កាលពីថ្ងៃអង្គារ បព្វជិតជាតិនិយម Moqtada Sadr បានប្រកាសពីសម្ព័ន្ធភាពនយោបាយដ៏ភ្ញាក់ផ្អើលមួយជាមួយលោក Hadi al-Ameri ដែលគាំទ្រអ៊ីរ៉ង់ក្នុងគោលបំណងដើម្បីដឹកនាំប្រទេសអ៊ីរ៉ាក់នៅរយៈពេល៤ឆ្នាំខាងមុខនេះ។
ប្លុកទាំងពីរបានឈ្នះតំណែងលេខ១និងលេខ២នៅក្នុងការបោះឆ្នោតសភាថ្ងៃទី១២ខែឧសភា។
ការប្រកាសរបស់លោក Sadr គឺមិនត្រូវបានរំពឹងទុកពីសំណាក់អ្នកនយោបាយភាគច្រើននោះទេខណៈដែលគាត់បានលើកឡើងថា គាត់គ្មានឆន្ទៈធ្វើការជាមួយលោក Ameri និងប្លុកនៃអតីតអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់របស់គាត់ឡើយ។
ប៉ុន្តែនៅឯសន្និសីទសារព័ត៌មានរួមមួយជាមួយលោក Ameri ក្នុងទីក្រុងដ៏ពិសិដ្ឋរបស់និកាយស៊ីអ៊ីត Najaf, លោក Sadr បានសរសើរដល់ការបង្កើតនៃ “សម្ព័ន្ធភាពពិតប្រាកដមួយដើម្បីពន្លឿនការបង្កើតរដ្ឋាភិបាលជាតិឲ្យនៅឆ្ងាយពីការប្រកាន់យកភាពរឹងចចេស”។
ភាពច្របូកច្របល់បានវាយប្រហារប្រទេសអ៊ីរ៉ាក់ចាប់តាំងពីសម្ព័ន្ធភាពបោះឆ្នោតរបស់លោក Sadr ជាមួយពួកកុម្មុយនិស្តបានឈ្នះឆ្នោត។ កាលពីសប្តាហ៍មុន សភាអ៊ីរ៉ាក់បានបញ្ជាឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃហើយបានបណ្តេញគណៈកម្មាការដែលឃ្លាំមើលការបោះឆ្នោតចំពេលដែលមានការអះអាងពីការលួចបន្លំសន្លឹកឆ្នោត។
លោក Ameri ដែលក្រុមរបស់គាត់ដើរតួយ៉ាងសំខាន់ក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាមកាលពីឆ្នាំមុនបាននិយាយថា “នេះគឺជាការអំពាវនាវដល់អ្នកទាំងអស់ដែលយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិ។ យើងនឹងបង្កើតគណៈកម្មាធិការដើម្បីពិភាក្សាគ្រប់មធ្យោបាយដើម្បីពន្លឿនការរៀបចំសេចក្តីព្រាងកម្មវិធីរបស់រដ្ឋាភិបាលមួយ”។
លោក Sadr ដែលជាអតីតមេដឹកនាំកងជីវពលដែលដឹកនាំការបះបោរចំនួនពីរប្រឆាំងនឹងការឈ្លានពានដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់គឺបានអំពាវនាវឲ្យប្រទេសរបស់លោកកាន់តែមានឯករាជ្យពីអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។
តាមរយៈការបង្កើតសម្ព័ន្ធភាពជាមួយលោក Ameri, ទង្វើរបស់លោក Sadr បានបោះជំហានកាន់តែជិតក្នុងការទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតបានសំឡេងភាគច្រើននៅក្នុងសភាដែលមានអាសនៈ៣២៩៕ AFP
Source: Kampuchea Thmey Daily
0 Comments