ភ្នំពេញ ៖ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ ខណៈជំងឺនេះកំពុងយាយីដល់កុមារគួរឲ្យព្រួយបារម្ភ។
ការក្រើនរំលឹកនេះ បានធ្វើឡើង ខណៈរដូវវស្សាឆ្នាំនេះកម្ពុជាទទួលបានបរិមាណទឹកភ្លៀងជោកជាំតាំងពីដើមដៃមកនោះ បាន បង្កអោយមានទឹកដកស្ទើរគ្រប់ទីកន្លែងបង្កើតជាជម្រកមូសខ្លាជាច្រើន ដែលទាមទារឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហាជំងឺគ្រុនឈាម ខណៈជំងឺនេះកំពុងកើតឡើងជាច្រើននៅ តាមបណ្តាខេត្តមួយចំនួន ហើយក្រសួងកំពុងមានវិធានការ ដើម្បីការពារកុំអោយរីករាលដាល។
លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺគ្រុនឈាមភាគច្រើនតែងតែកើតមាននៅតាមខេត្តមួយចំនួនដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ បាត់ដំបងនិងខេត្តសៀមរាប ដោយសារតែខេត្តទាំងនេះសម្បូរប្រជាជនរស់នៅច្រើន។
ទោះជាយ៉ាងនេះក្តី លោកបានបន្តថា មកដល់ពេលនេះជំងឺគ្រុនឈាមមិនទាន់ចោទជាបញ្ហានៅឡើយទេ គឺអាចគ្រប់គ្រងបានដោយសារតែក្រសួងបានត្រៀមផែនការជាច្រើនទុកជាមុន ដូចជា បានណែនាំ ដល់ថ្នាក់ក្រោមជាតិឲ្យពង្រឹងក្នុងការអប់រំសុខភាពតាមសហគមន៍ ការបែងចែកថ្នាំអាប៊ែតនៅកន្លែងណាដែលប្រឈមខ្ពស់ ហើយកន្លែងណាភូមិណាដែលមានអ្នកជំងឺគ្រុនឈាមច្រើន ឈានទៅដល់ការបាញ់ថ្នាំទៀតផង។
លើសពីនេះទៀតលោកបានបន្ថែមទៀតថាថា ក្រសួងសុខាភិបាល បានត្រៀមសេរ៉ូមរហូតដល់ជិត៤ម៉ឺនប្លោក រួមទាំងសម្ភារៈសុខាភិបាលជាច្រើនទៀត សម្រាប់ព្យាបាលជួយសង្គ្រោះអ្នកជំងឺគ្រុនឈាមនៅតាមមន្ទីរពេទ្យរដ្ឋឬមណ្ឌលសុខភាព ហើយបានផ្តល់ថ្នាំអាប៊ែតមានរហូតដល់២៥០តោន ដើម្បីបែងចែកទៅដល់លំនៅដ្ឋាននានានៅទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត លាង រិទ្ធាបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់ក្នុងការសំអាតលំនៅដ្ឋានទាំងក្នុងផ្ទះ និងក្រៅផ្ទះ ធ្វើយ៉ាងណាឲ្យមានពន្លឺចេញចូលផ្ទះឲ្យបានគ្រប់គ្រាន់ ពិសេសកុំទុកក្មេងតូចៗនៅកន្លែងងងឹត ហើយត្រូវគេងនៅក្នុងមុងជានិច្ច ខណៈដែលមូសខ្លាបានកើតឡើងច្រើននៅក្នុងរដូវវស្សានេះ។ ជាមួយគ្នាត្រូវប្រមូលសំបកកំប៉ុង សំបកកង់ឡាន ម៉ូតូដែលមិនប្រើប្រាស់ ឬវត្ថុដែលដក់ទឹកយកទៅកប់ចោល ព្រោះវាជាជំរកមូលខ្លា ដូច្នេះការអនុវត្តដូចនេះនឹងជួយកាត់បន្ថយ កុំអោយកកើតមូសខ្លាកាន់តែច្រើនទៀត។
បន្ថែមពីនេះទៀតក្នុងករណីកុមារក្តៅខ្លួនលើសពី២៤ម៉ោងត្រូវរួសរាន់ទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពរដ្ឋដែលមានកៀកបំផុត ជៀសការប្រើប្រាស់ថ្នាំអាស្ពេរីនឬថ្នាំផ្សេងទៀត ដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ដើម្បីអាចជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៨រហូតមកដល់នេះ កម្ពុជាមានករណីជំងឺគ្រុនឈាមកើតឡើងរហូតដល់ជាង២០០០ករណី ក្នុងនោះមានកុមារចំនួន៥នាក់បានស្លាប់ ដោយសារការទៅព្យាបាលមិនទាន់ពេលវេលា ឬទៅព្យាបាលនៅមន្ទីរពេទ្យឯកជនដែលមិនមានជំនាញ៕
Source: Kampuchea Thmey Daily
0 Comments