Ad Code

ក្រសួង​ការងារ​ នឹង​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារពលកម្ម



ភ្នំពេញ ​៖​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ​នា​ពេល​ខាងមុខនេះ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារពលកម្ម​ជំនាញ ថ្នាក់ជាតិ​និង​អន្តរជាតិ​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ដើម​សប្តាហ៍​នេះ​នៅ​ទីស្ដីការក្រសួង លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គោលនយោបាយ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​ដែល គោលនយោបាយ​នេះ​ផ្តល់នូវ​ក្របខ័ណ្ឌ​សម្រាប់​ការអភិវឌ្ឍ​​រយៈពេល​វែង​នៃ​វិស័យ TVET នៅក្នុង​ប្រទេស ដើម្បី​ធានា​នូវ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារពលកម្ម​ជំនាញ ថ្នាក់ជាតិ​និង​អន្តរជាតិ ។​

លោក​បណ្ឌិត​បាន​បន្តទៀត​ថា យុទ្ធសាស្ត្រ​គន្លឹះ​ក្នុងការ​អនុវត្ត​គោលនយោបាយ គឺ​ការចូលរួម​យ៉ាងសកម្ម​របស់​វិស័យ​ឯកជន​ជាពិសេស​ឧស្សាហកម្ម តាមរយៈ​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ​(SSCs)​។ ផ្អែកលើ​បទពិសោធន៍ និង​ការអនុវត្ត​របស់​បណ្តា​ប្រទេស​ផ្សេងៗ SSCs គឺជា​វេទិកា​សម្រាប់​កំណត់​នូវ​តម្រូវ​ការ​ជំនាញរបស់​វិស័យ​នីមួយៗ និង​ផ្តល់​ឱកាស​ដល់​សមាជិក​របស់​ខ្លួន​ក្នុង​ការចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការអភិវឌ្ឍន៍ និង​ការអនុវត្ត​គោលនយោបាយ និង​កម្មវិធី​យ៉ាង​ច្បាស់​លាស់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជំនាញ​របស់​ពួកគេ​។

លោក​បណ្ឌិត​បាន​បន្ថែម​ទៀតថា ​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ នឹង​ជា​ដៃគូ​​ក្នុងការ​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​ជំនាញ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​នឹង​ជួយ​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន​ហើយ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដោយសារ​ជា​គំនិត​នេះ​សម្រាប់​បរិបទ​កម្ពុជា​។​

លោក​បាន​បញ្ជាក់ថា បន្ទាប់ពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ នឹងមាន​ចេញ​នូវ​ប្រកាស​មួយ​ក្នុងការ​បង្កើត ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ ដែលមាន​រាយ​នាម​សមាជិក​ចាប់ផ្តើម​ដំណើរការ ហើយក៏​បើកចំហ​ទទួល​សមាជិក​បន្ថែម ដើម្បី​ធ្វើឲ្យ SSC ក្លាយជា​តំណាង​តាម​វិស័យ​យ៉ាងរឹងមាំ​។ បន្ទាប់ពី​មាន​ប្រកា​សរួច នឹងមាន​ការប្រជុំ​រៀប​ចំ​ផែនការកម្ម​ភាព​ដែលមាន ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​រដ្ឋបាល​ពី​គណៈកម្មការ SSC ដែលមាន​តំណាង​មកពី MLVT និង CAMFEBA ។
​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​ថ្មី​នៃ​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​រដ្ឋ​(PPP) ដែលមាន​អត្ថប្រយោជន៍​ទៅវិញទៅមក​នៅក្នុង​ការ​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​តាមរយៈ​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ​ក្នុងការ​គាំទ្រ​គោលនយោបាយ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​យើង​រំពឹងថា​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​មាន​លក្ខណៈ​ប្រកួតប្រជែង និង​រីកចម្រើន​។​

លោក​បណ្ឌិត​ពេ​ជ​សោភ័ន​មាន​ជំនឿ​ជឿជាក់ថា ​« យើង​អាច​នឹងមាន​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ប្រឈម ខណៈដែល​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ធ្វើការ​ជាមួយគ្នា​»។

ចំណែក​លោក វ៉ាន់ សូ​អៀង ជា​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា តំណាង​ឲ្យ​សមាគម​ឧស្សាហកម្ម និង​សហគ្រាស នៅក្នុង​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​« យើង​ពិតជា​រីករាយ​បាន CAMFEBA ជា​ដៃគូ​របស់​យើង​ក្នុង​ការងារ​នេះ​។ តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​យើង​ត្រូវ​បានកំណត់​នៅក្នុង​អនុស្សរណៈ​យោគយល់​នេះ​»​។

លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា ដំបូង​យើង​នឹង​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ ក្នុង​វិស័យ​ចំនួន ៤ គឺ​មេកា​និក​រថយន្ត សំណង់ ការងារ អគ្គិសនី និង​កម្មន្តសាល ដែល​បច្ចុប្បន្ន​មាន​មូលនិធិ​គាំទ្រ​ដោយ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVETSDP)​។ យើង​នឹង​ពិចារណា​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ​សម្រាប់​វិស័យ​ផ្សេងៗ​ទៀត​នៅពេល​ក្រោយ ជាពិសេស​អាស្រ័យ​លើ​យោបល់​របស់ CAMFEBA៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu