកម្មព្រាងដោយសហរដ្ឋអាមេរិកដែលថ្កោលទោសក្រុមហាម៉ាស់ចំពោះ “ការញុះញង់អំពើហិង្សា” នៅតាមបណ្តោយព្រំដែនជាមួយតំបន់ហ្គាហ្សាមុនពេលបោះឆ្នោតលើសេចក្តីសម្រេចនោះ។
ក្រុមអ្នកការទូតរំពឹងថា វិសោធនកម្មរបស់សហរដ្ឋអាមេរិកនឹងបរាជ័យហើយសេចក្តីសម្រេចដែលគាំទ្រដោយអារ៉ាប់នឹងត្រូវបានអនុម័តប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើនឹងមានសំឡេងឆ្នោតប៉ុន្មានដែលនឹងទទួលបានដើម្បីប្រឈមនឹងការប្រឆាំងដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បណ្តាប្រទេសអារ៉ាប់ដែលគាំទ្រវិធានការនេះបានងាកទៅរកមហាសន្និបាត UN វិញបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រើសិទ្ធិវ៉េតូរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខដើម្បីរារាំងសេចក្តីសម្រេចនេះកាលពីថ្ងៃទី១ខែមិថុនា។
អត្ថបទនេះត្រូវបានដាក់ចេញដោយប្រទេសអាល់ហ្សេរីនិងទួរគីក្នុងនាមសម្ព័ន្ធអារ៉ាប់និងអង្គការកិច្ចសហប្រតិបត្តិការឥស្លាម៕ AFP
Source: Kampuchea Thmey Daily
0 Comments